កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រម្នាក់ ត្រូវហាមឃាត់ពីសកម្មភាពបាល់ទាត់ ៣ឆ្នាំ ដោយសាររើសអើងជាតិសាសន៍លើ Son
09, Nov 2023 , 3:39 pm        
រូបភាព
​អ្នកគាំទ្ររបស់ក្រុម Crystal Palace ម្នាក់ដែលធ្លាប់បានរើសអើងពូជសាសន៍លើកីឡាករខ្សែប្រយុទ្ធប្រធានក្រុម Heung-Min Son ដែលលេងឱ្យក្រុម Tottenham Hotspur ត្រូវបានហាមមឃាត់ពីសកម្មភាពទាក់ទងនឹងបាល់ទាត់ រយៈពេល ៣ឆ្នាំ។



រឿងហេតុនៃការរើសអើងពូជសាសន៍ បានកើតឡើងនៅក្នុងជំនួបរវាងក្រុម Spurs ដែលយកឈ្នះលើ Crystal Palace កាលពីឧសភា ដែលជាការប្រកួតក្របខណ្ឌ Premier League រដូវកាលចាស់។ Robert Garland មានវ័យ ៤៤ឆ្នាំ បានបង្ហាញអាកប្បកិរិយារើងអើង ទៅលើ Son ពេលរូបគេបានផ្លាស់ប្តូរចេញពីការប្រកួតនៅក្នុងនាទី៨៩។ 
 
បុរសសញ្ជាតិអង់គ្លេសដែលបង្ហាញការរើសអើងពូជសាសន៍លើកីឡាករកូរ៉េខាងត្បូង​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងពិន័យចំពោះការរើសអើង ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
 
បុរសវ័យ ៤៤ឆ្នាំ បានសារភាពកំហុសចំពោះការប្រើប្រាស់អាកប្បកិរិយា រើសអើងពូជសាសន៍ នៅក្នុងការកាត់ក្តីរបស់តុលាការអង់គ្លេស កាលពីដើមឆ្នាំ ២០២៣ ។ រូបគេក៏ត្រូវបានបង្គាប់ឱ្យអនុវត្តសេវាសហគមន៍ ប្រមាណ ៦០ម៉ោង និងពិន័យជាប្រាក់។
 
ទោះយ៉ាងណា ព្រះរាជអាជ្ញាបានជំរុញឱ្យមានដីកាហាមឃាត់បន្ថែមលើការកាត់ទោសលោក Garland ហើយតុលាក៏បានបន្ថែមទោស ដោយមិនឱ្យចូលរួមការប្រកួតកីឡាបាល់ទាត់រយៈពេល ៣ឆ្នាំ បន្ថែមពីលើទោសចាស់។ លើសពីនេះ រាល់ការប្រកួតអន្តរជាតិនានា របស់ក្រុមអង់គ្លេស ឬក៏ក្លិបនានា បុរសរូបនេះ មិនអាចចូលរួមគាំទ្របានឡើយ ដោយសារត្រូវបានដកហូតលិខិតឆ្លងដែន។
 
មួយវិញចំពោះបញ្ហានៃការរើសអើងនេះ Spurs ក៏បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ដោយដាស់តឿនដល់អ្នកគាំទ្រដទៃផ្សេងទៀត ឱ្យឈប់ប្រព្រឹត្តិអំពើរើសអើង ។ Spurs ក៏បានគំរាមចាត់វិធានការគ្រប់បែបយ៉ាងតាមផ្លូវច្បាប់ បើសិនមានរឿងទាំងនេះកើតឡើង លើកីឡាករខ្លួនសារជាថ្មី។
 
«ក្លិបមិនអត់ឆ្មត់ចំពោះការរើសអើងប្រភេទណាមួយឡើយ ហើយនឹងតែងតែស្វែងរកវិធានការខ្លាំងបំផុត ដែលអាចធ្វើទៅបាន ដើម្បីចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវ។»។ ក្លិប​ Spurs បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដាច់ណាត់របស់ខ្លួនបែបនេះ៕

Tag:
 Heung-Min Son
  Spurs
© រក្សាសិទ្ធិដោយ thmeythmey.com