កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ខិតជិតបំបែកកំណត់ត្រារកបាន ៤០គ្រាប់ នៅ UCL ក្នុងការប្រកួតតិចជាងគេលើលោក
08, Nov 2023 , 5:39 pm        
រូបភាព
ទោះជារងរបួសកជើង ៣ថ្ងៃ មុនការប្រកួតក៏ដោយ តែខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញភាពភ្ញាក់ផ្អើល ដោយរកបាន២គ្រាប់ក្នុងប្រកួត ដែល Manchester City ឈ្នះ Young Boys ៣-០ នៅថ្ងៃទី៧ ខែវិច្ឆិកា កក់កោអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ ២គ្រាប់នេះ ធ្វើឱ្យ Haaland ខិតជិតនឹងបំបែកកំណត់ត្រាថ្មី ក្នុងនាមអ្នករកគ្រាប់ច្រើន ក្នុងការប្រកួតតិចបំផុត។



ដល់ពេលនេះ Haaland រកបានគ្រាប់បាល់ចំនួន ៣៩គ្រាប់ក្នុងពានរង្វាន់ UCL ពីការបង្ហាញខ្លួនចំនួន ៣៤ប្រកួត ចាប់តាំងពីរូបគេបានឈានជើងចូលលេងក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបចាប់តាំងពីគេលេងនៅក្លិប RB Salzburg, Borussia Dortmund និងចុងក្រោយក្រុម Man City។
 
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ កំពុងតែសម្លឹងរកមើលការបំបែកកំណត់ត្រាជាកីឡាករដែលរកបាន ៤០គ្រាប់ ពីការបង្ហាញខ្លួនតិចបំផុតនៅក្នុងពានរង្វាន់ UCL។ ម្ចាស់កំណត់ត្រាស៊ុត ៤០គ្រាប់ ក្នុងការបង្ហាញខ្លួនតិចបំផុតមកដល់បច្ចុប្បន្ន គឺជាលោក Ruud Van Nistelrooy ដែលលោកធ្វើបានកំណត់ត្រានេះ ពីការលេង ៤៥ប្រកួតក្នុង UCL។
 
Haaland ជាកីឡាកររកគ្រាប់បាល់ច្រើនក្នុងពានអឺរ៉ុប រដូវកាលមុន កីឡាករអន្តរជាតិន័រវែស ទើបតែត្រូវបានខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lionel Messi ប្រជែងឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៣។ 
 
យ៉ាងណាក្រោយចប់ការប្រកួត ទាក់ទង់ទៅនឹងសមត្ថភាពរបស់ Haaland លោក Pep Guardiola អ្នកចាត់ការប្រចាំក្រុមក៏បានលើកឡើងថាកីឡាករ ២៣ឆ្នាំ នឹងអាចជួយក្រុមឈ្នះពានរង្វាន់រដូវកាលនេះ ក៏ដូចជាពានរង្វាន់ឯកត្តជនធំៗបន្ថែមទៀតនៅឆ្នាំក្រោយ។
 
«ប្រសិនបើគេជាមួយនឹងមិត្តរួមក្រុមអាចឈ្នះពាន នោះវានឹងជាឱកាសសម្រាប់ការឈ្នះរបស់គេ ហើយប្រសិនបើគេមិនអាចឈ្នះបានទេ នោះគឺគេអត់ឈ្នះវាបានឡើយ។ ជាធម្មតា Erling តែងរកបានគ្រាប់បាល់ជាមួយនឹងសមត្ថភាពដ៏ខ្លាំងពូកែរបស់គេ នេះមិនមែនជាលើកដំបូងដែលគេធ្វើបាននោះទេ ហើយរូបគេតែងតែរកបានគ្រាប់បាល់ដ៏អស្ចារ្យជាច្រើន។»។ លោក Pep Guardiola បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
ក្រោយពីការប្រកួតអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ក៏បានបញ្ជាក់ទៀតថាលោក មានក្តីសង្ឃឹមថានឹងយកឈ្នះការប្រកួត ២ ដែលនៅសល់ក្នុងការប្រកួតពានរង្វាន់ UCL ដើម្បីឈ្នះកៅអីកំពូលតារាង សម្រាប់បន្តដំណើរទៅកាន់ការប្រកួតនៅវគ្គជម្រុះ ១៦ក្រុមចុងក្រោយ៕

Tag:
 Erling Haaland
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com