ជាតិ
កម្មកររោងចក្រ ML ប្រមាណ៤០០នាក់ នៅប៉ោយប៉ែត តវ៉ារឿងបើកប្រាក់ខែយឺត
08, Nov 2023 , 4:50 pm        
រូបភាព
កម្មកររោងចក្រML តវ៉ានៅថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២៣។ រូបពី សង់ត្រាល់
កម្មកររោងចក្រML តវ៉ានៅថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២៣។ រូបពី សង់ត្រាល់
ភ្នំពេញ៖ កម្មករនៃរោងចក្រកាត់ដេរ ML នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ៤០០នាក់ បាននាំគ្នាចេញតវ៉ា នៅខាងមុនរោងចក្រ ដើម្បីឱ្យភាគីក្រុមហ៊ុនបើកប្រាក់ខែឱ្យទៀងទាត់។

 
លោក គីម តូនិច ជាសហជីពការពារសិទ្ធិកម្មករ ហើយក៏ជាកម្មករក្នុងរោងចក្រ ML បានឱ្យដឹងពីដើមចមដែលនាំឱ្យកម្មករប្រមាណ៤០០នាក់ចេញតវ៉ានៅថ្ងៃនេះ ដោយសារភាគីក្រុមហ៊ុនជាញឹកញាប់ បើកប្រាក់ខែយឺត។ លោកបន្តថា ការពន្យារពេលបើកប្រាក់ខែដល់កម្មករ បានប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាខ្វះខាតថវិកាសម្រាប់បង់ថ្លៃភ្លើង ទឹក និងបន្ទប់ជួល ជាពិសេសសម្រាប់ទិញអាហារប្រចាំថ្ងៃជាដើម។
 
កម្មករូបនេះ អះអាងទៀតថា ក្រុមហ៊ុនបានកាត់ប្រាក់រង្វាន់ប្រចាំខែ១០ដុល្លារក្នុងម្នាក់ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឱ្យកម្មករទាំងអស់មិនពេញចិត្តជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនក៏តែងតែងលើកថ្ងៃឈប់សម្រាកផងដែរ។។ ដូច្នេះ លោក តូនិច ថា ការនាំប្រមូលផ្ដុំគ្នាតវ៉ានេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ឱ្យទៀងទាត់ ហើយដោះស្រាយរឿងកាត់ប្រាក់រង្វាន់កម្មករ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៨វិច្ឆិកានេះ លោក តូនិច បានបញ្ជាក់ថា៖ «ការទាមទារនេះ អភិបាលរងក្រុងបានចេញសម្របសម្រួលហើយប្រាប់កម្មករថាភាគីក្រុមហ៊ុន ព្រមបើកលុយឱ្យល្ងាចនេះ លែងលើកថ្ងៃហើយ។ លោកសំណូមពរឱ្យកម្មករចូលធ្វើធម្មតាវិញ ប៉ុន្តែកម្មករអត់ព្រម ទាល់តែលុយចូលកុង(គណនីធនាគារប្រាក់ខែកម្មករ)សិន ទើបព្រមចូលធ្វើការ ហើយកម្មករក៏នាំគ្នាទៅផ្ទះរៀងខ្លួន»។ 
 
យ៉ាងណាកញ្ញា កេត រ៉េន បុគ្គលិកផ្នែករដ្ឋបាលនៃក្រុមហ៊ុន ML បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទវិញដែរ ដោយអះអាងថា ភាគីក្រុមហ៊ុនពិតជាយល់ព្រម បើកប្រាក់ខែឱ្យកម្មករ នៅពេលរសៀលថ្ងៃនេះ ពិតមែន។ ហើយភាគីក្រុមហ៊ុនបានស្នើសុំឱ្យកម្មករចូលបំពេញការងារវិញ ប៉ុន្តែមានកម្មករប្រមាណ២០ភាគរយប៉ុណ្ណោះ ដែលព្រមធ្វើការងារវិញនៅថ្ងៃនេះ ខណៈ៨០ភាគរយទៀត រង់ចាំមើលប្រាក់ចូលក្នុងគណនី។ 
 
ជាមួយគ្នាដែរ កញ្ញា កេត​ រ៉េន ពន្យល់ថា ការយឺតយ៉ាវបើកប្រាក់ខែដល់កម្មករ ក៏ដោយសារស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ហើយការបញ្ជាទិញក៏មានសភាពលំបាក។ មន្ត្រីផ្នែករដ្ឋនៃក្រុមហ៊ុន ML រូបនេះ បន្តទៀតថា កន្លងមកតំណាងកម្មករ និងប្រធានផ្នែក ក្នុងរោងចក្រ តែងជូនដំណឹងមុនដល់កម្មករគ្រប់ពេល ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ៕ 

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com