សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF បង្កើនការព្យាករសេដ្ឋកិច្ចចិនដល់៥,៤ភាគរយនៅឆ្នាំ២០២៣
08, Nov 2023 , 8:59 pm        
រូបភាព
អ្នកទេសចរដើរកម្សាន្តលើផ្លូវ Xiangdong ស្រុក Xinhua ខេត្ត Hunan ។ រូបភាព ៖ Xinhua
អ្នកទេសចរដើរកម្សាន្តលើផ្លូវ Xiangdong ស្រុក Xinhua ខេត្ត Hunan ។ រូបភាព ៖ Xinhua
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៧ ខែវិច្ឆិកា បានព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆ្នាំ២០២៣ ដល់៥,៤ភាគរយ ប៉ុន្តែបានព្រមានថានឹងធ្លាក់ចុះនៅឆ្នាំក្រោយ។

 
បើតាមសេចក្តីថ្លែងការរបស់ IMF កំណើនផលិតផលក្នុងស្រុកសរុបចិនអាចថយចុះមកនៅត្រឹម៤,៦ភាគរយនៅឆ្នាំ ២០២៤ ដោយសារតែភាពទន់ខ្សោយបន្តនៅក្នុងវិស័យអចលនទ្រព្យ និងកាត់បន្ថយតម្រូវការខាងក្រៅ ទោះបីជាល្អប្រសើរជាងការរំពឹងទុកជាងការព្យាករកាលពីខែតុលាដែលមានត្រឹម ៤,២ភាគរយភាគរយ។
 
ការពិនិត្យឡើងវិញរបស់ IMF ធ្វើឡើងបន្ទាប់ពីចិនបានសម្រេចបោះលក់មូលបត្របំណុល ១ទ្រីលានយ័ន (១៣៧ពាន់លានដុល្លារ) និងអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់ ចែកចាយកូតាសញ្ញាប័ណ្ណឆ្នាំ២០២៤ របស់ពួកគេ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់។ 
 
« ការព្យាករទាំងនេះឆ្លុះបញ្ចាំងពីការកែប្រែកើនឡើងនៃ ០,៤ភាគរយនៅក្នុងឆ្នាំ២០២៣  និង ២០២៤ ធៀបទៅនឹងការព្យាកររបស់ IMF កាលពីខែតុលា ដោយសារលទ្ធផលត្រីមាសទី៣ កើនខ្ពស់ជាងការរំពឹងទុក ក្រោយការប្រកាសគោលនយោបាយថ្មីៗ» ។ នេះបើតាមការលើកឡើងរបស់អគ្គនាយិការង IMF លោកស្រី Gita Gopinath ។ 
 
ចិនបានដាក់ចេញវិធានការជាច្រើនដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ ប៉ុន្តែត្រូវការជាចាំបាច់បន្ថែមទៀត ដើម្បីធានាបាននូវការងើបឡើងវិញលឿនជាងមុន និងកាត់បន្ថយការចំណាយសេដ្ឋកិច្ចក្នុងអំឡុងពេលអន្តរកាល។
 
បើតាមលោកស្រី Gita Gopinath កញ្ចប់គោលនយោបាយដ៏ទូលំទូលាយ គួររួមបញ្ចូលវិធានការដើម្បីពន្លឿនការកែតម្រូវតម្លៃលំនៅដ្ឋាន បែងចែកមូលនិធិបន្ថែមរបស់រដ្ឋាភិបាលកណ្តាលសម្រាប់ការបញ្ចប់គម្រោងលំនៅដ្ឋានដែលមិនទាន់រួចរាល់ និងជួយអ្នកអភិវឌ្ឍន៍ក្នុងការទូទាត់តារាងបំណុល ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារអចលនទ្រព្យខ្នាតតូចៗវិញ៕ 
 

Tag:
 ចិន
  IMF
  អចលនទ្រព្យ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com