អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ដាក់ពន្ធនាគារអតីតរដ្ឋមន្រ្តីមហាផ្ទៃ ៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ
12, Nov 2023 , 10:45 am        
រូបភាព
អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងអតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Soe Htut។ រូបភាព The Irrawaddy
អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងអតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Soe Htut។ រូបភាព The Irrawaddy
អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងអតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Soe Htut នៅថ្ងៃទី១០ ខែវិច្ឆិកា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទអំពើពុករលួយ។

 
នៅក្នុងខែកញ្ញា ឧត្តមសេនីយ៍ឯក Soe Htut បានចុះចេញពីរដ្ឋាភិបាលគ្រប់គ្រងដោយយោធា និងវិលទៅកាន់តំណែងនៅក្នុងយោធាវិញ។ ក្រោយមក អតីតឧបនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួន ខណៈក្រុមគ្រួសារត្រូវបានសួរចម្លើយ ជាមួយសហគ្រិនជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។
 
តាមការចុះផ្សាយរបស់សារព័ត៌មាន Global New Light of Myanmar លោក Soe Htut បានរំលោភអំណាចរបស់ខ្លួន តាមរយៈការបញ្ជាឱ្យមន្រ្តីរបស់ខ្លួនចេញលិខិតឆ្លងដែនទៅឱ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅមីយ៉ាន់ម៉ា។ បន្ថែមពីនេះ អតីតរដ្ឋមន្រ្តីមហាផ្ទៃ បានទទួលសំណូក និងបំពានវិធានហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងមូលនិធិសុខុមាលភាពបុគ្គលក្រសួងមហាផ្ទៃ។ 
 
ឧត្តមសេនីយ៍ឯក Soe Htut ធ្លាប់ជាមេបញ្ជាការនៃបញ្ជាការដ្ឋានភូមិភាគខាងត្បូង និងជាប្រមុខចារកិច្ចយោធាមីយ៉ាន់ម៉ា។ នៅក្នុងឆ្នាំ២០២០ លោក Soe Htut ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃ មុននឹងក្លាយជាឧបនាយករដ្ឋមន្រ្តី ក្រោយពីរដ្ឋប្រហារយោធានៅខែកុម្ភៈ ឆ្នាំ២០២១។
 
កន្លងមក អតីតរដ្ឋមន្រ្តីមហាផ្ទៃ និងឧត្តមសេនីយ៍ត្រី Kyaw Soe Win បានដឹកនាំកងកម្លាំងទៅចាប់ខ្លួនលោក Win Myint ប្រធានាធិបតីនៃរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ក្នុងពេលធ្វើរដ្ឋប្រហារយោធាឆ្នាំ២០២១។ 
 
សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក Soe Htut ត្រូវបានមើលឃើញថា បានរីករាយនឹងជីវិតបែបប្រណិតជាមួយភរិយារបស់ខ្លួន។ លោកមានកូនប្រុសចំនួន ៣នាក់ ដែលមានធុរកិច្ចនៅក្នុងវិស័យសំណង់ មន្ទីរពេទ្យ ការផលិតអាហារ និងការនាំចូលទំនិញមកក្នុងប្រទេសជាដើម៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com