កីឡាជាតិ
ជាតិ
ស្រួង ភាវី ថាហៅឈ្មោះខ្លួន មិនរំភើបដូចហៅឈ្មោះកម្ពុជា លើឆាកទទួលជ័យលាភី Asia Special Award
08, Nov 2023 , 6:59 pm        
រូបភាព
កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ពិសេស Asia Special Award 2023 ដែល​រៀបចំ​ដោយ​ Asia Model Festival នៅថ្ងៃទី៥ ខែវិច្ឆិកា នៅខេត្ត Gyeonggi ​ប្រទេសកូរ៉េខាងត្បូង។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២រូបនេះ និយាយថា នៅពេលត្រូវបានអ្នករៀបចំកម្មវិធីហៅឈ្មោះខ្លួន មិនសូវជារំភើប ដូចគេហៅឈ្មោះប្រទេសកម្ពុជានោះនៅលើឆាកនោះទេ។


កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា អ្នកនាង ស្រួង ភាវី តែងតែបង្កើតកំណត់ត្រា និងសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួន យ៉ាងល្បីល្បាញ នៅប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាស្ដ្រីខ្មែរមួយរូប ដែលតែងឈ្នះការប្រកួតអន្ដរជាតិធំៗ លើកីឡាប៊ីយ៉ាការ៉ុម។ 
 
ដោយឡែក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាការិនីរូបនេះ បានឈ្នះពានរង្វាន់ Asia Special Award 2023 ដែលពាននេះចង់បង្ហាញភាពលេចធ្លោ និងជាបុគ្គលមានប្រជាប្រិយភាពតាមរយៈសកម្មភាពកីឡាក្នុងតំបន់អាស៊ី របស់កីឡាការិនីកម្ពុជា ស្រួង ភាវី។ ក្នុងការឡើងទទួលពាននេះ អ្នកនាង ស្រួង ភាវី បានបង្ហាញពីអារម្មណ៍មោទកភាពជាខ្លាំង ដោយប្រាប់ទៅក្នុងកម្មវិធីនោះថា៖«កូនស្រីកម្ពុជា ម្នាក់នេះ សង្ឃឹមថាពានរង្វាន់នេះ ជាប្រយោជន៍ដល់អ្នកទាំងអស់គ្នា ហើយក៏ជាមោទកភាព និងក្ដីសង្ឃឹមរបស់អ្នកទាំងអស់គ្នា។»។
 
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡាការិនីដដែលនេះ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅពេលលឺការប្រកាសឈ្មោះរបស់ខ្លួន ទទួលបានជ័យលាភី លើឆាកអន្ដរជាតិ គឺរំភើប ប៉ុន្ដែប្រសិនជាការប្រកាសឈ្មោះប្រទេសកម្ពុជា អ្នកនាង នឹងរំភើបខ្លាំងជាងនេះ ព្រោះមានន័យថា ប្រជាជនកម្ពុជា ទាំងអស់ បានឡើងលើវេទិការជាមួយខ្ញុំ ទទួលពានរង្វាន់។
 
«សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់​ រាល់​ពេល​ទទួល​បាន​ពាន​រង្វាន់​នៅ​ឆាក​អន្តរជាតិ​កន្លង​មក​ ពេល​គេ​ហៅ​ឈ្មោះ​ ស្រួង​ ភាវី​ ឡើងទៅលើ​វេទិកា​ ដើម្បីទទួល​ពានរង្វាន់​ អារម្មណ៍​នាង​ខ្ញុំ​គ្រាន់​តែ ​ឮ​ត្រឹមតែ​ដឹង​ថា​គេ​បាន​ហៅ​ខ្ញុំ​ហើយ​។ ប៉ុន្ដែ​នៅ​ពេល ​ឮ​គេ​ហៅ​ថា​ Cambodia Cambodia (កម្ពុជាៗ) ឡើង​ទៅ​លើ​វេទិកា​ អារម្មណ៍​របស់​ខ្ញុំ​ពិតជា​រំភើប​ប្រកបដោយ​សេចក្ដី​សោមនស្ស​រីករាយ​​ និង​មោទនភាព​ជា​ពន់ពេក​ ។ ព្រោះ​ថា​ស្រួង​ ភាវី​ មក​ពី​ប្រទេស​កម្ពុជា​សូម​អញ្ជើញ​ឡើង​ ​លើ​វេទិកា​ គឺ​ក្នុង​ចិត្ត​ខ្ញុំ​គិត​ថា​គេ​កំពុង​តែ​ហៅ​ប្រជាជន​កម្ពុជា​ទាំង​អស់ ​ឡើង​ទៅ​លើ​វេទិកា ​ដើម្បី​ទទួល​នូវ​កិត្តិយស​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​នៅ​ឆាក​អន្តរជាតិ​។»។ អ្នកនាង ស្រួង ភាវី បាននិយាយដូច្នេះ។
 
ក្នុងពិធីដដែលនេះ លោក ទ្រី តារាវុធ តារាម៉ូដែលកម្ពុជា ក៏បានឈ្នះពាន់រង្វាន់នេះ ដែរ។ តារាម៉ូដែលរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុក ថារូបលោក ពិតជាមានមោទកភាព ដែលជាកូនខ្មែររូប បានឈ្នះពានរង្វាន់នេះ៕

Tag:
 ស្រួង ភាវី
  ទ្រី តារាវុធ
  Asia Model Festival
© រក្សាសិទ្ធិដោយ thmeythmey.com