ជាតិ
តើគួរឱ្យសិស្សធ្លាក់ដោយស្វ័យប្រវត្តិឬទេ បើ​ពួក​គេប្រឡង​ធ្លាក់​សីលធម៌-ពល​រដ្ឋ​?
10, Nov 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ ​សីលធម៌​​ និងសុជីវធម៌ក្នុង​សង្គម​កម្ពុជា ត្រូវបានគេមើលឃើញថា បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​បំផុត ​​នា​ពេល​បច្ចុប្បន្ន​។ ​និន្នាការ​ធ្លាក់​ចុះ​នេះរាប់​ចាប់​ពី​កុមារ សិស្ស​សាលា យុវជន​ មនុស្ស​ចាស់ រហូត​ដល់​មន្ត្រី​រាជ​កា និង​អ្នកជំនួញ​ធំ​ៗ​មួយ​ចំនួន​ផង​។ ហេតុ​អ្វី​ សង្គម​កម្ពុជា ធ្លាក់​​​ដល់​ដំណាក់​កាល​នេះ? តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ស្ដារ​ស្ថាន​ការណ៍​​បាន​?
 

លោក ប៉ា ច័ន្ទ​រឿន អ្នក​ជំនាញ​ផ្នែក​ទស្សនវិជ្ជា អប់រំ និង​ជា​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថា​ដើម្បី​ស្ដារ​សីលធម៌​សង្គម​ឱ្យ​ល្អ​ប្រសើរឡើង​វិញ​ ក្រសួង​អប់រំ​យុវជន និង​កីឡា​​ គួរ​រឹត​បន្តឹង​ការ​បង្រៀន​មុខ​វិជ្ជា សីលធម៌​​ពល​រដ្ឋ​ នៅ​គ្រប់​កម្រិត​សិក្សា​ទាំង​អស់​ រាប់​ចាប់​ពី​មត្តេយ្យ​សិក្សា​ឡើង​​ទៅ​។
 
អ្នក​ជំនាញ​ផ្នែក​​ទស្សនវិជ្ជា​រូប​នេះ ថា​សិស្ស​បច្ចុប្បន្ន​ ហាក់មិនសូវ​​យក​ចិត្ត​ទុក​ដាក់​រៀន មុខ​វិជ្ជា​សីលធម៌-​ពល​រដ្ឋ​ឡើយ​ ពិសេស​​សិស្ស​វិទ្យា​ល័យ​ដែលជ្រើសរើសយក​ផ្នែក​វិទ្យា​សាស្ត្រ​ពិត ព្រោះ​ពួក​គេ​​យល់​ថា មុខ​វិជ្ជា​នេះ​មិន​សំខាន់​។ ​នេះ​ ហើយជា​រឿងដែល​​សង្គម​ ត្រូវ​ព្រួយ​បារម្ភ​ និង​​យក​ចិត្ត​ទុកដាក់​ខ្ពស់​​។


លោក ប៉ា ច័ន្ទរឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (រូបពីហ្វេសប៊ុក Chanroeun Pa)

លោក ប៉ា ច័ន្ទរឿន អះអាង​៖«រឿង​សិស្ស​ដែល​រៀន​ថ្នាក់​វិទ្យា​សាស្ត្រ​ពិត​ មិន​សូវ​យក​ចិត្ត​​ទុក​ដាក់​​រៀន​សូត្រ​ មុខ​វិជ្ជា​សី​លធម៌​ពល​រដ្ឋ​ គឺ​ជា​រឿង​ពិត​ ខ្ញុំ​ឮ​ពី​គ្រូ​ដែល​បង្រៀន​មុខ​វិទ្យា​នេះ​ច្រើន​នាក់​ ហើយ​ក៏​ឮ​ពី​សិស្ស​រៀន​ថ្នាក់​វិទ្យា​សាស្ត្រ​ពិត​នេះ​ដែរ​។ ព្រោះ​គេ​គិត​ថា​ មុខ​វិទ្យា​ហ្នឹង​អត់​យក​ទៅ​ប្រឡង​ផង​ ទៅ​ខ្វល់​រៀន​ធ្វើ​អី​? ប៉ុន្តែ​ធាតុ​ពិត​ ទោះ​ប្រឡង​ឬ​មិន​ប្រឡ​ង​ ការ​អប់​រំ​សីលធម៌​ពល​រដ្ឋ​នេះ​ គឺ​ជា​ស្នូល​ ចាំ​បាច់​សម្រាប់​សង្គម​ ដើម្បី​ឱ្យ​សង្គម​យើង​ មាន​សីលធម៌ មាន​សុខដុមរមនា»។
 
លោក ច័ន្ទរឿន​ ​ថា​ប្រសិន​សិស្ស ប្រឡង​ធ្លាក់មុខ​វិជ្ជា​​សីលធម៌​ពលរដ្ឋ​ទៅហើយ​ តើ​ឱ្យ​រំពឹង​ថា ពួក​គេ​យក​ចំណេះ​ជំនាញ​របស់​ខ្លួន ទៅ​ជួយ​ជាតិ​ម្ដេច​បាន​? លោក​បន្ថែម​ថា ​ក្រសួង​អប់រំ គួរ​តែ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ ពិសេស​​ផ្ដោត​ឱ្យ​ខ្លាំង​លើ​មុខ​វិជ្ជា សីលធម៌​ពលរដ្ឋ​។ លោក​ថា ក្រសួង​គួរ​តែ​កំណត់​ឱ្យ​សិស្ស​ធ្លាក់​ដោយ​ស្រ័យ​ប្រវត្តិ ប្រសិន​ពួក​គេ​ប្រឡង​ធ្លាក់​ មុខ​វិជ្ជាសីលធម៌​ពល​រដ្ឋ​នេះ។



លោក ប៉ា ច័ន្ទរឿន ដាក់​បន្ទុក​​៖«ប្រសិន​សិស្ស​ប្រឡង​ធ្លាក់​មុខ​វិជ្ជាសីលធម៌​ពល​រដ្ឋ​ សុំ​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ ។ ​ព្រោះ​បើ​ធ្លាក់​សីលធម៌​ទៅ​ហើយ តើ​ទៅ​ធ្វើ​អ្វី​កើត​ទៀត?​ ព្រោះ​ទោះ​ពូកែ មាន​បញ្ញា មាន​សមត្ថភាព​ ​យ៉ាង​ណា​ក៏​ដោយ បើ​សីលធម៌​អន់​ហើយ ទៅ​ធ្វើ​ការ​ងារ​ណា​មួយ​ មាន​តែ​ទៅ​បង្ក​បញ្ហា​​ ​ដល់​សង្គម​មិន​ចេះ​ចប់​ទេ​។ មនុស្ស​កាល​ណា​មាន​តែ​ចំណេះ​ជំនាញ​ តែ​អសីលធម៌ សឹង​តែ​សាហាវជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត»​។
 
ជុំវិញរឿងនេះ សារព័ត៌មានឌីជីថលថ្មីៗ ពុំទាន់ទទួលបាន​ការ​ឆ្លើយ​តបពី លោក កាន់ ​ពុទ្ធី អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ យុវជន​ និង​កីឡានៅឡើយ​ ដោយលោក អះអាងថា កំពុងមមាញឹកបូកសរុបរបាយការណ៍ទាក់ទងនឹងការប្រឡងបាក់ឌុប និងការងារទទួលហឹបវិញ្ញាសាបាក់ឌុប ដែលដឹកជញ្ជូនពីតាមបណ្តាខេត្ត មកកាន់មណ្ឌលកំណែ។
​ទាក់ទងនឹងបញ្ហានេះដែរ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ ដែល​មាន​បទ​ពិសោធន៍បង្រៀនប្រមាណ ​៤ទស្សវត្ស​​មក​ហើយ​នោះ ទទួល​ស្គាល់​ថាសីលធម៌​ក្នុង​សង្គម​កម្ពុជា​ ពិត​ជា​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភ​​មែន​។ ទោះ​ជា​យ៉ាង​ណា លោក​ថា​​​ការ​ដាក់​កំហិត​សិស្ស ដែល​មិន​យក​ចិត្ត​ទុក​ដាក់​រៀន​មុខ​វិជ្ជា សីលធម៌​ពល​រដ្ឋ​តែ​ម្យ៉ាង​ មិន​​ទាន់​គ្រប់​គ្រាន់​​​​ ធ្វើ​​ឱ្យ​សង្គម​កម្ពុជា មាន​សីលធម៌​ល្អ នៅឡើយទេ​។



សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ថា​សិស្ស​មិន​ប្រឹង​ប្រែង​រៀន​សូត្រ​ ពិសេស​មុខវិជ្ជាសីលធម៌​ពល​រដ្ឋ​ អាច​មក​ពី​មជ្ឈដ្ឋាន​គ្រួសារ​ មិន​ផ្ដល់​គំរូល្អ ការ​បំពុលពី​សង្គម​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ ​គ្រឿង​ស្រវឹង​គ្រង់​ទិស​ទី និង​ការ​ផ្សព្វផ្សាយ​ពី​ល្បែងស៊ីសង​ ​គ្រប់​ច្រក​ល្ហក​ជា​ដើម​។ បន្ថែម​ពី​នោះ គ្រូបង្រៀន​ចាស់​វស្សា​រូប​នេះថា នៅ​ជុំ​វិញ​សាលា​រៀន មាន​កន្លែង​លេង​ហ្គេម និង​កន្លែង​លក់​-​ទទួល​ទាន​គ្រឿងស្រវឹង​ផង​។ នេះ​គឺ​ជា​ផល​ប៉ះ​ពាល់​ដល់​​សិស្សយ៉ាង​ធ្ងន់​ធ្ងរ​​។
 
លោក សំបូរ មាណ្ណារ៉ា បន្ថែម​៖«​​ដាក់​កំហិត​សិស្ស​ ដែល​មិន​រៀន​សីលធម៌​​​ ហើយ​ឱ្យ​ពួក​គេ​ធ្លាក់​ តើ​គ្រប់​គ្រាន់​ទេ បើ​​សង្គម​មាន​រឿង​អាណាចារ្យ ល្បែង​ សុរា ម្ដាយ​ឪពុក​​ផឹក​និង​លេង​បៀ​? ដូច្នេះ​គ្រប់​ភាគី​ ត្រូវ​ធ្វើ​ព្រម​គ្នា​ ត្រូវ​ជួយ​គ្នា​ ដើម្បី​ឱ្យ​កូន​ និង​ក្មេង​ជំនាន់​ក្រោយ​ធ្វើ​ល្អ​»។
 
ដោយ​សារ​សង្គម​មាន​ការ​បំពុល​ច្រើន​បែប​នេះ​ហើយ ទើប​បាន​ជា​លោក​ ប៉ា ច័ន្ទ​រឿន ជំរុញ​ឱ្យ​ក្រសួង​អប់រំ ​ពិចារណា​​ដាក់បញ្ចូល​មុខ​វិជ្ជាសីលធម៌​ពល​រដ្ឋ​ ជា​មុខ​វិជ្ជាស្នូល​ ពីម្រិត​​​មត្តេយ្យ​ សិក្សា​ រហូត​ដល់​ថ្នាក់​វិទ្យា​ល័យ។ គ្រប់​កម្រិត​សិក្សា​ទាំង​អស់​ ប្រសិន​សិស្ស​ប្រឡង​ធ្លាក់​ មុខ​វិជ្ជាសីលធម៌​ពល​​រដ្ឋ គួរ​កំណត់​ឱ្យ​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​។



លោក​ទទួល​ស្គាល់​ថា​ ការ​អប់​រំ​រឿង​សីលធម៌​​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​ គឺ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ពេល​វេលាយូរ​ ដូច្នេះ​ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ក្មេង ទើប​អាច​ធានា​ថា​ពល​រដ្ឋ​ មាន​ទាំង​ចំណេះ​ជំនាញ​ និង​សីលធម៌​ក្នុង​ការ​រស់​នៅ​។
 
លោក​ថា មេរៀន​ទាក់​ទង​នឹង​ សីលធម៌​ពល​រដ្ឋនៅ​សាលា​រដ្ឋ​បច្ចុប្បន្ន​ ​នៅមាន​ភាព​​ស្រាល មិន​ទាន់​ស៊ីជម្រៅ​។ អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នោះ លោក​ ប៉ា ច័ន្ទ​រឿន​ ថា​ការ​បង្រៀន​​មុខ​វិជ្ជា​ សីលធម៌​ពល​រដ្ឋ​ ត្រូវ​តែ​បង្រៀន​ពី​គ្រឹះ​គុណ​ធម៌ បណ្ដុះ​មនសិការ​ស្នេហាជាតិ គិត​​ប្រយោជន៍​រួមជា​ធំ​ និង​បណ្ដុះ​មនសិការ​ជួយ​គ្នា​។
 
«មើល​ទៅ​មុខ​វិជ្ជា ​​សីលធម៌​ពល​រដ្ឋ ដូច​ជា​មុខ​វិជ្ជា​សម្ល​កកូរ​អ៊ីចឹង។​ បញ្ចូល​សិទ្ធិ​បន្តិច ចរាចរណ៍​បន្តិច​ សុខ​ភាព​បន្តិច​។ យើង​​មិន​សូវ​បាន​ផ្ដោត​លើ ​ការ​បណ្ដុះ​មូល​ដ្ឋាន​គ្រឹះ​ នៃ​សីលធម៌​សង្គម​ បណ្ដុះ​គុណ​ធម៌​ក្នុងនាម​​​ជា​ពល​រដ្ឋ​ ​បែប​ប្រជា​ធិបតេយ្យ​សេរី​ឡើយ​»។ នេះ​ជា​ការ​សង្កេត​ឃើញ​របស់​លោក ប៉ា ច័ន្ទ​រឿន​។
 
ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជារូប​នេះ បាន​ប្រៀប​ធៀប ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ជា​មួយ​ប្រទេស សិង្ហបុរី​ ថា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​។ លោក​ថា​នៅ​សិង្ហបុរី បាន​ចាប់​ផ្ដើម​បណ្ដុះកុមារ ឱ្យ​​មានភាព​ជា​ពល​រដ្ឋ​សកម្ម​ ដោយ​ដាក់​កម្ម​វិធីអប់រំ​ ពី​ការ​​​បណ្ដុះ​សីលធម៌ល្អ ទម្លាប់​ល្អ គុណ​ធម៌​ សុជីវធម៌ ​​តាំង​ពី​នៅ​ថ្នាក់​មត្តេយ្យ រហូត​ដល់​ថ្នាក់​មហាវិទ្យា​ល័យ​។
 
យ៉ាង​ណា​ក៏​ដោយ​ លោក​ថា ការ​ដាក់​ប្រធាន​បទ ​សម្រាប់​ឱ្យ​សិស្ស​រៀន​ពី​ថ្នាក់​មត្តេយ្យ​ រហូត​ដល់​មហាវិទ្យា​ល័យ​ គឺ​ជា​រឿង​បច្ចេក​ទេស ទាល់​តែ​មាន​ការ​សិក្សា និង​វាយ​តម្លៃ​ឱ្យ​បាន​ត្រឹម​ត្រូវ ទើប​ការ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​។



លោក ច័ន្ទ​រឿន ជំរុញដូច្នេះថា​៖«​ការ​​​​ដាក់​មេរៀន​ ផ្ដោត​លើ​អត្តចរិត​ មនសិការរបស់​ក្មេង​ ឱ្យ​ពួក​គេ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​សម្រាប់​ខ្លួន​ឯង គ្រួសារ សង្គម​ ប្រទេស និង​ពិភព​លោក​ ដើម្បី​ឱ្យ​មាន​ប្រយោជន៍ និង​ឱ្យ​ពួក​គេ​​យល់​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ធ្វើ កុំ​ឱ្យ​ធ្វើ​ទាំង​មិន​យល់។ ត្រូវ​បង្រៀន​យ៉ាង​ណា​ ឱ្យពួក​គេ​​ចេះ​វាយ​តម្លៃ ចេះ​ថ្លឹង​ថ្លែង ចេះ​វិភាគ ដោយ​មិន​ចេះ​តែ​សូត្រ​ឱ្យ​តែ​ចាំមាត់»​​។
 
លើស​ពី​នេះលោក​ថា មុខ​វិជ្ជា​សីលធម៌ គួរ​តែ​ជា​វិញ្ញាសា​ស្នូលមួយ​ សម្រាប់​ការ​ប្រឡង​ជ្រើស​រើស​គ្រូ​បង្រៀន​ និង​ការ​ប្រឡង​​ជ្រើស​រើស​មន្ត្រី​រាជ​ការ ឱ្យ​ចូល​បម្រើ​តាម​​មន្ទីរ ​ឬ​ក្រសួង​នីមួយ​ៗ​​ផង​ដែរ​។
 
«ខ្ញុំ​ជឿ​ថា​ការ​ធ្វើ​បែប​នេះ​ នឹង​អាច​ជួយ​លើក​កម្ពស់ ​ទាំង​ការ​រៀន​សូត្រ​មុខ​វិទ្យា​សីលធម៌​ពល​រដ្ឋ​ ក៏​ដូច​ជា​ការ​ស្ដារ​ឡើង​វិញ នូវ​ស្ថាន​ភាព​សីលធម៌​​ ក្នុង​សង្គម​កម្ពុជា​​»​។



សូម​បញ្ជាក់​ថា ១០​ឆ្នាំមក​នេះ កម្ពុជា​បាន​កែ​ទម្រង់​វិស័យ​អប់​រំ​ ៤​ដំណាក់​កាលមក​ហើយ​ ក្រោម​ការ​ដឹក​នាំ​របស់​លោក ហង់​ជួន​ ណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣-​២០២៣​នេះ​។ ក្រសួង​បាន​ដាក់​ចេញ​ និង​អនុវត្តិ​នូវ​អាទិភាព​ កំណែ​ទម្រង់​ដំណាក់​កាល​ទី​១ ដែល​មាន​៨​ចំណុច​​ នៅ​ឆ្នាំ​២០១៤​ និង​១៥​ចំណុច​ ឈរ​លើ​សសរស្ដម្ភ​៥ នៅ​ឆ្នាំ​២០១៥​។
 
កំណែ​ទម្រង់​ដំណាក់​កាល​ទី​២ ផ្ដោត​លើ​ការ​គ្រប់​គ្រង​សាលា​រៀន​ និង​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​គ្រូ​​ នៅ​ឆ្នាំ​២០១៨។ ដំណាក់​កាល​ទី​៣ កែ​ទម្រង់​​​លើ​ការ​កសាង​ប្រព័ន្ធ​ និង​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ឈរ​លើ​សសរស្ដម្ភ​៥ ពី​ឆ្នាំ​២០១៩-២០២២​។ និង​ដំណាក់​កាល​ទី​៤ កែ​ទម្រង់​ការបណ្ដុះ​បណ្ដាល​ ធនធាន​មនុស្ស​សម្រាប់​បរិវត្ត​កម្ម​សេដ្ឋ​កិច្ច​ឌីជីថល ចាប់​ពីឆ្នាំ​២០២២​៕​
 

Tag:
 អប់រំ​
  សីលធម៌​
  សង្គម​
  សិស្ស
 ​ សាលា
  ក្រសួង​អប់រំ
  មុខវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com