សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
តើចិនប្រើយុទ្ធសាស្រ្តអ្វីខ្លះដើម្បីសង្រ្គោះវិស័យអចលនទ្រព្យ ?
12, Nov 2023 , 7:39 pm        
រូបភាព
រូបភាព ៖ WSJ
រូបភាព ៖ WSJ
បន្ទាប់ពីវិបត្តិអចលនទ្រព្យបានកើតឡើងអស់រយៈពេលជាងពីរឆ្នាំ ចិនបានអនុវត្តវិធានការជាច្រើន រាប់ចាប់ពីការបញ្ចុះអត្រាការប្រាក់ ការបន្ធូរបន្ថយបទប្បញ្ញត្តិការទិញផ្ទះ រហូត ដល់ការលើកទឹកចិត្តដល់ការវិនិយោគ។

 
ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនជាច្រើន ប្រឈមមុខបញ្ហារហូតដល់ដាក់ពាក្យ ការពារក្ស័យធនថែមទៀត។ ប្រឈមមុខវិបត្តិក្នុងវិស័យសំខាន់នេះ ចិនក៏ចាត់វិធានការជួយទ្រទ្រង់ដែរ។ 
 
ជាការដោះស្រាយមួយផ្នែក មន្ត្រីចិនបានស្នើសុំក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance Group ឱ្យទិញភាគហ៊ុនគ្រប់គ្រងនៅក្នុង Country Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនដ៏ធំបំផុតរបស់ចិន ដែលកំពុងជំពាក់បំណុលគេ។ រដ្ឋាភិបាលចិនបានដឹកនាំរដ្ឋាភិបាលខេត្តគ័ងតុង ដែលជាកន្លែងក្រុមហ៊ុនទាំងពីរមានទីស្នាក់ការកណ្តាលរបស់ខ្លួន ដើម្បីដើរតួជាអន្តរការីដើម្បីបញ្ចុះបញ្ចូលក្រុមហ៊ុន Ping An ក្នុងការជួយសង្គ្រោះ Country Garden ។
 
ក្រុមហ៊ុន Ping An ត្រូវបានជ្រើសរើសដោយសារតែវាជាម្ចាស់ភាគហ៊ុនធំរបស់ Country Garden។ មន្ត្រីចិនចង់ឱ្យបញ្ហាសាច់ប្រាក់ងាយស្រួលរបស់ Country Garden ត្រូវបានដោះស្រាយនៅក្នុងខេត្តមួយនេះ។
 
Country Garden មានបំណុលចំនួន ១,៤ទ្រីលានយ័ន (១៩០ពាន់លានដុល្លារ) គិតត្រឹ ចុងខែមិថុនា ហើយបច្ចុប្បន្នក្រុមហ៊ុននេះ មានគម្រោងប្រហែល ៣០០០ ដែលកំពុងសាងសង់នៅចិន។ Country Garden បានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ដែលស្ទើរតែជាប់នឹងហានិភ័យនៃការមិនដំណើរការ។
 
នេះមិនមែនជារឿងដែលមិនធ្លាប់មានពីមុនមកទេ សម្រាប់រដ្ឋាភិបាលចិន ជុំវិញមន្ត្រីដឹកនាំក្រុមហ៊ុនមួយឱ្យកាន់កាប់ក្រុមហ៊ុនមួយទៀត។ ប៉ុន្តែប្រសិនបើវាកើតឡើង នេះនឹងក្លាយជាអន្តរាគមន៍ដ៏ធំបំផុតមួយនៅចិនរហូតមកដល់បច្ចុប្បន្ន ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យដែលកំពុងជាប់ជំពាក់បំណុល និងខ្វះសាច់ប្រាក់ងាយស្រួល។
 
ទោះបីជាក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនផ្សេងទៀត រួមទាំងក្រុមហ៊ុន China Evergrande បានសងបំណុលរបស់ពួកគេក៏ដោយ រហូតមកដល់ពេលនេះ គោលនយោបាយរបស់ចិនបានផ្តោតជាសំខាន់លើការកាត់បន្ថយអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយច្បាប់ទិញផ្ទះ។ ដំណឹងជុំវិញក្រុមហ៊ុន Ping Anនេះ ជាសញ្ញាមួយដែលរដ្ឋាភិបាលចិនមានឆន្ទៈដើរតួនាទីកាន់ធំក្នុងដំណើរការនេះ។
 
កាលពីដើមសប្តាហ៍នេះ ភាគទុនិកកំពូលរបស់ China Vanke ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Shenzhen Metro ក៏បានប្រកាសថាខ្លួនបានរៀបចំថវិកាប្រហែល ១០ពាន់លានយ័ន(១,៤ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់ក្រុមហ៊ុនអចលនទ្រព្យធំទីពីររបស់ចិន។
 
ទីផ្សារអចលនទ្រព្យចិនមានវិបត្តិតាំងពីពាក់កណ្តាលឆ្នាំ ២០២១ ។ នៅពេលនោះ អាជីវកម្មជាបន្តបន្ទាប់ពីរាប់ចាប់ក្រុមហ៊ុនឯកជនធំៗដូចជា China Evergrande Group រហូតដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋាភិបាលដូចជា CIFI Holdings កំពុងប្រឈមនឹងការលំបាកលើលំហូរសាច់ប្រាក់ និងសមត្ថភាពក្នុងការសងបំណុល។
 
ហេតុផលចម្បងនេះដោយសារតែគោលនយោបាយ «បន្ទាត់ក្រហមបី» របស់ទីក្រុងប៉េកាំងដែលបានចាប់ផ្តើមដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ ដោយការកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការខ្ចីប្រាក់ថ្មី។ នេះត្រូវបានគេចាត់ទុកថាជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនក្នុងប្រទេសនេះមិនព្រមទទួលខុសត្រូវ។ 
 
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនប្រហែល៥០ បានលុបចោលសញ្ញាប័ណ្ណបរទេសជាមួយនឹងទំហំទឹកប្រាក់ ១០០ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ JPMorgan ។ អាជីវកម្មដែលគេចផុតពីការក្ស័យធន តែងតែស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ហើយពិបាកក្នុងការខ្ចីដើមទុនថ្មី។
 
នៅពាក់កណ្តាលឆ្នាំមុន ស្ថានភាពកាន់តែធ្ងន់ធ្ងរដោយតម្លៃផ្ទះនៅចិនបន្តធ្លាក់ចុះ។ គម្រោងជាច្រើនត្រូវបានផ្អាកដោយសារកង្វះដើមទុន។ រលកនៃការបញ្ឈប់ការបង់ប្រាក់កម្ចីទិញផ្ទះបានផ្ទុះឡើងគ្រប់ទីកន្លែង។ យុទ្ធនាការប្រឆាំងកូវីដ-១៩ ដ៏ស្វិតស្វាញរបស់ចិន បានធ្វើឱ្យខូចទំនុកចិត្តទីផ្សារបន្ថែមទៀត។
 
បច្ចុប្បន្នអចលនទ្រព្យបានរួមចំណែកដល់ ២៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ចិន។ ដូច្នេះបញ្ហានៅក្នុងវិស័យនេះកំពុងបង្កឱ្យមានការភ័យខ្លាចក្នុងការបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុរីករាលដាល។
 
ដូច្នេះរដ្ឋាភិបាលទីក្រុងប៉េកាំងត្រូវតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងស្វែងរកមធ្យោបាយដើម្បីស្តារវិស័យនេះឡើងវិញ។ នៅខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលចិនបានបញ្ឈប់កម្មវិធីសាកល្បងដាក់ពន្ធលើអចលនទ្រព្យ។ ប្រទេសនេះក៏បានបន្តជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុជួយដល់វិស័យនេះផងដែរ។
 
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងប៉េកាំងបានចាប់ផ្តើមផែនការ ១៦ចំណុចដើម្បីសង្គ្រោះទីផ្សារអចលនទ្រព្យដែលត្រូវបានចាប់ផ្តើមដោយធនាគារកណ្តាលចិន (PBOC) និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) នៅពាក់កណ្តាលខែ។ ផែនការនេះផ្តល់ការណែនាំដល់អាជ្ញាធរហិរញ្ញវត្ថុនៅទូទាំងប្រទេស ផ្តោតលើការដោះស្រាយវិបត្តិសាច់ប្រាក់ងាយស្រួលនៃអាជីវកម្ម ហើយនឹងបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តោះអាសន្នលើការផ្តល់ប្រាក់កម្ចីរបស់ធនាគារ។
 
នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្នះខ្នែងរបស់ចិន ក្នុងការជួយសង្គ្រោះទីផ្សារដែលអតីតទេសាភិបាលធនាគារកណ្តាលចិន Yi Gang ធ្លាប់បានរំពឹងទុកថានឹងបន្ទន់ឥរិយាបថជុំវិញអត្រាការប្រាក់។ ប៉ុន្មានសប្តាហ៍ក្រោយមក ធនាគារចិនជាបន្តបន្ទាប់បានប្រកាសថាពួកគេនឹងប្រមូលប្រាក់រាប់រយពាន់លានដុល្លារទៅក្នុងអចលនទ្រព្យ។ នេះត្រូវបានចាត់ទុកថាជាជោគជ័យដំបូងនៃផែនការនេះ។
 
ជាក់ស្តែង ធនាគាររដ្ឋធំៗចំនួន៦ របស់ចិនគ្រោងនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ១៤០ពាន់លានដុល្លារចូលទៅក្នុងទីផ្សារ។ ដើមទុនខាងលើគឺភាគច្រើនសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ កម្ចីទិញផ្ទះសម្រាប់អតិថិជន និងការទិញយកការផ្តល់ហិរញ្ញប្បទានខ្សែច្រវាក់ផ្គត់ផ្គង់ និងការវិនិយោគមូលបត្របំណុល។
 
នៅពាក់កណ្តាលឆ្នាំនេះ PBOC បានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ប្រាក់កម្ចីយ៉ាងច្រើនដោយបានពង្រីកគោលនយោបាយមួយចំនួននៅក្នុងកញ្ចប់សង្គ្រោះ ១៦ចំណុចរហូតដល់ចុងឆ្នាំ ២០២៤ ។
 
រដ្ឋាភិបាលចិនក៏បានអនុម័តផែនការសាងសង់លំនៅឋានតម្លៃទាប និងជួសជុលតំបន់មិនទាន់អភិវឌ្ឍន៍ជាច្រើននៅក្នុងទីក្រុងធំៗ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ជាងនេះទៅទៀត ចិនក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួនដូចជាការកាត់បន្ថយអត្រាការប្រាក់កម្ចីសម្រាប់អ្នកទិញលើកដំបូង និងកាត់បន្ថយការបង់ប្រាក់ចុះសម្រាប់ការទិញផ្ទះនៅក្នុងទីក្រុងមួយចំនួន។
 
លើសពីនេះ ធនាគារក៏បានបង្កើតវិធីមួយដែលមិនធ្លាប់ប្រើពីមុនមកក្នុងការលើកទឹកចិត្តដល់ប្រាក់កម្ចីទិញផ្ទះ។ កាលពីដើមឆ្នាំនេះ ធនាគារមួយចំនួននៅទីក្រុងណាននីង ហាងចូវ នីងប៉ និងប៉េកាំង បានដំឡើងកម្រិតអាយុសម្រាប់អ្នកខ្ចីប្រាក់កម្ចីទិញផ្ទះដល់អាយុ៨០ឆ្នាំ ទៅ៩៥ឆ្នាំ។ នេះមានន័យថាមនុស្សដែលមានអាយុ ៧០ឆ្នាំក៏អាចខ្ចីបានជាមួយនឹងរយៈពេល ១០ឆ្នាំទៅ ២០ឆ្នាំ។ នេះជាឧបករណ៍ជំរុញឥរិយាបថអ្នកប្រើប្រាស់ ព្រោះវាអាចកាត់បន្ថយបន្ទុកសងបំណុលប្រចាំខែ។
 
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋានក៏បានចូលរួមក្នុងការជួយសង្គ្រោះវិស័យនេះ។ នៅខែមិថុនា ឆ្នាំ ២០២២ ទីក្រុង Meishan ក្នុងខេត្តស៊ីឈ័នបានប្រកាសការឧបត្ថម្ភធនសម្រាប់ការទិញផ្ទះថ្មីក្នុងកំឡុងឆ្នាំ។ Wenzhou ដែលជាទីក្រុងមួយក្នុងខេត្តជឺជាំង អនុញ្ញាតឱ្យអ្នកទិញផ្ទះដំបូងបង់ការប្រាក់ត្រឹមតែ ៣ឆ្នាំដំបូងប៉ុណ្ណោះ។ Huainan ដែលជាទីក្រុងមួយនៅខេត្តអានហ៊ុយ បានស្នើឱ្យធនាគារបង្កើនការផ្តល់ប្រាក់កម្ចី និងកាត់បន្ថយរយៈពេលនៃការអនុម័តប្រាក់កម្ចីសម្រាប់អ្នកទិញផ្ទះលើកដំបូង។
 
ជាងនេះទៅទៀត ក្រុមហ៊ុនអចលនទ្រព្យខ្លួនឯងក៏ផ្តល់ការលើកទឹកចិត្តជាច្រើនដើម្បីទាក់ទាញអតិថិជនផងដែរ។ នៅក្នុងខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យ Central China Real Estate បានទទួលការបង់ប្រាក់ជាស្រូវសាលី ដោយបានឧបត្ថម្ភកសិកររហូតដល់ ១៦០ពាន់យ័ន (២៤ពាន់ដុល្លារ) ដើម្បីទូទាត់សម្រាប់ការបង់រំលស់ដើម្បីទិញផ្ទះនៅក្នុងគម្រោងផ្ទះល្វែង River Mansion របស់ក្រុមហ៊ុននេះនៅខេត្តហឺណាន។ ប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុនក៏បានស្នើឱ្យទទួលយកការបង់ប្រាក់ជាខ្ទឹម ពីអ្នកដែលកំពុងស្វែងរកទិញផ្ទះនៅក្នុងគម្រោងមួយផ្សេងទៀតនៅក្នុងទីក្រុង Kaifeng ។
 
យ៉ាងណាមិញ ទីផ្សារអចលនទ្រព្យចិនមិនត្រូវបានចាត់ទុកថាមានភាពប្រសើរឡើងច្រើននោះទេ។ ទិន្នន័យដែលបានចេញផ្សាយកាលពីខែមុនបានបង្ហាញថាតម្លៃផ្ទះថ្មីនៅចិនបានធ្លាក់ចុះបីខែជាប់ៗគ្នាគិតត្រឹមចុងខែកញ្ញា។
 
បើផ្អែកតាមទំហំដី ការលក់អចលនទ្រព្យក្នុងខែកញ្ញាធ្លាក់ចុះជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការវិនិយោគលើអចលនទ្រព្យបានថយចុះ ៩,១ភាគរយ ក្នុងរយៈពេល ៩ខែនៃឆ្នាំនេះ។
 
អ្នកទិញផ្ទះស្ទាក់ស្ទើរព្រោះចង់រង់ចាំតម្លៃធ្លាក់ចុះបន្តទៀត។ ផ្នត់គំនិតនេះកំពុងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ពីព្រោះភ្នាក់ងារអចលនទ្រព្យត្រូវការលក់ផ្ទះបន្ថែមទៀតដើម្បីប្រមូលប្រាក់ និងជៀសវាងការខកខាន។
 
កាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្កើនការព្យាករកំណើនរបស់ចិនដល់ ៥,៤ភាគរយនៅឆ្នាំនេះ។ យ៉ាងណាមិញ IMF បានព្រមានថាសេដ្ឋកិច្ចចិននៅតែប្រឈមមុខនឹងហានិភ័យជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ស្ថាប័ននេះជឿថាវិស័យអចលនទ្រព្យនៅចិនក្នុងពេលបច្ចុប្បន្ននេះ«នៅតែទន់ខ្សោយ»។
 
IMF អំពាវនាវឱ្យចិនអនុញ្ញាតឱ្យក្រុមហ៊ុនអចលនទ្រព្យដែលមិនអាចងើបឡើងវិញបានចាកចេញពីទីផ្សារ។ ស្ថាប័ននេះយល់ថាការអនុញ្ញាតឱ្យអាជីវកម្មទន់ខ្សោយរបស់ចិនបន្តប្រតិបត្តិការបានរារាំងការងើបឡើងវិញនៃវិស័យនេះ។
 
ក្នុងអំឡុងពេលវេទិកាហិរញ្ញវត្ថុនៅទីក្រុងហុងកុងកាលពីដើមសប្តាហ៍នេះ ទេសាភិបាលរង PBOC លោក Zhang Qingsong ក៏បានទទួលស្គាល់ថា វិស័យអចលនទ្រព្យកំពុងធ្លាក់ចុះ។
 
« យើងត្រូវតែគ្រប់គ្រងល្បឿននេះឱ្យកាន់តែឆាប់ ដើម្បីជៀសវាងការធ្លាក់ចុះយ៉ាងខ្លាំង និងផលវិបាកដែលមិននឹកស្មានដល់។ យើងបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីរក្សាស្ថិរភាពទីផ្សារអចលនទ្រព្យ»។ នេះបើតាមលោក Zhang Qingsong ដោយអំពាវនាវដល់មន្ត្រីឱ្យស្វែងរកមធ្យោបាយថ្មីដើម្បីរក្សាកំណើនសេដ្ឋកិច្ច ព្រោះគំរូចាស់ពឹងផ្អែកលើការវិនិយោគ និងអចលនទ្រព្យលែងមាននិរន្តរភាពហើយ ៕
 

Tag:
 ចិន
  អចលនទ្រព្យ
  Country Garden
  China Evergrande
© រក្សាសិទ្ធិដោយ thmeythmey.com