អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ីកំពុងជំរុញការទូតទុរេន
12, Nov 2023 , 8:39 am        
រូបភាព
រូបភាព ៖ បណ្តាញសង្គម X TAKAHASHI Katsuhiko
រូបភាព ៖ បណ្តាញសង្គម X TAKAHASHI Katsuhiko
ទុរេនម៉ាឡេស៊ី បានបង្ហាញវត្តមាននៅលើតុអាហារថ្ងៃត្រង់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជប៉ុនកាលពីសប្តាហ៍មុន ដើម្បីលើកកម្ពស់ផលិតផលផ្លែឈើរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ។

 
«នេះជាទុរេនទូត! » ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំម៉ាឡេស៊ី លោក Takahashi Katsuhiko កាលពីថ្ងៃទី៨ ខែវិច្ឆិកា បានបង្ហោះវីដេអូរបស់លោកនាយករដ្ឋមន្ត្រី ហ៊្វូមីអូ គីស៊ីដា បរិភោគទុរេនជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី៥ ខែវិច្ឆិកា ក្នុងដំ ណើរទស្សនកិច្ចរបស់មេដឹកនាំជប៉ុនទៅកាន់ម៉ាឡេស៊ី។ លោក Katsuhiko បានបន្ថែមថា នេះជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីស្វែងយល់ពីម៉ាឡេស៊ី។
 
ក្នុងវីដេអូលោក អាន់វ៉ា បានញញឹម និងលើកទឹកចិត្តឲ្យលោក គីស៊ីដា សាកល្បងទុរេន។ នាយករដ្ឋមន្ត្រីជប៉ុនបានប្រើសម និងស្លាបព្រាដើម្បីរមៀលដុំទុរេនតូចមួយ ហើយលោកបានញញឹមបន្ទាប់ពីភ្លក់វា។
 
នាយករដ្ឋមន្រ្តីជប៉ុនថ្លែងថា៖ «ឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់» ខណៈលោក អាន់វ៉ា និងភ្ញៀវបានសើចសប្បាយដើម្បីអបអរសាទរ។
 
នេះជាពេលវេលាដ៏រីករាយមួយ ស្របពេលមានរបៀបវារៈដែលរួមបញ្ចូលការពិភាក្សាជាច្រើនស្តីពីពាណិជ្ជកម្ម សន្តិសុខ របស់នាយករដ្ឋមន្ត្រីជប៉ុនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ម៉ាឡេស៊ី។ អ្នកការទូតជាច្រើនបានលើកឡើងថា គ្រាបែបនេះ ទោះបីរយៈពេលខ្លី ប៉ុន្តែមានសារសំខាន់ណាស់សម្រាប់ការកសាងទំនាក់ទំនងប្រកបដោយនិរន្តរភាព។
 
ម៉ាឡេស៊ីត្រូវបានគេចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសកំណើតនៃផ្លែទុរេន។ ប្រទេសនេះមានពូជ Musang King ដ៏ល្បីល្បាញ។ ទុរេនជាផ្លែឈើដែលមានទិន្នផលខ្ពស់ជាងគេនៅម៉ាឡេស៊ី ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២។
 
បើតាមសារព័ត៌មានម៉ឡេស៊ី The Star អំឡុងពេលដែលលោក អាន់វ៉ា ដឹកនាំក្រសួងការបរទេសម៉ាឡេស៊ីក្នុងឆ្នាំ ១៩៩៩ ដល់ ២០០៨ លោកបានណែនាំទុរេនដល់មន្ត្រីបរទេសជាច្រើន។
 
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះបានប្រាប់ The Star ថា ៖« កាលខ្ញុំនៅជារដ្ឋមន្ត្រី យើងតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការអញ្ជើញមន្ត្រីបរទេសទាំងអស់មកភ្លក្សរសជាតិធុរេន ប៉ុន្តែយើងក៏មិនអញ្ជើញពួកគេដែរ ប្រសិនបើពួកគេមិនបានស្នើសុំ»។
 
ម៉ាឡេស៊ីកំពុងលើកកម្ពស់ការទូតទុរេន ស្រដៀងទៅនឹងរបៀបដែលចិនធ្វើការទូតខ្លាឃ្មុំផេនដា ខណៈជប៉ុន និងកូរ៉េខាងត្បូងបង្កើនការទូតតាមរយៈខ្សែភាពយន្ត និងវប្បធម៌តន្ត្រី ចំណែកថៃផ្សព្វផ្សាយម្ហូបអាហារជាដើម។ 
 
យោងតាមទីភ្នាក់ងារស្ថិតិរបស់ម៉ាឡេស៊ី ប្រទេសនេះផលិតទុរេនបានជាង ៣០០ពាន់តោនក្នុងមួយឆ្នាំៗ ដែលភាគច្រើនបម្រើអ្នកប្រើប្រាស់ក្នុងស្រុក៕
 

Tag:
 ម៉ាឡេស៊ី
  ការទូត
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com