អន្តរជាតិ
ចិននាំ មុខគេលើការស្នើសុំវិនិយោគនៅថៃ
11, Nov 2023 , 4:59 pm        
រូបភាព
កម្មវិធីវិនិយោគរបស់ថៃនៅចន្លោះខែ មករាដល់ខែកញ្ញាបានកើនឡើង២២ភាគរយធៀបនឹងឆ្នាំមុនដែលជំរុញដោយគម្រោងបរទេសនៅក្នុងវិស័យអេឡិចត្រូនិក អាហារ និងរថយន្ត។ ចិននាំមុខគេលើការចូលវិនិយោគនៅប្រទេសនេះ។

 
យោងតាមសេចក្តីថ្លែងការណ៍ក្រុមប្រឹក្សាវិនិយោគថៃ (BOI) ក្នុងរយៈពេលប្រាំបួនខែឆ្នាំ២០២៣ ពាក្យស្នើសុំវិនិយោគសរុបមានទំហំ៥១៧ពាន់លានបាត (ស្មើនឹង១៤,៦ពាន់លានដុល្លារ) ជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសកើនឡើង៤៣ភាគរយក្នុងរយៈពេល មួយឆ្នាំដែលមានតម្លៃ១១,២ពាន់លានដុល្លារ។
 
ចិនជាអ្នកវិនិយោគធំជាងគេជាមួយនឹងគម្រោងដែលមានតម្លៃប្រហែល២,៧ពាន់លានដុល្លារ បន្ទាប់មកគឺសិង្ហបុរីមាន២,២ពាន់លានដុល្លារ និងជប៉ុនដែលមានទឹកប្រាក់១,២ពាន់លានដុល្លារ។ BOI ក៏បានបញ្ជាក់ផងដែរថា ការវិនិយោគពីបរទេសបានបន្តកើនឡើងដែលឆ្លុះ បញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខ្សែចង្វាក់ផ្គត់ផ្គង់ និងសក្តានុពល កំណើនរយៈពេលវែងរបស់ប្រទេស។
 
«ការឆ្លើយតបជាវិជ្ជមានពីវិនិយោគិនបរទេសឆ្លុះបញ្ចាំងពីការជឿជាក់របស់ពួកគេលើសក្តានុ ពលរបស់ថៃ។ ការយកចិត្តទុកដាក់របស់ BOI លើវិស័យយុទ្ធសាស្ត្រ និងការយកចិត្តទុកដាក់ ប្រព័ន្ធអេកូប្រកបដោយភាពច្នៃប្រឌិតបានធ្វើឱ្យប្រទេសនេះមានការទាក់ទាញកាន់តែខ្លាំង ឡើងសម្រាប់អ្នកវិនិយោគ»។ ប្រធាន BOI លោក Narit Therdsteerasukdi បានប្រាប់ សន្និសីទសារព័ត៌មានបែបនេះរួចបន្តថា ទាំងកម្មវិធីវិនិយោគថៃ និងបរទេស អាចលើសពីគោលដៅរបស់រដ្ឋាភិបាលដែលកំណត់ចំនួន១៦,៨ពាន់លានដុល្លារនៅឆ្នាំនេះ។
 
គួរបញ្ជាក់ថា ឧស្សាហកម្មគ្រឿងអគ្គិសនី និងអេឡិចត្រូនិច (E&E) ទទួលបានគម្រោងច្រើនជាងគេក្នុងចំណោមវិស័យនានាដោយមានគម្រោងចំនួន១៧១ កើនឡើង៨៤ភាគរយ បើធៀបនឹងឆ្នាំមុន។ វិស័យកសិឧស្សាហកម្ម និងកែច្នៃម្ហូបអាហារបានជាប់ចំណាត់ថ្នាក់ទីពីរ ជាមួយនឹងគម្រោងចំនួន២១៣ ដែលកើនឡើង៣២ភាគរយ។ ឧស្សាហកម្ម រថយន្ត និងគ្រឿងបន្លាស់មានកម្មវិធីវិនិយោគចំនួន១៥១ កើនឡើង៨៩ភាគរយ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com