អន្តរជាតិ
ប្រមុខការទូតអាម៉េរិក បារម្ភលើការសម្លាប់ប្រជាជនស៊ីវិលនៅតំបន់កាហ្សា
11, Nov 2023 , 3:39 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហាញក្តីបារម្ភពីការកើនឡើងនៃករណីស្លាប់លើប្រជាជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា ស្របពេលអ៊ីស្រាអែលបន្តវាយប្រហារលើតំបន់នេះតាមផ្លូវគោក អាកាស និងទឹក។ ចំនួនអ្នកស្លាប់នៅតំបន់កាហ្សាកើនលើស ១១០០០នាក់។

 
ការប្រយុទ្ធគ្នារវាងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស កាន់តែមានភាពខ្លាំងក្លាឡើងនៅក្បែរ និងជុំវិញក្រុងកាហ្សា។ ខណៈការប្រយុទ្ធនៅតែបន្ត ចំនួនអ្នកស្លាប់នៅក្នុងតំបន់កាហ្សាកើនដល់ ១១០៧៨នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។ អ៊ីស្រាអែលមានអ្នកស្លាប់យ៉ាងហោចណាស់ ១៤០០នាក់។ 
 
ខណៈករណីស្លាប់នៅក្នុងតំបន់កាហ្សាកាន់តែកើនឡើង រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានបង្ហាញពីការបារម្ភលើករណីស្លាប់របស់ប្រជាជនស៊ីវិល។ 
 
«ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានសម្លាប់ ហើយមនុស្សជាច្រើនបានរងគ្រោះក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ»។ លោកប្លីងខិន បានបញ្ជាក់បែបនអ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌាបែបនេះ នៅក្នុងថ្ងៃទី១០ ខែវិច្ឆិកា។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក ក៏បានស្វាគមន៍ចំពោះការផ្អាកបាញ់គ្នារយៈពេលខ្លីសម្រាប់ដឹកជញ្ជូនជំនួយមនុស្សសម្រាប់ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សាផង។ កន្លងមក អ៊ីស្រាអែល បានឯកភាពអនុវត្តការផ្អាកបាញ់រយៈពេល ៤ម៉ោង ដោយមានការជូនដំណឹងរយៈពេល ៣ម៉ោងមុនទៅកាន់ប្រជាជនប៉ាឡេស្ទីន។ 
 
ពេលនេះ ប្រជាជនប៉ាឡេស្ទីន ដែលស្ថិតនៅក្នុងតំបន់កាហ្សាភាគខាងត្បូង កំពុងត្រូវការជំនួយយ៉ាងខ្លាំង ហើយប្រជាជនជាច្រើនម៉ឺននាក់ កំពុងរស់នៅដោយខ្វះអនាម័យ ទឹកស្អាត និងថ្នាំសង្កូវជាដើម។ 
 
ដោយប្រជាជនស៊ីវិលជាច្រើនម៉ឺននាក់នៅតំបន់កាហ្សា កំពុងប្រឈមនឹងហានិភ័យជាច្រើន លោកប្លីងខិន បានប្តេជ្ញាថា វិធានការជាច្រើន ចាំបាច់ត្រូវតែដាក់ចេញ ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តាមការបញ្ជាក់របស់នាយកមន្ទីរពេទ្យ Al Shifa ក្នុងតំបន់កាហ្សា អ៊ីស្រាអែល កំពុងចាប់ផ្តើមសង្រ្គាមលើមន្ទីរពេទ្យនៅក្នុងទីក្រុងកាហ្សា។ នាយកមន្ទីរពេទ្យរូបនេះ បានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ២៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយអ៊ីស្រាអែលលើសាលារៀន Al-Buraq ក្នុងក្រុងកាហ្សា។ 
 
ជាងរយៈពេល ១ខែហើយ ច្រកចរចារកសន្តិភាពរវាងអ៊ីស្រាអែល និងហាម៉ាស មិនទាន់លេចជារូបរាងឡើយ ហើយអ៊ីស្រាអែល ក៏បានបដិសេធចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែរ ក្រោមហេតុផល មិនចង់ឱ្យក្រុមហាម៉ាស ពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ៕ 
 

Tag:
 អាម៉េរិក
  អ៊ីស្រាអែល
  កាហ្សា
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com