អន្តរជាតិ
តើអ្វីជាការទូតម្ហូបអាហារ?
12, Nov 2023 , 5:59 pm        
រូបភាព
រូបភាព Pixels
រូបភាព Pixels
ថ្វីត្បិតតែម្ហូបអាហារគឺត្រឹមតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិ ប៉ុន្តែវិស័យនេះជាអំណាចទន់ដ៏មានប្រសិទ្ធិភាពមួយដែលប្រទេសមួយចំនួន អាចប្រើប្រាស់ជាយុទ្ធសាស្រ្តនយោបាយការបរទេសរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចរបស់ខ្លួន។ តើអ្វីជា ការទូតម្ហូបអាហារ? វាកើតឡើងដោយរបៀបណា? ហើយប្រទេសណាខ្លះបានប្រើប្រាស់យុទ្ធសាស្រ្ដមួយនេះ?

 
ការទូតម្ហូបអាហារ ឬភាសាអង់គ្លេសហៅថា Gastro Diplomacy ត្រូវបានកកើតដំបូងនៅក្នុងឆ្នាំ២០០២ នៅក្នុងអត្ថបទមួយរបស់កាសែត The Economist ដែលបានសរសេររៀបរាប់អំពីរបៀបដែលអាហារបានក្លាយទៅជាឧបករណ៍មួយសម្រាប់ការផ្សព្វផ្សាយរបស់ថៃ។ យ៉ាងណាក្ដី ជាច្រើនឆ្នាំក្រោយមករហូត ពាក្យនេះបានរីករាលដាលក្នុងការប្រើប្រាស់កាន់តែខ្លាំង ។ 
 
និយាយឱ្យចំ ការទូតម្ហូបអាហារសំដៅទៅលើយុទ្ធនាការនៃទំនាក់ទំនងសាធារណៈ និងការវិនិយោគរបស់រដ្ឋាភិបាល ឬក៏រដ្ឋ ដែលជារឿយៗសហការបន្ថែមជាមួយតួអង្គមិនមែនរដ្ឋ ដើម្បីបង្កើនតម្លៃ និងជំហររបស់ជាតិខ្លួនតាមរយៈអាហារ។
 
ជាការពិត យុទ្ធសាស្រ្ដការទូតនេះ ជាផ្នែកមួយនៃអំណាចទន់របស់ជាតិ តាមរយៈការប្រើប្រាស់វប្បធម៌ជាតិរបស់ខ្លួនដើម្បីទទួលយកការពេញចិត្តពីអន្តរជាតិ។ ការទូតម្ហូបអាហារ អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ រួមទាំងជំរុញផ្នែកទេសចរណ៍ បង្កើនការនាំចេញកសិកម្ម ព្រមទាំងបង្កើនកេរ្ដិ៍ឈ្មោះរបស់ជាតិនៅលើឆាកអន្ដរជាតិផងដែរ។ 
 
មកទល់បច្ចុប្បន្ននេះ ប្រទេសមួយចំនួនបានខិតខំប្រឹងប្រែងជំរុញផ្នែកការទូតម្ហូបអាហាររបស់ខ្លួន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការកើនឡើងនៃការយល់ដឹងជាសកល នៃម្ហូបអាហាររបស់ពួកគេ ដែលក្នុងនោះរួមមាន ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី  តៃវ៉ាន់ និងអូស្រ្ដាលីជាដើម។ 
 
ជាក់ស្ដែង កាលពីឆ្នាំ២០០២ ថៃបានចាប់ផ្ដើមនូវយុទ្ធនាការមួយ ដែលហៅថា "Global Thai" ដើម្បីបង្កើនចំនួនភោជនីយដ្ឋានថៃនៅជុំវិញពិភពលោក និងដើម្បីធ្វើឱ្យម្ហូបដូចជា Pad Thai និង Pad See Eiu ទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លើសពីនេះ យុទ្ធនាការមួយនេះបានលើកកំពស់កេរ្ដិ៍ឈ្មោះរបស់ថៃនៅក្រៅប្រទេស  ហើយថែមទាំងបាន បណ្តុះនូវឱកាសសេដ្ឋកិច្ច និងភាពជាដៃគូសម្រាប់មេចុងភៅថៃ ផលិតផលម្ហូបអាហារ និងវប្បធម៌របស់ថៃផងដែរ។
 
ដោយឡែកនៅកូរ៉េខាងត្បូងវិញ ប្រទេសនេះបានបង្កើត Kimchi Diplomacy កាលពីឆ្នាំ២០០៩ ដែលជាគំនិតផ្តួចផ្តើមមួយដែលបានចំណាយប្រាក់អស់ ៧៧ លានដុល្លារ ដើម្បីបង្កើនចំនួនបួនដងនៃចំនួនភោជនីយដ្ឋានកូរ៉េនៅក្រៅប្រទេស និងជំរុញឱ្យអាហារកូរ៉េទៅជាមុខម្ហូបដ៏សំខាន់មួយរបស់ពិភពលោកត្រឹមឆ្នាំ ២០១៧។ 
 
ជាការពិត ការទូតម្ហូបអាហារពិតជាមានសារៈសំខាន់ ពីព្រោះថាអាហារជាតិអាចពង្រីកឱកាសសម្រាប់ប្រទេសមួយក្នុងការបង្កើនការទទួលស្គាល់នូវវប្បធម៌របស់ខ្លួនពីសំណាក់ប្រទេសដទៃ ខណៈពេលដែរផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន៕

Tag:
 ការទូត
  កម្ពុជា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com