អន្តរជាតិ
ជម្លោះក្រុមប្រដាប់អាវុធរវាងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា រារាំងដល់ពាណិជ្ជកម្មឆ្លងព្រំដែនជាមួយចិន
11, Nov 2023 , 5:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលពីសំណាក់ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាលើយោធានៅភាគខាងជើង បានបង្កឱ្យមានការបិទផ្លូវពាណិជ្ជកម្មដ៏សំខាន់ចំនួន២ជាមួយចិន។ បញ្ហានេះ បានបណ្ដាលឱ្យមានការរារាំងដល់ពាណិជ្ជកម្មឆ្លងព្រំដែន ការបាត់បង់ចំណូលពន្ធសម្រាប់យោធាមីយ៉ាន់ម៉ា និងការប្តូរប្រាក់បរទេសរបស់មីយ៉ាន់ម៉ា។

 
ជាច្រើនសប្តាហ៍មកហើយសម្ព័ន្ធ Brotherhood Alliance ដែលរួមគ្នាដោយក្រុមអាវុធជនជាតិភាគតិចមីយ៉ាន់ម៉ារួមមាន Arakan Army (AA), Myanmar National Democratic Alliance Army (MNDAA) និងTa’ang National Liberation Army (TNLA) បានវាយប្រហារលើយោធាមីយ៉ាន់ម៉ា ហើយបានកាន់កាប់ប៉ុស្តិ៍យោធា និងទីក្រុងមួយចំនួន នៅក្នុងរដ្ឋ Shan ភាគខាងជើងមីយ៉ាន់ម៉ា។ 
 
«យើងមិនឃើញមានឡានដឹកទំនិញណាមួយនោះទេ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមមក ហើយក៏មិនមានការឆ្លងកាត់ពាណិជ្ជកម្មនោះដែរ» ។ អ្នកស្រុកនៃទីក្រុង Muse ដែលជាកន្លែងជាប់ព្រំដែនជាមួយចិនបាននិយាយបែបនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ បាននិយាយពីការកើនឡើងនៃតម្លៃអង្ករពីមួយបាវតម្លៃប្រមាណ ៧៦ដុល្លារ (១៦០,០០០ Kyat) មុនពេលប្រយុទ្ធ កើនឡើងដល់ ៩០ដុល្លារ (១៩០,០០០ Kyat) នៅពេលបច្ចុប្បន្ន។ ច្រកព្រំដែន Muse និងច្រកព្រំដែន Chinshwehaw ដែលជាច្រកដ៏សំខាន់ ក្នុងការនាំចេញពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ា និងចិន ត្រូវបានបិទហើយ ក្រោយមានការប៉ះទង្គិចរវាងកម្លាំងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា។ 
 
លោក Richard Horsey មកពីក្រុមវិបត្តិអន្តរជាតិ បាននិយាយថា ការបិទផ្លូវពាណិជ្ជកម្មផ្លូវគោកដ៏សំខាន់ជាមួយចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធនេះ ជា ការប្រឈមមុខដ៏គួរឱ្យអាម៉ាស់មួយ សម្រាប់ក្រុមយោធាមីយ៉ាន់ម៉ា។
 
ជាមួយគ្នានេះ លោកក៏បានបន្ថែមថា ប្រសិនបើបិទព្រំដែនយូរជាងនេះ វានឹងជះឥទ្ធិពលអវិជ្ជមានដល់សមតុល្យពាណិជ្ជកម្ម គណនីចរន្ត និងលទ្ធភាពនៃការប្តូរប្រាក់បរទេសរបស់មីយ៉ាន់ម៉ា។ ជាការពិត ការប្រយុទ្ធដែលបង្កឡើងដោយក្រុមអាវុធជនជាតិភាគតិចមីយ៉ាន់ម៉ានេះពិតជាបានបង្កការរាំងស្ទះដល់ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ប្រទេស ហើយក៏បានបង្កផលលំបាកដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះផងដែរ។ 
 
កន្លងមក ចិន បានអំពាវនាវឱ្យមីយ៉ាន់ម៉ាមានបទឈប់បាញ់ និងរក្សាស្ថិរភាពតាមតំបន់ព្រំដែន ក៏ដូចជាការពារទ្រព្យសម្បត្តិរបស់អ្នកវិនិយោគចិន ដែលមាននៅក្នុងរដ្ឋ Shan។ 
 
តាមការប្រកាសរបស់អង្គការសហប្រជាជាតិ (UN) ជម្លោះរវាងកម្លាំងជនជាតិភាគតិចមីយ៉ាន់ម៉ា និងយោធា បានបង្កឱ្យប្រជាជនជិត ៥០,០០០ នាក់បានភ្លៀងខ្លួនចេញពីតំបន់នោះ ដើម្បីរកកន្លែងសុវត្ថិភាព៕ 
 

Tag:
 មីយ៉ាន់ម៉ា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com