កីឡាជាតិ
ជាតិ
បារាំង, ម៉ារុក, អាល់ហ្សេរី និងអន្ដរជាតិផ្សេងទៀត ជាង៦០០នាក់ ហាត់គុនខ្មែរក្នុងក្លិប The Temple នៅបារាំង
10, Nov 2023 , 11:59 am        
រូបភាព
សិស្ស នៃក្លិបប្រដាល់ The Temple រូបពី ហ្វេសប៊ុល ធីម សៀងហៃ
សិស្ស នៃក្លិបប្រដាល់ The Temple រូបពី ហ្វេសប៊ុល ធីម សៀងហៃ
លោក ធីម សៀងហៃ គ្រូបង្វឹកប្រដាល់គុនខ្មែរ របស់ក្លិប The Temple ដែលមូលដ្ឋានក្នុងក្រុង Bordeaux ប្រទេសបារាំង ទទួលបានសិស្សអន្ដរជាតិជាង៦០០នាក់ ហ្វឹកហាត់គុនខ្មែរ។ សិស្សគុនខ្មែរនៅទីនោះ ជាភ្ញៀវទេសចរ និងប្រជាជនរស់នៅ Bordeaux ស្រាប់។



គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរ ក្លិប The Temple បាននិយាយប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា លោក Chhey Albert បានចាប់ផ្ដើមបើកក្លិបនេះ មានរយៈពេលប្រហែល ៨ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ ។ ក្នុង ១ឆ្នាំ ក្លិបនេះ មានសិស្សប្រហែល ៣០០នាក់ បានចុះឈ្មោះហ្វឹកហាត់។ ដោយឡែក ការហ្វឹកហាត់របស់សិស្សអន្ដរជាតិទាំងនោះ គឺដូចជាការហាត់ប្រាណមួយ ព្រោះអ្នកទាំងនោះ គ្រាន់តែចង់ដឹង និងស្វែងយល់ឲ្យបានច្បាស់ពីប្រដាល់គុនខ្មែរ។ លោក ធីម សៀងហៃ ដែលមានវ័យ ២៥ឆ្នាំ បានប្រាប់បន្ថែមថា សិស្សប្រដាល់ទាំងនោះ សុទ្ធតែជន
បរទេស ដែលភាគច្រើនជាជនជាតិបារាំង, សេណេហ្គាល់, ម៉ារុក និងអាល់ហ្សេរីជាដើម ហើយក៏មានភ្ញៀវអន្ដរជាតិផ្សេងទៀត ប្រមាណជាង ៦០០នាក់ ហ្វឹកហាត់ប្រដាល់គុនខ្មែរ។
 
«សម្រាប់សិស្សក្នុងឆ្នាំ២០២៣ ទាំងភ្ញៀវទេសចរ ទាំងសិស្សថ្មី និងអ្នកចុះឈ្មោះច្បាស់លាស់ សរុបទាំងអស់ ប្រមាណជាង ៦០០នាក់។ កីឡាករបរទេសខ្លះ មកខេត្តរបស់ខ្ញុំ ក៏មកហាត់លេង។ និយាយរួម គឺចេញចូលៗ អ៊ីចឹង។»។ គ្រូបង្វឹកវ័យ ២៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ។
 
តាមការបញ្ជាក់គ្រូប្រដាល់គុនខ្មែរវ័យក្មេងនេះ សិស្សទាំងអស់ មានអាយុ ចន្លោះ ៦-៦០ឆ្នាំ ដែលភាគច្រើនជាយុវជន និងមនុស្សពេញវ័យ។ 
 
លោក ធីម សៀងហៃ ក៏បានប្រាប់បន្ថែមថា បរទេស ចាប់អារម្មណ៍ខ្លាំងចំពោះក្លិបនេះ ព្រោះចង់ដឹងពីក្បាច់គុនអាស៊ី ហើយបន្ថែមជាងនេះ គឺជាគុនខ្មែរ។

លោក ធីម សៀងហៃ គ្រូបង្វឹក The Temple រូបពីហ្វេសប៊ុក ធីម សៀងហៃ
 
គ្រូបង្វឹកក្លិប The Temple រូបនេះ បាននិយាយដូច្នេះ៖«យើង មានតែមអាស៊ី ជាជនជាតិខ្មែរ ហើយគេចូលចិត្តយើង។ ពួកគាត់ស្គាល់យើង តាមប្រព័ន្ធ Instagram និងហ្វេសប៊ុក។ ពួកគេ ចង់ហាត់ជាមួយយើងច្រើន។ ពួកគាត់ចង់ហាត់បច្ចេកទេស និងទាត់ស៊ីបជាមួយយើង។»។
 
គួរបញ្ជាក់ថា លោក ធីម សៀងហៃ ជាកូនអ្នកខេត្តកោះកង់ រស់នៅភូមិ៤ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ហើយជាកូនប្រុសបង ដែលមានបងប្អូនស្រី-ប្រុស ២នាក់ នៃគ្រួសារអ្នកប្រដាល់មួយ។ លោក សៀងហៃ ស្ទើរតែមិនជឿថាខ្លួនមានឱកាសក្លាយជាគ្រូបង្វឹកគុនខ្មែរនៅបរទេស ព្រោះនេះ មិនមែនជាគោលដៅដំបូងដែលជំរុញឲ្យលោក មកកាន់ទឹកដីប្រទេសបារាំងទេ។ លោក សៀងហៃ ត្រូវបានថៅកែមួយរូប (សុំមិនបញ្ចេញឈ្មោះ) ធានាឱ្យទៅកាន់ទឹកដីបារាំង កាលពីដើមឆ្នាំ២០១៩។ ជាគាប់ជួន មួយខែក្រោយពេលទៅដល់ទឹកដីបារាំង រូបលោក បានស្គាល់ជាមួយ លោក Chhey Albert ម្ចាស់ក្លិប The Temple ដោយចៃដន្យ ហើយក៏ត្រូវបានម្ចាស់ក្លិបនោះ ហៅលោក សៀងហៃ ឲ្យធ្វើជាគ្រូបង្វឹកនៅទីនោះ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ធីម សៀងហៃ
  The Temple
© រក្សាសិទ្ធិដោយ thmeythmey.com