អន្តរជាតិ
អូស្ត្រាលី​​កត់ត្រាកម្រិត​ស្ងួត​បំផុត​ក្នុង​ខែ​តុលាចាប់​តាំង​ពី​ឆ្នាំ២០០២ ដោយសារបាតុភូត​ El Nino
09, Nov 2023 , 10:09 am        
រូបភាព
ការិយាល័យអាកាសធាតុជាតិអូស្ត្រាលីនាថ្ងៃទី៨ ខែវិច្ឆិកាបានលើកឡើងថា ខ្លួនបានកត់ត្រា ខែតុលាជាខែដែលស្ងួតបំផុតក្នុងរយៈពេលជាង២០ឆ្នាំដោយសារតែបាតុភូត El Nino។ បាតុភូតនេះបង្កជាលក្ខខណ្ឌក្តៅស្ងួតដែលប៉ះពាល់ដល់ទិន្នផលដំណាំស្រូវសាលី ដែលជាដំណាំនាំចេញដ៏ធំបំផុតមួយសម្រាប់ពិភពលោក។

 
នៅក្នុងរបាយការណ៍គ្រោះរាំងស្ងួតរបស់ខ្លួន ការិយាល័យឧតុនិយមអូស្ត្រាលីបង្ហាញថា ខែតុលាជាខែស្ងួតបំផុតចាប់តាំងពីឆ្នាំ២០០២ ជាមួយនឹងទឹកភ្លៀងត្រឹមតែ​៦៥ភាគរយ ទាបជាងមធ្យមភាគពីឆ្នាំ១៩៦១ដល់១៩៩០ថែមទៀត។ របាយការណ៍ដដែលបញ្ជាក់ថា គ្រប់ផ្នែកទាំងអស់នៃអូស្ត្រាលីលើកលែងតែរដ្ឋ Victoria ដែលមានភ្លៀងធ្លាក់ទាបជាងជាមធ្យម ខណៈរដ្ឋ អូស្ត្រាលីខាងលិចដែលជាតំបន់នាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុត មានកម្រិតស្ងួតបំផុត។
 
ជាមួយបាតុភូតនេះ ការប្រមូលផលស្រូវសាលីត្រូវរំពឹងនឹងធ្លាក់ចុះប្រហែល៣៥ភាគរយនៅ ឆ្នាំនេះ មកត្រឹមប្រហែល២៦លានតោន។
 
«តំបន់កង្វះទឹកភ្លៀងជាទូទៅបានពង្រីក និងកាន់តែធ្ងន់ធ្ងរនៅភាគនិរតីនៃរដ្ឋអូស្ត្រាលី ខាងលិច ភាគអាគ្នេយ៍ និងភាគខាងជើងនៃរដ្ឋ Queensland និងផ្នែកខ្លះនៃតំបន់ Top End នៅភាគខាងជើង។ កង្វះទឹកភ្លៀងបានធូរស្រាលនៅភាគខាងត្បូងរដ្ឋ Victoria និងភាគ ខាងកើតរដ្ឋ Tasmania»។ ឯកសារខាងលើបានបញ្ជាក់បែបនេះ។
 
ក្នុងការព្យាករសម្រាប់ពេលខាងមុខ ភ្លៀនឹងងធ្លាក់ពីក្រោមមធ្យម ភាគរហូតដល់យ៉ាងហោចណាស់ខែមករានៅភាគខាងជើង ខាងលិច និងភាគខាងត្បូង អូស្ត្រាលី៕

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com