កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៤០ឆ្នាំ Pepe ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេនៅ Champions League
08, Nov 2023 , 2:00 pm        
រូបភាព
ខ្សែការពារព័រទុយហ្កាល់ Pepe ក្លាយជាកីឡាករស៊ុតបញ្ចូលទីចាស់បំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ក្រោយតែតបាល់បញ្ចូលទីជួយ FC Porto ឈ្នះ Royal Antwerp ក្នុងវគ្គសន្សំពិន្ទុពូល H ។


Pepe ដែលមានវ័យ ៤០ឆ្នាំ និង ២៥៤ថ្ងៃ បានរកគ្រាប់បាល់បញ្ចូលទីទីពីរឱ្យ Porto នៅនាទី៩០+១ ក្នុងជ័យជម្នះ ២-០ លើក្រុម Royal Antwerp នៅថ្ងៃទី៧ ខែវិច្ឆិកា។ តាមរយៈគ្រាប់បាល់នេះ បានធ្វើឱ្យអតីតខ្សែការពារឆ្នើម Real Madrid ក្លាយជាកីឡាករដំបូងគេដែលមានអាយុលើស ៤០ឆ្នាំ អាចរកបានគ្រាប់បញ្ចូលទីក្នុងពានរង្វាន់កំពូលអឺរ៉ុប។
 
នេះមានន័យថា Pepe បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ របស់អតីតកីឡាករអ៊ីតាលី Francesco Totti ដែលស៊ុតបញ្ចូលទី ក្នុងវ័យចាស់បំផុតនៅអាយុ ៣៨ឆ្នាំ និង៥៩ថ្ងៃ។
 
ដោយឡែក អ្នកចាំទី Marco Ballotta ជាអ្នកចាំទីចាស់ជាងគេក្នុងក្របខណ្ឌ Champions League ក្នុងអាយុ ៤៣ឆ្នាំ និង២៥២ថ្ងៃ នៅពេលកីឡាករអ៊ីតាលីរូបនេះលេងឱ្យ Lazio ទល់នឹង Real Madrid កាលពីខែធ្នូ ឆ្នាំ២០០៧។
 
សម្រាប់ Pepe បើទោះមានវ័យជិត៤១ឆ្នាំទៅហើយក្តី ប៉ុន្តែរូបគេនៅតែមានឈ្មោះក្នុងក្រុជម្រើសជាតិព័រទុយហ្កាល់នៅឡើយ។ ខ្សែការពារដែលជោគជ័យខ្លាំងជាមួយ Real Madrid រូបនេះ ជាប់ជម្រើសជាតិតាំងពីឆ្នាំ២០០៧ ដោយបង្ហាញខ្លួនសរុប១៣៤ប្រកួត និងរកបាន៨គ្រាប់។
 
ខាងក្រោមនេះជាកីឡាករចាស់ជាងគេទាំង៨រូប ដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅ Champions League៖
 
- Pepe (FC Porto) ទល់ Royal Antwerp, ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ - វ័យ៤០ឆ្នាំ និង ២៥៤ថ្ងៃ
- Francesco Totti (Roma) ទល់ CSKA Moskva, ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ - អាយុ ៣៨ឆ្នាំ និង៥៩ថ្ងៃ
- Ryan Giggs (Manchester United) ទល់ Benfica, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១ - អាយុ៣៧ឆ្នាំ និង២៩០ថ្ងៃ
- Filippo Inzaghi (AC Milan) ទល់ Real Madrid, ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១០ - អាយុ៣៧ឆ្នាំ ៨៧ថ្ងៃ
- Javier Zanetti (Inter) ទល់ Tottenham Hotspur, ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១០- អាយុរ៣៧ឆ្នាំ និង៧២ថ្ងៃ
- Luka Modric (Real Madrid) ទល់ Celtic, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២- ៣៧ឆ្នាំ និង៥៤ថ្ងៃ
- Edin Dzeko (Inter) ទល់ AC Milan, ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ - អាយុ៣៧ឆ្នាំ និង៥៤ថ្ងៃ
- Olivier Giroud (AC Milan) ទល់ Paris St-Germain, ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣- អាយុ៣៧ឆ្នាំ និង៣៨ថ្ងៃ៕
 

Tag:
 Champions League
  Pepe
© រក្សាសិទ្ធិដោយ thmeythmey.com