RFI
អន្តរជាតិ
តើជីវិតរបស់របបសឹកភូមាកំពុងធ្វើដំណើរឆ្ពោះទៅរកទីអវសាន? 
រូបថត AP
×![]()
ដោយ៖គួច គន្ធារ៉ា/RFI
នៅក្នុងប្រទេសភូមា ការប្រយុទ្ធគ្នាបាន និងកំពុងបន្តមានយ៉ាងក្តៅគគុកនៅក្នុងរដ្ឋឆានស្ថិតប៉ែកខាងជើងរវាងទ័ពរដ្ឋាភិបាល និងសម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុ។ ព្រឹត្តិការណ៍មួយនេះត្រូវបានក្រុមអ្នកវិភាគមើលឃើញជាព្រឹត្តិការណ៍គំរាមកំហែងមិនធ្លាប់មានចំពោះក្រុមឧត្តមសេនីយតាំងពីថ្ងៃរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ ចំណែកប្រធានាធិបតីភូមាលោកមីន ស្វេបានថ្លែងដោយព្រមានថា បើរដ្ឋាភិបាលមិនគ្រប់គ្រងស្ថានការណ៍នេះដោយប្រសិទ្ធិភាពទេ នោះប្រទេសនឹងត្រូវពុះចែកជាច្រើនចំណែក។
លោកមីន ស្វេបានថ្លែងយ៉ាងដូចនេះនាថ្ងៃពុធ ទី៨ វិច្ឆិកានៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសន្តិសុខ និងការពារជាតិដោយមានការចូលរួមពីមេដឹកនាំរបបសឹកលោកមីន អ៊ុងឡាំង។ ប្រធានាធិបតីលោកមីន ស្វេបានយល់ឃើញថា ការលះបង់ជីវិតជារឿងចាំបាច់ដើម្បីស្តារស្ថិរភាពឡើងវិញ។ គួររម្លឹកថា តាំងពីដំណាច់ខែតុលាដែលរដ្ឋឆានស្ថិតប៉ែកខាងជើងជាប់ព្រំដែនចិនបានស្គាល់ការប្រយុទ្ធគ្នាយ៉ាងហិង្សារវាងទ័ពរដ្ឋាភិបាល និងសម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុដែលរួមគ្នាដោយ ៣ក្រុម គឺកងទ័ពរំដោះជាតិតាអុង កងទ័ពអារ៉ាខាន់ និងសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា។
ក្នុងសប្តាហ៍កន្លងទៅ សម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុបានប្រាប់ឲ្យដឹងពីការចូលគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យរបស់ទាហានរដ្ឋាភិបាលរាប់សិបកន្លែង ព្រមទាំងផ្លូវមួយចំនួន។ ចំណែករបបសឹកបានប្រកាសទទួលស្គាល់ពីការបាត់បង់ស្រុក Chinshwehaw នៅជាប់ព្រំដែនដែលជាស្រុកយុទ្ធសាស្រ្តសម្រាប់ការដោះដូរទំនិញជាមួយចិន។ តែតាំងពីពេលនោះមក របបសឹកមិនបានធ្វើអត្ថាធិប្បាយអ្វីស្តីពីស្ថានការណ៍នៃការប្រយុទ្ធត ទល់នឹងសម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុក្នុងរដ្ឋឆានទេ។ អ្វីដែលគេអាចនិយាយបាន ការប្រឈមផ្លូវអាវុធរវាងភាគីទាំងពីរលើកនេះមានទ្រង់ទ្រាយធំបើគិតតាំងពីថ្ងៃរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។
មួយវិញទៀត ក្រៅពីប្រឈមទល់នឹងក្រុមប្រដាប់អាវុធជាតិពិន្ធុតាំងពីច្រើនទសវត្សរ៍ របបសឹកក៏កំពុងបន្តប្រឈមទល់នឹងក្រុមប្រឆាំងដែរ។ តាំងពីថ្ងៃរដ្ឋប្រហារ ក្រុមប្រឆាំងត្រូវបានចលនាប្រដាប់អាវុធជាតិពិន្ធុខ្លះជួយហ្វឹកហ្វឺន និងបំពាក់អាវុធឲ្យដើម្បីបន្តតតាំងទល់នឹងរបបសឹក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឆាំងបាននាំគ្នាដុតបំផ្លាញអាគាររដ្ឋាភិបាល ផ្លូវថ្នល់ និងស្ពាននៅក្នុងស្រុកជាច្រើនក្នុងតំបន់ Sagaing ស្ថិតប៉ែកខាងជើងប្រទេស។ ឃើញថាពេលនេះ របបសឹកកំពុងប្រឈមទប់នឹងសមរភូមិពីរក្នុងពេលតែមួយដោយមិនដឹងថា តើអាចបន្តទប់ទល់បានឬអត់ និងទប់ទល់បានកម្រិតណាទេ។
តាមអង្គការសហប្រជាជាតិ មានមនុស្សយ៉ាងតិច ២ ៣០០នាក់បានភៀសខ្លួនគេចពីការប្រយុទ្ធគ្នាពេលនេះ។ ចំណែកចិនដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់ភូមា និងជាអ្នកផ្គត់ផ្គង់អាវុធឲ្យភូមាបានបញ្ជាក់ក្នុងថ្ងៃអង្គារ ទី៧ វិច្ឆិកាថា មានជនជាតិចិនច្រើននាក់បានរងគ្រោះនៅក្នុងការប្រយុទ្ធគ្នារវាងទព័រដ្ឋាភិបាលភូមា និងសម្ព័ន្ធប្រដាប់អាវុធជាតិពិន្ធុក្នុងរដ្ឋឆាន។ ទន្ទឹមគ្នានេះ ចិនបានជំរុញឲ្យរបបសឹកសហការជាមួយខ្លួនដើម្បីធានាស្ថិរភាពនៅតាមខ្សែបន្ទាត់ព្រំដែនរួមគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com