អន្តរជាតិ
មេដឹកនាំអារ៉ាប់ និងមូស្លីមជំរុញឱ្យICC បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមលើអ៊ីស្រាអែល
12, Nov 2023 , 8:59 pm        
រូបភាព
មេដឹកនាំអារ៉ាប់ និងមូស្លីម ថតរូបជុំគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា។  រូបភាព The Canberra Times
មេដឹកនាំអារ៉ាប់ និងមូស្លីម ថតរូបជុំគ្នានៅថ្ងៃទី១១ ខែវិច្ឆិកា។ រូបភាព The Canberra Times
មេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីម នៅថ្ងៃទី១១ ខែវិច្ឆិកា បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្តនៅក្នុងតំបន់កាហ្សា។

 
ពីទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត មេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីមជាច្រើននាក់ បានមកជួបជុំគ្នា នៅក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញអារ៉ាប់-មូស្លីម នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា ដោយបានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ នៅក្នុងតំបន់កាហ្សា រួមទាំងច្រានចោលសកម្មភាពរបស់យោធាអ៊ីស្រាអែល ជាការការពារខ្លួន។ 
 
ដោយមើលឃើញពីករណីស្លាប់ដ៏ច្រើនសន្ធឹកនៃប្រជាជនស៊ីវិល រួមទាំងកុមារនៅក្នុងតំបន់កាហ្សា មេដឹកនាំបណ្តាប្រទេសអារ៉ាប់ និងមូស្លីម បានទទូចឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែល បានប្រព្រឹត្តនៅក្នុងទឹកដីកាហ្សា។ នេះបើតាមសេចក្តីថ្លែងការណ៍រួមចុងក្រោយនៃកិច្ចប្រជុំកំពូលវិសាមញ្ញអារ៉ាប់-មូស្លីម។ 
 
ក្នុងរយៈពេលជម្លោះជាងរយៈពេល ១ខែមកនេះ អ្នកស្លាប់នៅក្នុងតំបន់កាហ្សាបានកើនលើសពី ១១០០០ននាក់ ដោយក្នុងនោះមានកុមារជាច្រើននាក់ផង។ អ៊ីស្រាអែល បានការពារសកម្មភាពរបស់ខ្លួនថា ក្រុមហាម៉ាស បានយកប្រជាជនស៊ីវិលធ្វើជាខែលសម្រាប់ការពារខ្លួន។ 
 
កិច្ចប្រជុំកំពូលមួយនេះ ត្រូវបានចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi, ប្រធានាធិបតីតួកគី លោកតៃយីប អ៊ែរដូហ្កាន់, ប្រធានាធិបតីស៊ីរី លោក Bashar al-Assad, មេដឹកនាំកាតា Tamim bin Hamad Al Thani និងព្រះអង្គម្ចាស់ Mohammed bin Salman ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
«យើងកំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ដែលបង្ហាញពីភាពបរាជ័យរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងការបញ្ចប់ការបំពានច្បាប់អន្តរជាតិពីសំណាក់អ៊ីស្រាអែល»។ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំក្នុងថ្ងៃទី១១ ខែវិច្ឆិកា ដោយបន្តជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន។ 
 
ចំណែក ប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីនប្រចាំនៅតំបន់ត្រើយខាងលិច (West Bank) លោក Mahmoud Abbas បានយល់ឃើញថា ប្រជាជនប៉ាឡេស្ទីន កំពុងប្រឈមនឹងឧក្រិដ្ឋកម្មសង្រ្គាម និងជំរុញឱ្យអាម៉េរិកបញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់កាហ្សា។ 
 
ស្របគ្នានេះ មេដឹកនាំកាតា ដែលជាមូលដ្ឋានសម្រាប់មេដឹកនាំក្រុមហាម៉ាសមួយចំនួន បានស្វះស្វែងរកការសម្របសម្រួល ដើម្បីរំដោះចំណាប់ខ្មាំងអ៊ីស្រាអែល និងបង្ហាញក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់អាចនឹងមានក្នុងពេលឆាប់ៗ។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីមានការវាយប្រហារនៅថ្ងៃទី៧ ខែតុលា មេដឹកនាំអ៊ីស្រាអែល បានប្តេជ្ញាបោសសម្អាតក្រុមហាម៉ាសឱ្យអស់ពីដែនដីកាហ្សា ដើម្បីបង្ការការវាយប្រហារជាថ្មីម្តងទៀត។ មិនតែប៉ុណ្ណោះ មេដឹកនាំអ៊ីស្រាអែល តែងបដិសេដកិច្ចព្រមព្រៀងបទឈប់បាញ់ ក្រោមហេតុផលមិនចង់ឱ្យក្រុមហាម៉ាស ពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ៕
 

Tag:
 អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
  កាហ្សា
© រក្សាសិទ្ធិដោយ thmeythmey.com