កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន ចាញ់ Macarthu FC លទ្ធផល ៥-០
09, Nov 2023 , 5:13 pm        
រូបភាព
(អាវបៃតង) ភ្នំពេញក្រោន ចាញ់ Macarthur FC លទ្ធផល ៥-០ ក្នុងការប្រកួតជើងទី២ នៃការប្រកួត AFC Cup វគ្គចែកពូល F នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី នាថ្ងៃទី៩ វិច្ឆិកា ២០២៣។
(អាវបៃតង) ភ្នំពេញក្រោន ចាញ់ Macarthur FC លទ្ធផល ៥-០ ក្នុងការប្រកួតជើងទី២ នៃការប្រកួត AFC Cup វគ្គចែកពូល F នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី នាថ្ងៃទី៩ វិច្ឆិកា ២០២៣។
ភ្នំពេញក្រោន ចាញ់ Macarthur FC លទ្ធផល ៥-០ ក្នុងការប្រកួតជើងទី២ នៃការប្រកួត AFC Cup វគ្គចែកពូល F នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី។



នៅដើមតង់ទី១ ក្រុមម្ចាស់ផ្ទះ Macarthur FC បានដាក់សម្ពាធយ៉ាងខ្លាំង លើក្រុមភ្ញៀវភ្នំពេញក្រោន  ដោយមានឱកាសស៊ុតជាច្រើនលើក។ លុះចូលដល់នាទី១២ Macarthur FC បានស៊ុតចំបង្គោលទីភ្នំពេញក្រោន ហើយក៏ត្រូវក្រុមភ្ញៀវ វាយបកភ្លាម ដោយ Shintaro របស់ភ្នំពេញក្រោន បានអូសចូលតំបន់គ្រោះថ្នាក់ ប៉ុន្ដែស៊ុតមិនចំគោលដៅ។
 
ម្ចាស់ផ្ទះ បន្ដដាក់សម្ពាធមកលើភ្នំពេញក្រោន ទៀត។ នៅនាទី១៥ ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បង្កើតកំហុស នៅក្នុងតំបន់គ្រោះថ្នាក់ ហើយត្រូវបានអាជ្ញាកណ្ដាល ឲ្យ Macarthur FC ទទួលបានបាល់ពិន័យ ១១ម៉ែត្រ។ បាល់ពិន័យនោះ រ៉ាប់រង់ដោយកីឡាករ Geermain របស់អូស្ដ្រាលី បានសម្រេច លទ្ធផល ១-០។ ៥នាទីបន្ទាប់ ក្រុមអូស្ដ្រាលីមួយនេះ បាននាំមុខ ២-០ នៅនាទី២០ ដោយការបញ្ជូនបាល់ពីខ្សែបម្រើស្លាបឆ្វេង ហើយបញ្ចប់ទីដោយកីឡាករ Borges Rodrigues ខ្សែប្រយុទ្ធស្លាបស្ដាំរបស់ Macarthur FC។
 
ជាមួយនិងការរើបម្រាស់ពីការដាក់សម្ពាធរបស់ម្ចាស់ផ្ទះ ក្លិបភ្នំពេញក្រោន មានឱកាសវាយបកខ្លះដែរ ដោយទទួលបានបាល់ជ្រុងនៅនាទី៣៣ និងបាល់ហ្វ្រីឃីក នៅជិតតំបន់គ្រោះថ្នាក់របស់ម្ចាស់ផ្ទះ។ ប៉ុន្ដែ ភ្នំពេញក្រោន នៅតែមិនអាចរកគ្រាប់បាល់បាន។ នៅនាទី៤០ Macarthur FC រកបានគ្រាប់បាល់ទី៣ ដោយកីឡាករ Davila តែតបញ្ចូលទី បន្ទាប់ពីមិត្តរួមក្រុមលើកចូលក្នុងតំបន់គ្រោះថ្នាក់ភ្នំពេញក្រោន។ ចប់តង់ទី១ Macarthur FC នាំមុខ ៣-០។
 
ចូលមកដល់តង់ទី២ Macarthur FC បន្ដដាក់សម្ពាធ ភ្នំពេញក្រោន បើទោះជាក្រុមគេ បាននាំមុខក្រុមភ្ញៀវ ៣-០ ក៏ដោយ។ ដោយឡែកភ្នំពេញក្រោន មានឱកាសម្ដងទៀត នៅនាទី៥០ ដោយ Shintaro ស៊ុតចំគោលដៅ ប៉ុន្ដែ ត្រូវអ្នកចាំទី Macarthur FC សង្គ្រោះបាន។
 
នាទី៦៥ កីឡាករ សឿត បារាំង បានប្ដូរចូលជំនួស កីឡាករ ផាច់ សុជាវីឡា ដោយសារមានបញ្ហាសាច់ដុំ។ បន្ទាប់ពីប្ដូរចូល ស្លាបឆ្វេងរបស់ភ្នំពេញក្រោន  បានបង្កើតឱកាសជាច្រើនលើក ដល់ខ្សែប្រយុទ្ធកណ្ដាល។ Neito បានស៊ុតពីចម្ងាយ នៅនាទី៦៨ តែត្រូវចំរបាទីរបស់ Macarthur FC។ 
 
នាទី៧៤ Macarthur FC ព្យាយាមរកគ្រាប់បាល់ នៅក្នុងតំបន់គ្រោះថ្នាក់ម្ដងទៀត ប៉ុន្ដែ ស៊ុតចំ យ៉ើ សាហ្វី។ នៅនាទីដដែល ឡុង ភារ៉ាត់ ត្រូវបានប្ដូរជំនួស យ៉ើ សាហ្វី បន្ទាប់ខ្សែការពាររូបនេះ មិនអាចលេងបន្តទៀត ដោយសារការស៊ុតចំរបស់ខ្សែប្រយុទ្ធ Macarthur FC។
 
នៅនាទី៨១ ក្រុម Macarthur FC រកបានមួយគ្រាប់ទៀត ដោយការតែតបញ្ចូលទីរបស់កីឡាករ Uskok បន្ទាប់ពីមិត្តរួមក្រុម បានលើកបាល់ជ្រុងចូលក្នុងតំបន់គ្រោះថ្នាក់។ នាំមុខលទ្ធផល ៤-០ហើយ Macarthur FC មិនទាន់អស់ចិត្តឡើយ។ ក្រុមម្ចាស់ផ្ទះ នៅតែបន្តដាក់សម្ពាធរហូតរកបានគ្រាប់ទី៥ ដោយកីឡាករ La Rose បន្ទាប់ពីមិត្តរួមក្រុមបញ្ជូន ពីស្លាបស្ដាំទៅតំបន់គ្រោះថ្នាក់ នៅនាទី៩០។ បញ្ចប់ការប្រកួត Macarthur FC ឈ្នះ ភ្នំពេញក្រោន ៥-០។ ជ័យជម្នះជើងទី២ បានជួយ Macarthur ឡើងឈរនៅកំពូលតារាងវិញ ។
 
ក្នុងពូល F ភ្នំពេញក្រោនឈរលេខ២ ដោយមាន៩ពិន្ទុ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងនោះ ឈ្នះ Dynamic Herb Cebu របស់ឥណ្ឌូណេស៊ី លទ្ធផល ៣-០, ឈ្នះ Shan United របស់មីយ៉ាន់ម៉ា លទ្ធផល ៤-០ និងឈ្នះ Macarthur FC ៣-០។ 

Tag:
 បាល់ទាត់
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com