RFI
អន្តរជាតិ
វៀតណាមផ្ទុះប្រតិកម្មក្រោយឃើញគម្រោងសាងសង់សណ្ឋាគារ និងផ្ទះក្បែរឆ្នេរហាឡុង 
ទិដ្ឋភាពទូទៅនៃតំបន់ហាឡុង AFP
×![]()
ដោយ៖អៀង សុខម៉ិញ/RFI
សកម្មភាពមនុស្សក្បែរឆ្នេរសមុទ្ទហាឡុង ដែលជាបេតិភណ្ឌពិភពលោក បានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ គម្រោងសំណង់អាគារលំនៅឋាន សណ្ឋាគារ នៅជាប់ឆ្នេរហាឡុង កំពុងបំផុសឱ្យមានប្រតិកម្មយ៉ាងផុសផុល រហូតអាជ្ញាធរមូលដ្ឋានសម្រេចបើកអង្កេតនិងប្រកាសផ្អាកការដ្ឋានសិន។
គម្រោងសំណង់របស់ក្រុមហ៊ុនDo Gia Capital ដែលទទួលបានការអនុម័តនៅឆ្នាំ២០២១ ជាការដ្ឋានលើផ្ទៃដីសរុប៣៨ម៉ឺនម៉ែត្រការ៉េ (ធំប៉ុន៥៨តារាងបាល់ទាត់) ដោយគ្រោងសង់លំនៅដ្ឋានផងនិងសណ្ឋាគារផង។ តាមគម្រោង នៅពេលសាងសង់រួច ទីតាំងនេះនឹងក្លាយជាបុរីមានផ្ទះនិងវីឡា ចំនួន៤៥១ខ្នង និងសណ្ឋាគារកម្ពស់៧ជាន់ជាច្រើន ហើយមួយផ្នែកជាតំបន់សេវាកម្មនិងហាងទំនិញ។ នេះបើតាមព័ត៌មានចុះផ្សាយក្នុងទំព័រកាសែតTien Phong ដោយបញ្ជាក់ថាមណ្ឌលសាងសង់នេះស្ថិតនៅក្នុងតំបន់ទ្រនាប់នៃឆ្នេរសមុទ្ទហាឡុង ដែលបើតាមអង្គការយូនីស្កូ រនាំងបន្ថែមមួយជាន់ទៀតសម្រាប់ជួយការពារសម្បតិ្តជាបេតិកភ័ណ្ឌពិភពលោក។
ហេតុដូច្នេះហើយបានជាអតីតនាយករងដេប៉ាតឺម៉ង់បេតិកភ័ណ្ឌនៃក្រសួងវប្បធម៌វៀតណាម លោក Truong Quoc Binh បានប្រកាសបរិហារថាគម្រោងខាងលើនេះរំលោភយ៉ាងធ្ងន់ធ្ងរព្រំដែននៃឆ្នេរហាឡុង។ នៅក្នុងសារហ្វេសប៊ុកដែលមានអ្នកស៊ែរនិងអ្នកខំមិនរាប់សិបពាន់ដងនោះ ប្រវត្តិវិទូវៀតណាមដ៏ល្បីល្បាញលោក Xuan Dien បានចាត់ទុកគម្រោងរបស់ក្រុមហ៊ុនDo Gia ជាការគំរាមកំហែងបេតិកភ័ណ្ឌពិភពលោកដោយផ្ទាល់ និងមិនគួរណាបេតិកភ័ណ្ឌនេះក្លាយជាល្បែងកំសាន្តសម្រាប់អ្នកមានថ្មីសោះ។ “សមុទ្ទនិងឆ្នេរខ្សាច់ក្លាយជាអាជីវកម្ម កន្លែងល្អៗត្រូវបានលក់ដេញថ្លៃ គេសម្លាប់សត្វ សម្លាប់គ្រប់យ៉ាង” នេះជាសាររបស់អ្នកការពារបរិស្ថានTrang Nguyen។
ប្រឈមនឹងមុខនឹងប្រតិកម្មដ៏ផុសផុលលើបណ្តាញសង្គម អាជ្ញាធរខេត្តQuang Ninh បានចេញបញ្ជានៅថ្ងៃចន្ទទី៦វិច្ឆិកាម្សិលមិញ ឱ្យមានការសិក្សាត្រួតពិនិត្យគម្រោងសំណង់នេះឡើងវិញជាបន្ទាន់ មុនស្នើសុំឱ្យមានការផ្អាកសកម្មភាពសាងសង់។ ការសិក្សាអង្កេតតំបន់សាងសង់ត្រូវចាប់ផ្តើមនៅមុនថ្ងៃទី១០វិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរខេត្តដដែល។
ល្បីល្បាញលើពិភពលោក ចំពោះផ្ទាំងថ្មកំបោរផុសអណ្តែតលើផ្ទៃសមុទ្ទថ្លាយ៉ង់ និងជាទិសដៅទេសចរបរទេសដ៏ចម្បងរបស់វៀតណាម បានប្រមាណ៧លាននាក់កាលពីឆ្នាំទៅ ក្រុងហាឡុងបានលូតលាស់យ៉ាងលឿនរហ័ស មានឧទ្យានកំសាន្ត ខ្សែរ៉ត សណ្ឋាគារប្រណិតៗ និងលំនៅឋានថ្មីៗរាប់ម៉ឺនដុះរហង់ដូចផ្សិត តែធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូសាស្ត្រយ៉ាងខ្លាំង។ អ្នកការពារបរិស្ថានយល់ថា សកម្មភាពរបស់មនុស្សនេះបានធ្វើផ្កាថ្មក្នុងតំបន់ឆ្នេរហាឡុងដែលមានប្រមាណ២៣៤ប្រភេទបាត់បង់អស់ពាក់កណ្តាល។ សំរាមនិងប្លាសិ្ទកក៏ជាបញ្ហាចោទដ៏ធំធេងដែរ។ AFPមិនអាចទាក់ទងសុំចម្លើយប្រតិកម្មពីការិយាល័យយូនីស្កូនៅវៀតណាម និងក្រុមប្រឹក្សារដ្ឋបាលឆ្នេរហាឡុងបានទេនៅពេលនេះ។ បើតាមសារព័ត៌មានរដ្ឋ វៀតណាមមានគម្រោងសំណងគំរាមកំហែងតំបន់អភិរក្សជាច្រើនផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com