កីឡាជាតិ
ជាតិ
Dave Leduc ជឿថា ទឹកដីអង្គរមានអានុភាព និងថាមពលអ្នកចម្បាំងខ្មែរ
08, Nov 2023 , 3:05 pm        
រូបភាព
Dave Leduc ទៅទស្សនាប្រាសាទអង្គរវត្ត
Dave Leduc ទៅទស្សនាប្រាសាទអង្គរវត្ត
កីឡាករ Dave Leduc បានចាត់ទុកខេត្តសៀមរាប ជាកន្លែងមានអនុភាពខ្លាំង ដោយរូបគេមានអារម្មណ៍ថា ទទួលបានថាមពល នៃអ្នកចម្បាំងខ្មែរបុរាណ។ ឆ្លៀតពេលដើរកម្សាន្តនៅទឹកដីអង្គរ កីឡាករ Lethwei មីយ៉ាន់ម៉ារូបនេះ  ក៏ហាត់សមប្រដាល់ទៀតផង។ នេះបើតាមហ្វឹកហាត់របស់ Dave Leduc ជាមួយគ្រូជិត១នាទី នៅមុខប្រាសាទបាយ័ន ដែលបានបង្ហោះ នៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៣។



បន្ទាប់ពីប្រកួតជាមួយ ព្រំ សំណាង ដោយលទ្ធផលស្មើគ្នា កាលពីថ្ងៃទី៥ វិច្ឆិកា នៅសង្វៀនសេនាគុនខ្មែរ Dave Leduc បានទៅទស្សនាប្រាសាទ នៅក្នុងតំបន់អង្គរ រយៈពេល ២ថ្ងៃ។ ទន្ទឹមជាមួយ ការទស្សនាប្រាសាទអង្គរវត្ត Dave Leduc បានឆ្លៀតពេលហ្វឹកហាត់ប្រដាល់ ជាមួយគ្រូបង្វឹកខ្លួន ។ តាមរយៈវីដេអូហ្វឹកហាត់នោះ កីឡាករ Lethwei មីយ៉ាន់ម៉ារូបនេះ បានភ្ជាប់ជាមួយសំណេរ ដែលបង្ហាញពីអារម្មណ៍ថា ខ្លួនដូចជាទទួលបានថាមពលអស្ចារ្យ ពីទឹកដីដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ។
 
«សៀមរាប​ជា​កន្លែង​ដ៏មានអនុភាពខ្លាំងណាស់។ លោកគ្រូ​ខ្ញុំ​ និង​ខ្ញុំ​ទទួល​បាន​ថាមពល​នៃ​អ្នក​ចម្បាំង​ខ្មែរ​បុរាណ។»។ អ្នកប្រដាល់មីយ៉ាន់ម៉ារូបនេះ បានរៀបរាប់ដូច្នេះ។
 


ពិតណាស់ នេះ គឺជាលើកដំបូង ដែលកីឡាកររូបនេះ បានមកកម្ពុជា ហើយក៏ជាលើកទី១ ដែលបានទស្សនាប្រាសាទអង្គរវត្ត។ ក្នុងការទស្សនាលើកដំបូង Dave Leduc បានដោះស្បែកជើងដើរជុំវិញប្រាសាទ។ អ្នកប្រដាល់រូបនេះ បានប្រាប់សារព័ត៌មាន Cambodianess ថា មូលហេតុ ដែលរូបគេដោះស្បែកជើង គឺដោយសារតែចង់ទទួលយកអារម្មណ៍ពីផ្ទៃនៃប្រាសាទផ្ទាល់ ដោយគិតថា ប្រាសាទអង្គរវត្តជាកន្លែង មានអនុភាព និងជាទឹកដីដ៏ពិសិដ្ឋរបស់កម្ពុជា។
 
«ខ្ញុំ គិតថា នេះ គឺជាកន្លែងមានអនុភាព ហើយជាកន្លែងបុរាណ ដែលមានប្រវត្តិសាស្ដ្រជាច្រើន ពាក់ព័ន្ធទៅនិងរឿងអ្នកប្រយុទ្ធ។ ខ្ញុំ បានឃើញនៅជញ្ជាំង នៃប្រាសាទ អក្សរចរិក ក្បាច់ប្រដាល់ ល្បុក្កតោ ហើយគុនខ្មែរ។ ខ្ញុំ ពិតជាមានអារម្មណ៍ទទួលបាន នៅកម្លាំងណាស់។ វា ពិតជាល្អណាស់ ដោយមានប្រវត្តិសាស្ដ្រជាច្រើន។ ខ្ញុំ ស្រឡាញ់អង្គរវត្ត។»។ Dave Leduc បាននិយាយដូច្នេះ។
 


ក្នុងបទសម្ភាសដដែលនេះ Dave បានប្រាប់ថាកម្ពុជា នឹងក្លាយជាប្រទេសមានសក្ដានុពល ដោយសារតែវិស័យទេសចរណ៍ សេដ្ឋកិច្ច និងអត្ដចរិករាក់ទាក់ និងចិត្តល្អ របស់ប្រជាជន។ ភ្ញៀវកិត្តិយសរូបនេះ បន្ថែមទៀតថា រូបគេ នឹងជួយផ្សព្វផ្សាយពីកម្ពុជា ទៅភ្ញៀវទេសចរអន្ដរជាតិ ឲ្យមកទស្សនាប្រាសាទបុរាណ និងតំបន់ទេសចរនានានៅកម្ពុជា ឲ្យបានច្រើនជាងនេះ។
កីឡាករប្រដាល់ Lethwei រូបនេះ បានប្រាប់ដូច្នេះ៖«ខ្ញុំ ឃើញសក្ដានុពលជាច្រើនរបស់កម្ពុជា។ ខ្ញុំ គិតថា ២-៣ឆ្នាំទៅមុខទៀត នាថ្ងៃអនាគត កម្ពុជា និងខ្លាំង ដោយយោងលើ សេដ្ឋកិច្ច វិស័យទេសចរណ៍ ហើយប្រជាជន ក៏ល្អ។ ខ្ញុំ ចង់ជួយកម្ពុជា ក្នុងការធ្វើដំណើរលើកនេះ ហើយនាំយកភ្ញៀវទេសចរណ៍ជាច្រើនមកកម្ពុជា។»៕

Tag:
 Dave Leduc
  ប្រដាល់
  Lethwei
© រក្សាសិទ្ធិដោយ thmeythmey.com