ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រ៉ុង ឈុន ប្រកាសចេញពីបក្សភ្លើងទៀន ទៅចូលបក្សកម្លាំងជាតិ
09, Nov 2023 , 2:29 pm        
រូបភាព
លោក រ៉ុង ឈុន អតីតអនុប្រធានបក្សភ្លើងទៀន(អ្នកអង្គុយកណ្ដាល)។
លោក រ៉ុង ឈុន អតីតអនុប្រធានបក្សភ្លើងទៀន(អ្នកអង្គុយកណ្ដាល)។
ភ្នំពេញ៖ លោក រ៉ុង ឈុន  អនុប្រធានបក្សភ្លើងទៀន ប្រកាសលាឈប់ ហើយទៅចូលរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិវិញ។ ការចាកចេញនេះ លោកអះអាងថា មិនមែនជម្លោះផ្ទៃក្នុងឡើយ តែជាគោលដៅបន្តដំណើរប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៧-២០២៨។

 
ក្នុងសន្និសីទកាសែត ដែលរៀបចំឡើងនាទីស្នាក់ការសមាគមគ្រូបង្រៀនឯករាជ្យ ថ្ងៃទី៩វិច្ឆិកា លោក រ៉ុង ឈុន បានបញ្ជាក់ថា មូលហេតុនៃការចាកចេញនេះ ដោយសារបក្សភ្លើងទៀន ដែលជាបក្សមូលដ្ឋានអ្នកប្រជាធិបតេយ្យ មិនអាចចូលរួមបោះឆ្នោតនានា នៅពេលខាងមុខបាន ព្រោះតែបញ្ហាបាត់លិខិតចុះបញ្ជីបក្ស។ ដូច្នេះ ទើបលោកសម្រេចបន្តចរន្តនយោបាយ ហើយនាំគោលជំហរដើមនៃបក្សភ្លើងទៀន ទៅចូលរួមជាមួយបក្សកម្លាំជាតិខ្មែរ ដែលទើបបង្កើតថ្មី។ 
 
«ខ្ញុំមើលឃើញថា មានតែគណបក្សកម្លាំងជាតិមួយគត់​ ដែលមានទស្សននយោបាយ ឆន្ទៈ ព្រមទាំងគោលដៅ មានភាពច្បាប់លាស់ ជាអ្នកបន្តនិងរក្សាបាននូវស្មារតីដើមរបស់ គណបក្សភ្លើងទៀន ដោយពិតប្រាកដ និងឥតងាករេ»។ លោក រ៉ុង ឈុន លើកឡើងបែបនេះ ហើយអះអាងថា មិនមានជម្លោះផ្ទៃក្នុងបក្សភ្លើងទៀនឡើយ ជុំវិញដំណើរចាកចេញរបស់លោក។ 
 
ការចូលទៅបក្សកម្លាំងជាតិរបស់ លោក រ៉ុង ឈុន នេះ លោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទថា បក្សរីករាយទទួលស្វាគមន៍ចំពោះ លោក រ៉ុង ឈុន ។ ប្រធានបក្សកម្លាំងជាតិរូបនេះ នឹងរៀបចំប្រជុំសមាជមួយ នៅខេត្តកំពង់ធំ នាថ្ងៃទី១២ វិច្ឆិកា ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត លើសមាសភាពប្រធាន អនុប្រធាន ,គណៈកម្មការនាយក , គណៈកម្មការអចិ​ន្ត្រៃយ៍ និងទិសដៅរបស់គណបក្ស ដើម្បីត្រៀមខ្លួនបោះឆ្នោតឆ្នាំ២០២៧-២០២៨។ 
 
ទាក់ទិននឹងការបោះឆ្នោតនេះ លោក រ៉ុង ឈុន ក៏បានបញ្ជាក់ក្នុងសន្និសីទដែរថា គោលដៅចម្បង ដែលលោកឈានទៅចូលរួមជាមួយបក្សកម្លាំងជាតិ គឺដើម្បីការបោះឆ្នោតឆ្នាំ២០២៧-២០២៨៕ 

© រក្សាសិទ្ធិដោយ thmeythmey.com