កីឡាជាតិ
ជាតិ
AFC Cup៖ ភ្នំពេញក្រោន ផ្ដោតយក៣ពិន្ទុបន្ថែម ពីម្ចាស់ផ្ទះ Macarthur FC
09, Nov 2023 , 9:09 am        
រូបភាព
ក្រុមភ្នំពេញក្រោន
ក្រុមភ្នំពេញក្រោន
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Macarthur FC ពានរង្វាន AFC Cup វគ្គចែកពូល F នៅកីឡដ្ឋា Campbelltown Sports ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី នៅថ្ងៃទី៩ ខែវិច្ឆិកា វេលាម៉ោង ៣:០០ រសៀល។ បើទោះចាត់ទុកក្រុម្ចាស់ផ្ទះមានប្រៀបក្តី ប៉ុន្តែ លោក Oleg Starynskyi គ្រូបង្វឹកក្លិបភ្នំពេញក្រោន ជំរុញទឹកចិត្តកូនក្រុមធ្វើយ៉ាងណាយកឱ្យបាន៣ពិន្ទុបន្ថែម ដើម្បីបានកៅអីទៅវគ្គបន្ទាប់។



ភ្នំពេញក្រោន ជាក្រុមតែមួយក្នុងពូល F ដែលឈ្នះ ៣ប្រកួតជាប់គ្នា ហើយមិនរបូតគ្រាប់បាល់។ ការប្រកួតជើងទីមួយ ជាមួយ Macarthur FC កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្លិបកម្ពុជាមួយនេះ បានយកឈ្នះ ៣-០។
 
គ្រូបង្វឹកភ្នំពេញក្រោន បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតថា ការប្រកួតនាថ្ងៃទី៩ ខែវិច្ឆិកា Macarthur FC គឺមានប្រៀបជាង ព្រោះជាការប្រកួតក្នុងដីរបស់ពួកគេ។ លោក Oleg Starynskyi  បាននិយាយថា ភ្នំពេញក្រោន ត្រូវការឈ្នះបន្ដទៀត ដើម្បីធានាបានថា នឹងឡើងទៅវគ្គជម្រុះ បន្ទាប់វគ្គចែកពូល។
  
ក្រុម Macarthur FC

បើទោះជាប្រកួតជើងទី១ នៅទឹកដីកម្ពុជា ភ្នំពេញក្រោន ឈ្នះ Macarthur FC ៣-០ ប៉ុន្ដែគ្រូបង្វឹករូបនេះ ប្រាប់ថា ក្រុមបានបង្កើតកំហុស នៃការលេងបន្ដិចបន្ដួច ហើយការខ្វះខាតទាំងនោះ គឺត្រូវបំពេញ តាមរយៈកែប្រែ និងអភិវឌ្ឍរបៀបលេង។
 
«ពិតណាស់ សម្រាប់យើង យើង ចង់ឡើងទៅវគ្គបន្ទាប់។ ការប្រកួត ច្បាស់ជាមានសារសំខាន់សម្រាប់ថ្ងៃស្អែក ដើម្បីទទួលបាន ៣ពិន្ទុ ដើម្បីឲ្យច្បាស់ថា យើង មានសង្ឃឹម ៩៩ភាគរយ ឡើងទៅវគ្គជម្រុះ។ ដូច្នេះ យើង មកទីដើម្បីទៅវគ្គបន្ទាប់។ បើទោះជាប្រកួតមុន យើងបង្កើតកំហុសខ្លះ ក្នុងការប្រកួត ប៉ុន្ដែយើង បានកែប្រែកំហុសទាំងនោះ។ បើទោះជាយើងឈ្នះ ៣ទល់និង ០ប៉ុន្ដែ យើង ក៏តាន់តឹង ហើយមិនងាយស្រួលទេ រហូតដល់ចប់ការប្រកួត យើង បានលទ្ធផលនេះ។ ខ្ញុំ គិតថា ស្អែក គឺជាការប្រកួតកាន់តែលំបាកសម្រា​ប់យើង ប៉ុន្ដែ មានភាពវិជ្ជមានច្រើន សម្រាប់ Macarthur FC។ ប៉ុន្ដែ យើង នឹងព្យាយាមរក្សា នៅជ័យជម្នះដដែល។ យើង ផ្ដោតលើការប្រកួតស្អែក។»។ លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
ដូចគ្នាទៅនិងការប្រាប់របស់គ្រូបង្វឹកភ្នំពេញក្រោន កីឡាករ អ៊ន ចាន់ប៉ូលីន បានបន្ថែមថា ការប្រកួតថ្ងៃស្អែក គឺខុសប្លែកពីការប្រកួតក្នុង ជើងទី១ ប៉ុន្ដែ កីឡាករភ្នំពេញក្រោន នឹងព្យាយាមយក ៣ពិន្ទុត្រឡប់មក ប្រទេសខ្លួនវិញ។
 
គួរបញ្ជាក់ថា ក្នុងពូល F ភ្នំពេញក្រោនឈរកំពូលតារាងមាន៩ពិន្ទុពេញ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងនោះ ឈ្នះ Dynamic Herb Cebu របស់ឥណ្ឌូណេស៊ី លទ្ធផល ៣-០, ឈ្នះ Shan United របស់មីយ៉ាន់ម៉ា លទ្ធផល ៤-០ និងឈ្នះ Macarthur FC ៣-០។ ចំពោះការប្រកួតនៅក្នុងទីក្រុងស៊ីដនី តើភ្នំពេញក្រោន អាចឈ្នះ Macarthu FC ម្ដងទៀតដែរឬទេ?

Tag:
 Oleg Starynskyi
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com