កីឡាជាតិ
ជាតិ
សៀមរាបយូណាយធីត រៀបពានយុវជន ដែលចូលរួមពីក្រុមថៃ Chonburi សិង្ហបុរី Lion City Sailor
10, Nov 2023 , 7:39 pm        
រូបភាព
កីឡាករយុវជនក្លិប Siem Reap United FC ថតរូបជុំគ្នា។ រូបភាព៖ ក្លិប Siem Reap United FC
កីឡាករយុវជនក្លិប Siem Reap United FC ថតរូបជុំគ្នា។ រូបភាព៖ ក្លិប Siem Reap United FC
ក្រុមបាល់ទាត់ពីប្រទេសថៃ Chonburi FC និង សិង្ហបុរី Lion City Sailor FC អាយុក្រោម១៤ឆ្នាំ និងក្រុមកម្ពុជា សៀមរាប យូណាយធីត និង វិសាខា អេវស៊ី នឹងចូលរួមប្រកួត ពានរង្វាន់ជើងឯកយុវជនអន្តរជាតិ U14 Xo Siem Reap International Youth Cup ឆ្នាំ ២០២៣​ នៅទឹកដីសៀមរាប។ តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយមួយផ្នែកក្នុងការបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប ទៅប្រទេសជិតខាង។


ក្លិបកីឡាបាល់ទាត់សៀមរាប យូណាយធីត (Siem Reap United FC) រៀបចំការប្រកួតពានរង្វាន់ជើងឯកយុវជនអន្តរជាតិ U14 Xo Siem Reap International Youth Cup ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់១៩ ខែវិច្ឆកា នៅកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប។ 
 
លោក ប៊ួយ ដារី អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាប អះអាងថាការប្រកួតដែលទទួលការគាំទ្រពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នេះ បង្តើតឡើងដើម្បីឱ្យកីឡាករយុវជនទទួលបានពិសោធន៍កម្រិតអន្តរជាតិ និងលើកស្ទួយបាល់ទាត់ក្រុងស្រុក ជាពិសេសបង្ហាញសក្តានុពលទេសចរណ៍ទៅប្រទេសជិតខាងផង។ ទាក់ទងនឹងទេសចរណ៍ ដ្បិត U14 Xo Siem Reap International Youth Cup នឹងរៀបចំនៅទឹកដីសៀមរាប។
 
ព្រឹត្តិការណ៍ U14 Xo Siem Reap International Youth Cup មានក្រុមចូលរួមសរុប៤ក្រុម ដោយក្នុងនោះមានក្រុមពីថៃមួយក្រុម សិង្ហបុរីមួយក្រុម និងកម្ពុជា ២ក្រុម។ ក្រុមកម្ពុជា មាន សៀមរាប យូណាយធីត និង វិសាខា រួមជាមួយក្រុមថៃ Chonburi FC និង សិង្ហបុរី Lion City Sailor FC។
 

 
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ប៊ួយ ដារី ជឿជាក់ថាក្រោយរៀបចំពានរង្វាន់ជើងឯកយុវជនអន្តរជាតិអាយុក្រោម១៤ឆ្នាំ ដែលមានការចូលរួមពីក្រុមថ្នាលល្បីឈ្មោះនៅថៃ Chonburi ក៏ដូចជា Lion City Sailor ដែលមានរចនាសម្ព័ន្ធរឹងមាំ នឹងជួយក្រុមកម្ពុជាកើនសមត្ថភាព ហើយជាពិសេសនឹងទាក់ទាញការប្រកួតអន្តរជាតិផ្សេងៗក្នុងខេត្តសៀមរាបបន្តបន្ទាប់ទៀត។
 
អគ្គលេខាធិការក្លិបបាល់ទាត់សៀមរាបរូបនេះ ក៏បានបង្ហាញគោលដៅក្នុងការដឹកនាំក្រុម Siem Reap United FC ឈានជើងចូលប្រកួតប្រជែងក្នុងលីគលំដាប់ទី២កម្ពុជា នៅឆ្នាំ២០២៦ ឬ ២០២៧ និងដាក់គោលដៅ២ឆ្នាំបន្ទាប់ ទៅកាន់លីគកំពូលរបស់កម្ពុជា។
 
ការប្រកួតដែលមាន៤ក្រុមចូលរួមនេះ នឹងជួបគ្នាវិលជុំសរុបទាំងអស់៦ប្រកួត ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេពីការប្រកួត៣លើករៀងខ្លួន នឹងក្លាយជាម្ចាស់ជើងឯក U14 Xo Siem Reap International Youth Cup ឆ្នាំ២០២៣។
 
តារាងការប្រកួតទាំង៦លើក ដែលធ្វើឡើងនៅកីឡដ្ឋាន ហនុមាន ខេត្តសៀមរាប៖
 
ថ្ងៃទី១៧ ខែវិច្ឆិកា 
-Lion City Sailor ជួប Chonburi FC (ម៉ោង ២រសៀល)
-Visakha FC ជួប Siem Reap United FC (ម៉ោង ៤ និង១៥នាទីល្ងាច)
 
ថ្ងៃទី១៨ ខែវិច្ឆិកា 
-Chonburi FC ជួប Visakha FC (ម៉ោង ២រសៀល)
-Siem Reap United FC ជួប Lion City Sailor FC (ម៉ោង ៤ និង១៥នាទីល្ងាច)
 
ថ្ងៃទី១៩ ខែវិច្ឆិកា 
-Visakha FC ជួប Lion City Sailor FC (ម៉ោង ២រសៀល)
-Chonburi FC ជួប Siem Reap United FC (ម៉ោង ៤ និង១៥នាទីល្ងាច)៕

Tag:
 Siem Reap United FC
  U14 Xo Siem Reap International Youth Cup
© រក្សាសិទ្ធិដោយ thmeythmey.com