កីឡាជាតិ
ជាតិ
ក្រុមជើងឯកពានសម្ដេច ស ខេង​ លើកទី៣ បានកៅអីលីគបាល់ទះកម្ពុជា ស្វ័យប្រវត្តិ
08, Nov 2023 , 11:27 am        
រូបភាព
ពិធីចាប់ពូល ពានរង្វាន់សម្ដេច ស ខេង លើកទី៣ រូបពីសហព័ន្ធកីឡាបាល់ទះកម្ពុជា
ពិធីចាប់ពូល ពានរង្វាន់សម្ដេច ស ខេង លើកទី៣ រូបពីសហព័ន្ធកីឡាបាល់ទះកម្ពុជា
លោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ជ័យលាភីលេខ១ នៃពានរង្វាន់កីឡាបាល់ទះសម្ដេច ស ខេង ឆ្នាំ២០២៣ នឹងមានកៅអីស្វ័យប្រវត្តិក្នុងលីគបាល់ទះកម្ពុជា។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា ចំណាត់ថ្នាក់លេខមួយ ទទួល ៥០លានរៀល លេខពីរ ២០លានរៀល និងលេខ៣ ១០លានរៀល។ សហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុក នេះជាឱកាស សម្រាប់សហព័ន្ធក្នុងជ្រើសរើស កីឡាករជំនាន់ក្រោយ ដើម្បីស្នងជំនាន់មុន។


ក្នុងពិធីចាប់ឆ្នោតរើសពូលពានសម្តេច ស ខេង នៅថ្ងៃទី៥ ខែវិច្ឆិកា លោក អាំង សេរីពិសិដ្ឋ លើកឡើងថា វិស័យកីឡាបាល់ទះ មានការរីកចម្រើនខ្លាំង ដោយមានកំណើន នៃក្លិបតាមបណ្ដាលរាជ-ធានីខេត្ត កើនឡើង ជាពិសេសកំណើនក្លិប ចូលរួមប្រកួត ពានសម្ដេច ស ខេង លើកទី៣ ឆ្នាំ២០២៣ សរុបចំនួន ២៩ក្លិប។
 
«ការប្រកួតនេះ មាន ២៩ក្លិបចូលរួម មកពី ២៥រាជ-ធានីខេត្ត។ នេះ បង្ហាញថា វិស័យបាល់ទះរបស់យើង កាន់តែរីកចម្រើនទៅមុខ ដែលជាហេតុ ធ្វើឲ្យក្លិប កាន់តែកើនឡើងថែមទៀត។»។ អគ្គលេខាធិការកីឡាបាល់ទះរូបនេះបន្ថែម។
 
លោក អាំង សេរីពិសិដ្ឋ ក៏បញ្ជាក់ថា ម្ចាស់ជ័យលាភីលេខមួយ នឹងទទួលបាន ៥០លានរៀន, ជ័យលាភីលេខពីរ ២០លានរៀល និងជ័យលាភីលេខបី ១០លានរៀល។ ម្ចាស់ពានរង្វាន់នេះ ក៏នឹងត្រូវជាប់ដោយស្វ័យប្រវត្តិ ក្នុងកូតាក្រុមប្រកួត ក្នុងលីគបាល់ទះកម្ពុជាផងដែរ។ យ៉ាងណាក៏ដោយ លីគបាល់ទះកម្ពុជា នៅមិនទាន់ប្រកាសជាផ្លូវការថានឹងដំណើរការពេលណាឡើយ។
ពានសម្តេច ស ខេង ជាឱកាសសម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចជ្រើសកីឡាករ ដែលមានធនធាន និងទេពកោសល្យល្អ ចូលរួមក្រុមជម្រើសជាតិ ដើម្បីហ្វឹកហាត់ និងបន្ដវេនពីកីឡាករជំនាន់មុន។
 
«យើង អាចចាត់ទុកថាពានរង្វាន់នេះ គឺជាលំដាប់ធំនៅ កម្ពុជា ដូចជាពានថ្នាក់ជាតិ ដែរ។ ២៥រាជធានីខេត្ត មានមុខនៅទីនេះ ទាំងអស់ ដូច្នេះជាឱកាស សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការសម្លឹងមើលយុវជនបន្ដវេន ពីរៀមច្បង ដែលជាកីឡាករជម្រើសជាតិ មានស្នារដៃ។ ប៉ុន្ដែវិស័យកីឡាមួយនេះ អាជីពរបស់គាត់ អាយុរបស់គាត់ មិនអាចថិតថេបានទេ ហើយត្រូវដល់ចំណុចមួយ គឺធ្លាក់ចុះហើយ។ សហព័ន្ធ ត្រូវការកីឡាករក្រោយៗ ដើម្បីជំនួស ឲ្យកីឡារបស់យើង រីកចម្រើនទៅមុខទៀត។»។ លោក អាំង សេរីពិសិដ្ឋ បាននិយាយដូច្នេះ។
 
២៩ ក្លិប ចួលរួមប្រកួត ក្នុងពានសម្ដេច ស ខេង លើកទី៣  ត្រូវបានចែកចេញជា ៨ពូល៖
 
ពូល A 
ក្លិបស្នងការដ្ឋាននគរបាលខេត្តព្រៃវែង, ក្លិបសេកុង, ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងក្លិបលោកតាឌីខេត្តព្រះវិហា។
ពូល B
បញ្ជាការដ្ឋានកងអង្គរក្ស, ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, សមាគមបាល់ទះវិសាខា U18 និង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ពូល C
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន, ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ, រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមបាល់ទះក្រសួងមហាផ្ទៃ។
 
ពូល D
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តកែប។
ពូល E 
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, ស្នងការដ្ឋាននគរបាលខេត្តរតនគិរី, ស្នងការដ្ឋាននគរបាលខេត្តពោធ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ពូល F 
ក្លិបបាល់ទះអាចារ្យលាក់ ខេត្តកំពង់ធំ, ក្លិបបាល់ទះឬទ្ធិសែន ខេត្តកំពង់ឆ្នាំ, សមាគមបាល់ទះខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
 
ពូល G
ស្នងការដ្ឋាននគរបាលខេត្តខេត្តក្រចេះ, ក្លិបបាល់ទះខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តកោះកុង។
ពូល H 
ក្លិបបាល់ទះយុវជន បក្សីឆ្លងដែន, ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកំពត។
ការប្រកួតពានរង្វាន់សម្ដេច ស ខេង លើកទី៣ ឆ្នាំ២០២៣ នឹងត្រូវចាប់ផ្ដើមប្រកួតពីថ្ងៃទី៩-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕

Tag:
 បាល់ទះ
  ស ខេង
  អាំង សេរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com