អន្តរជាតិ
អតីតរដ្ឋមន្រ្តីវ័យក្មេងម៉ាឡេស៊ី Saddiq ត្រូវជាប់ពន្ធនាគារ៧ឆ្នាំនិងវាយ២រំពាត់ពីបទពុករលួយ
09, Nov 2023 , 2:49 pm        
រូបភាព
លោក Syed Saddiq Syed Abdul Rahman អតីតរដ្ឋមន្រ្តីកីឡា និងយុវជនម៉ាឡេស៊ី។
លោក Syed Saddiq Syed Abdul Rahman អតីតរដ្ឋមន្រ្តីកីឡា និងយុវជនម៉ាឡេស៊ី។
តុលាការម៉ាឡេស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា បានកាត់ទោសលោក Syed Saddiq Syed Abdul Rahman អតីតរដ្ឋមន្រ្តីកីឡា និងយុវជនឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់ជាង ២លានដុល្លារ ពីបទប្រព្រឹត្តអំពើពុករលួយ។

 
លោក Syed Saddiq Syed Abdul Rahman ជាអតីតរដ្ឋមន្រ្តីកីឡា​ និងយុវជននៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និងជាសមាជិកសភាចាប់តាំងពីឆ្នាំ២០១៨មក។ មិនតែប៉ុណ្ណោះ លោក Syed Saddiq ដែលមានវ័យ ៣០ឆ្នាំ ក៏ជាសមាជិកបក្សសម្ព័ន្ធប្រជាធិបតេយ្យបង្រួបបង្រួមម៉ាឡេស៊ី (MUDA) ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ផង។ 
 
អតីតរដ្ឋមន្រ្តីរូបនេះ ត្រូវបានតុលាការម៉ាឡេស៊ីកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ ២,១លានដុល្លារ ក្រោមបទចោទរំលោភទំនុកចិត្ត និងលាងលុយ។
 
«តុលាការបានសម្រេចថា ការការពាររបស់លោក Syed Saddiq មិនអាចលើកហេតុផលសមស្របបានឡើយ ហើយរដ្ឋអាជ្ញាម៉ាឡេស៊ី ទទួលជោគជ័យក្នុងការបង្ហាញករណីរបស់ខ្លួនប្រកបដោយហេតុផល»។ លោក Azhar Abdul Hamid ចៅក្រមដឹកនាំការកាត់ក្ដី បានបញ្ជាក់ប្រកាសបែបនេះក្នុងសវនាកានៅថ្ងៃទី៩ ខែវិច្ឆិកា។
 
ក្រៅពីទោសជាប់គុក តុលាការក៏កាត់ទោសវាយលោក Saddiq ពីររំពាត់ថែមទៀត។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក តុលាការ ក៏បានសម្រេចផងដែរក្នុងការព្យួរសេចក្តីសម្រេចរបស់ខ្លួនមួយរយៈសិន ដើម្បីឱ្យអតីតរដ្ឋមន្រ្តីកីឡារូបនេះ អាចដាក់បណ្តឹងឧទ្ធរណ៍។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។ លោក Saddiq ក៏អាចបន្តការងារសភាដែរ។
 
ជាការឆ្លើយតប លោក Syed Saddiq បានអះអាងថា លោកគោរពសេចក្តីសម្រេចរបស់តុលាការម៉ាឡេស៊ី ប៉ុន្តែលោកនឹងដាក់ពាក្យបណ្តឹងទៅឧទ្ធរណ៍ ដើម្បីស្តារកេរ្តិ៍ឈ្មោះឡើងវិញ។ 
 
«ខ្ញុំបានពិភាក្សាជាមួយមេធាវីរបស់ខ្ញុំរួចហើយ ហើយយើងមានពាក្យបណ្តឹងដ៏ល្អមួយសម្រាប់បណ្តឹងឧទ្ធរណ៍»។ លោក Syed Saddiq បានសង្កត់ធ្ងន់បែបនេះ។ ចំណែកមេធាវីរបស់លោក Syed Saddiq អាចដាក់បណ្តឹងឧទ្ធរណ៍នៅក្នុងថ្ងៃទី៩ ខែវិច្ឆិកាដដែល។ 
 
លោក Syed Saddiq ត្រូវបានចោទពាក់ព័ន្ធនឹងការជួយអតីតមន្រ្តីបក្ស Bersatu ក្នុងការគៃបន្លំលុយជាង២០ម៉ឺនដុល្លារសម្រាប់យុវជនរបស់បក្ស។ ការប្រព្រឹត្តបទល្មើសនេះ ត្រូវបានចោទថា បានកើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២០ ក្នុងពេលបក្ស Bersatu នៅកាន់អំណាច។ កាលនោះ ម៉ាឡេស៊ីស្ថិតក្រោមការដឹកនាំរបស់លោក Muhyiddin Yassin៕ 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com