សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌារកវិធីបង្កើនល្បឿនសេដ្ឋកិច្ចទៀតខណៈពិភពលោកកំពុងជួបវិបត្តិ
13, Nov 2023 , 8:39 am        
រូបភាព
ឥណ្ឌាត្រូវបានរំពឹងថា នឹងជំនួសចិនជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចពិភពលោក ដោយសារការកើនឡើងចំនួនប្រជាជន និងការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

 
អ្នកវិភាគបានប្រៀបប្រដូចសេដ្ឋកិច្ចឥណ្ឌាទៅនឹងសត្វដំរីដែលវាពិបាកក្នុងការផ្លាស់ទី ប៉ុន្តែនៅពេលដែលផ្លាស់ទីហើយនោះ វានឹងបោះជំហានយ៉ាងខ្លាំងក្លា។ តួយ៉ាងនៅពេលសេដ្ឋកិច្ចពិភពលោកថ្មីៗនេះបានជួបប្រទះវិបត្តិផ្ទួនៗគ្នា ឥណ្ឌាបានឆ្លៀតយកឱកាសនេះដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន។
 
ជាក់ស្តែងកាលពីដើមឆ្នាំនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅស្វីស អ្នកតំណាងជនជាតិឥណ្ឌាត្រូវបានប្រទះឃើញនៅលើដងវិថីសំខាន់ៗនៃទីក្រុង Davos ច្រើនដល់ថ្នាក់វិនិយោគិនយល់ថាផ្លូវនេះទុកសម្រាប់ជនជាតិឥណ្ឌា។ 
 
ប៉ុន្មានខែក្រោយមក ឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ដែលរួមមានមេដឹកនាំនៃប្រទេសចំនួន ២០ នៃបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងរីកចម្រើនឈានមុខគេរបស់ពិភពលោក។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជាលើកដំបូងនៅឥណ្ឌា ដែលជួយផ្សារភាគហ៊ុនរបស់ប្រទេសនេះបន្តឈានដល់កម្រិតកំពូល។
 
សេដ្ឋកិច្ចឥណ្ឌាស្ទុះងើបឡើង ស្របពេលពិភពលោកជួបវិបត្តិ
 
បើតាមរបាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនបច្ចេកវិទ្យា Fitch Solutions ទីផ្សារអ្នកប្រើប្រាស់នៅឥណ្ឌានឹងធំជាងគេនៅលើពិភពលោកមុនឆ្នាំ ២០២៧ ដោយសារតែការកើនឡើងនៃចំនួនគ្រួសារដែលមានប្រាក់ចំណូលមធ្យម និងខ្ពស់។
 
ទន្ទឹមនេះ កាលពីខែមុនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ ឥណ្ឌានឹងក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ របស់ពិភពលោកមុនឆ្នាំ ២០៣០។ ឥណ្ឌាអាចគ្រងតំណែងនេះនៅដើមឆ្នាំ២០២៧ ។ នៅពេលនោះ GDP របស់ឥណ្ឌានឹងមានចំនួន ៥ ៤៣០ពាន់លានដុល្លារ ដែលលើសពីអាល្លឺម៉ង់មានត្រឹម ៥ ៣៣០ពាន់លានដុល្លារ និងជប៉ុនមាន ៤ ៥៧០ពាន់លានដុល្លារ។
 
សមិទ្ធផលរបស់ឥណ្ឌាមិនត្រូវបានកំណត់ត្រឹមប៉ុណ្ណោះនោះទេ។ កាលពីខែសីហា ប្រទេសនេះបានចូលរួមជាមួយនឹងប្រទេសមួយចំនួន ដែលបានបញ្ជូនយានអវកាសទៅកាន់ឋានព្រះចន្ទ។ នេះបង្ហាញពីមហិច្ឆតាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ធំរបស់ទីក្រុងញូវដេលី។
 
លើសពីនេះ ឥណ្ឌាទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ ស្របពេលចិនដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ កំពុងធ្លាក់ចុះ។ ដូច្នេះ ប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានរំពឹងថានឹងក្លាយជាអ្នកស្នងតំណែងដ៏មានសក្តានុពល។ ឥណ្ឌាមានលក្ខខណ្ឌអំណោយផលជាច្រើន ពីការកើនឡើងចំនួនប្រជាជនវ័យក្មេង រហូតដល់មានរោងចក្រដែលត្រូវបានគេសាងសង់នៅគ្រប់ទីកន្លែង។
 
«សេដ្ឋកិច្ចឥណ្ឌាកំពុងស្វែងរកការបង្កើនល្បឿន។ នោះមិនអាចប្រកែកបានទេ។ ពួកគេបានអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កំណើនដ៏រឹងមាំ។ ប្រទេសនេះក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគបរទេសផងដែរ»។ លោក Eswar Prasad សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Cornell ថ្លែងប្រាប់ទូរទស្សន៍ CNN។
 
បច្ចុប្បន្នឥណ្ឌាមានទំនាក់ទំនងល្អជាមួយលោកខាងលិច។ ទន្ទឹមនឹងនេះ បស្ចិមប្រទេសនាពេលថ្មីៗនេះមានការសង្ស័យ និងប្រយ័ត្នប្រយែងចំពោះចិន។ ដូច្នេះហើយ បច្ចុប្បន្នអ្នកវិនិយោគមើលឃើញថា ឥណ្ឌាជាចំណុចបំភ្លឺពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង។
 
ឥណ្ឌាមានមហិច្ឆតាចង់ក្លាយជាមហាអំណាចសេដ្ឋកិច្ចនាំមុនចិន 
 
កាលពីប៉ុន្មានទសវត្សរ៍មុន ពិភពលោកមានសុទិដ្ឋិនិយមជាច្រើនចំពោះឥណ្ឌា។ យ៉ាងណាក្ដីរំភើបចិត្តនេះមិនបានយូរប៉ុន្មានឡើយ ដែលត្រូវបានចិននាំមុខដណ្តើមយកទៅវិញ។ បច្ចុប្បន្ន គម្លាតមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះនៅមានទំហំធំនៅឡើយ។ ឥណ្ឌាជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោកដែលមាន GDP ជិត ៣៥០០ពាន់លានដុល្លា ខណៈចិនជាប់ចំណាត់ថ្នាក់លេខ ២ ដែលមានទ្រព្យសម្បត្តិជិត ១៥ទ្រីលានដុល្លារ។
 
នៅក្នុងរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាពកាលពីខែមុន IMF បានព្យាករថា សេដ្ឋកិច្ចអាស៊ីទាំងពីរនេះនឹងរួមចំណែកពាក់កណ្តាលនៃកំណើនពិភពលោកនៅឆ្នាំនេះ។ ទោះជាយ៉ាងណា ចិននៅតែចូលរួមចំណែកយ៉ាងសំខាន់។
 
ដើម្បីឈ្នះតួនាទីរបស់ចិនដែលជាម៉ាស៊ីនកំណើនពិភពលោកក្នុងរយៈពេល៥ឆ្នាំខាងមុខ ធនាគារ Barclays បានព្យាករថា ឥណ្ឌាត្រូវការកំណើនជាបន្តបន្ទាប់ក្នុងអត្រា ៨ភាគរយក្នុងមួយឆ្នាំ។  ប៉ុន្តែ IMF បានព្យាករថា ប្រទេសអាស៊ីខាងត្បូងនឹងមានកំណើនត្រឹមតែ៦,៣ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ។
 
សេដ្ឋកិច្ចឥណ្ឌាអាចលូតលាស់យ៉ាងងាយស្រួលយ៉ាងហោចណាស់ ៦ភាគរយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែដើម្បីឈានដល់ ៨ភាគរយវិស័យឯកជនរបស់ប្រទេសនេះ ចាំបាច់ត្រូវបង្កើនការវិនិយោគដល់កម្រិតថ្មីមួយ ។
 
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី នារិន្ទ្រា ម៉ូឌី បានកំណត់គោលដៅ GDP ឲ្យបានចំនួន ៥ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ដូច្នេះហើយប្រទេសនេះបានដាក់មូលដ្ឋានគ្រឹះដើម្បីធ្វើឱ្យអាជីវកម្មមានភាពងាយស្រួលក្នុងប្រតិបត្តិការ និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។
 
បើធៀបទៅនឹងចិនកាលពី ៣ទសវត្សរ៍មុន ឥណ្ឌាកំពុងចាក់លុយយ៉ាងច្រើនទៅក្នុងហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសនេះបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសាងសង់ផ្លូវ កំពង់ផែ អាកាសយានដ្ឋាន និងផ្លូវរថភ្លើង។ ក្នុងថវិកាសម្រាប់ឆ្នាំនេះមាន ១២០ពាន់លានដុល្លារត្រូវបានកំណត់ទុកសម្រាប់គម្រោងចំណាយដើម្បីជំរុញសេដ្ឋកិច្ច។
 
ក្នុងអំឡុងឆ្នាំ ២០១៤ - ២០២២ ឥណ្ឌាបានបន្ថែមការកសាងផ្លូវ ៥០ពាន់គីឡូម៉ែត្រទៅក្នុងប្រព័ន្ធផ្លូវដែកជាតិ។ រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា ល្បឿននៃការសាងសង់គម្រោងផ្លូវល្បឿនលឿននៅទូទាំងប្រទេសបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេល៩ឆ្នាំមុន។
 
បន្ថែមពីនេះ ឥណ្ឌាក៏កំពុងធ្វើឌីជីថលសេដ្ឋកិច្ចយ៉ាងសកម្មដែរ។ បច្ចុប្បន្នប្រទេសនេះ ជាផ្ទះសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយរបស់ពិភពលោក។ បើតាមលោក Eswar Prasad ការធ្វើឌីជីថលបានផ្លាស់ប្តូរជីវិតរបស់មនុស្ស និងអាជីវកម្មនៅក្នុងប្រទេសនេះ។ យុទ្ធសាស្រ្តនេះកាត់បន្ថយឧបសគ្គជាច្រើនចំពោះសកម្មភាពអាជីវកម្ម ខណៈពេលដែលជួយប្រជាជនឥណ្ឌាទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលសេដ្ឋកិច្ច។
 
ជាឧទាហរណ៍ កម្មវិធីកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់ Aadhaar ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០០៩ បានផ្លាស់ប្តូរជីវិតរបស់ប្រជាជនឥណ្ឌារាប់លាននាក់ ដោយជួយពួកគេឱ្យផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេជាលើកដំបូង។ បច្ចុប្បន្ននេះ វាជាមូលដ្ឋានទិន្នន័យវិទ្យាសាស្រ្តដ៏ធំបំផុតរបស់ពិភពលោក ដែលគ្របដណ្តប់ភាគច្រើននៃប្រជាជនឥណ្ឌាដែលមានចំនួន ១,៤ពាន់លាននាក់។ វាក៏ជួយរដ្ឋាភិបាលសន្សំប្រាក់រាប់លានដុល្លារនៅពេលកាត់បន្ថយអំពើពុករលួយក្នុងគោលនយោបាយសន្តិសុខសង្គម។
 
កម្មវិធីមួយទៀតគឺកម្មវិធី UPI (Unified Payments Interface) ក៏ជួយអ្នកប្រើប្រាស់បង់ប្រាក់ភ្លាមៗដោយការស្កេនកូដ QR ។ វិធីសាស្ត្រនេះកំពុងពេញនិយមកាន់តែខ្លាំងឡើងនៅឥណ្ឌា ដែលត្រូវបានប្រើដោយទាំងម្ចាស់ហាងកាហ្វេ ហើយរួមទាំងអ្នកសុំទានផងដែរ។
 
កាលពីខែកញ្ញា លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានដកស្រង់របាយការណ៍របស់ធនាគារពិភពលោក (WB) ដោយនិយាយថា អរគុណចំពោះហេដ្ឋារចនាសម្ព័ន្ធឌីជីថល ឥណ្ឌាបានសម្រេចគោលដៅនៃការដាក់បញ្ចូលហិរញ្ញវត្ថុក្នុងរយៈពេលត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ ជំនួសឱ្យពេលខ្លីបំផុត ៤៧ឆ្នាំ។
 
ជាមួយគ្នានេះ សាជីវកម្មពហុឧស្សាហកម្មឈានមុខគេរបស់ឥណ្ឌា មាន Mukesh Ambani និង Andani Group បានចំណាយប្រាក់រាប់ពាន់លានដុល្លារ លើបច្ចេកវិទ្យា 5G និងប្រេងឥន្ធនៈស្អាត។ អាជីវកម្មទាំងនេះ ចាប់ផ្តើមពីកែច្នៃឧស្សាហកម្មប្រពៃណី ដូចជាឥន្ធនៈហ្វូស៊ីលជាដើម។
 
បញ្ហាប្រឈមរបស់ឥណ្ឌា ដែលមិនអាចនាំមុខចិននាពេលឆាប់ៗនេះ 
 
ឥណ្ឌាកំពុងទទួលបានអត្ថប្រយោជន៍ ពីយុទ្ធសាស្ត្របង្រួបបង្រួមខ្សែច្រវាក់ផ្គត់ផ្គង់ របស់ ក្រុមហ៊ុនពិភពលោក។ អាជីវកម្មជាច្រើន ចង់ធ្វើពិពិធកម្មដើម្បីជៀសវាងការពឹងផ្អែកលើ ចិន ជាពិសេសចាប់តាំងពីភាពតានតឹង រវាងអាម៉េរិក និងចិន បានកើនឡើងក្រោយវិបត្តិ កូវីដ-១៩។ 
 
ជាងនេះទៅទៀត ឥណ្ឌាបានប្រកាសកម្មវិធីលើកទឹកចិត្តផលិតកម្មចំនួន ២៦ពាន់លានដុល្លារ ដើម្បីទាក់ទាញអាជីវកម្មឱ្យបើករោងចក្រក្នុងវិស័យចំនួន ១៤ ចាប់ពីគ្រឿងអេឡិចត្រូនិក រថយន្ត រហូតដល់ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។ ជាលទ្ធផល អាជីវកម្មធំៗមួយចំនួនដូចជា Foxconn ដែលជាក្រុមហ៊ុនដំឡើងសម្រាប់ Apple បានពង្រីកប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំងនៅឥណ្ឌា។
 
យ៉ាងណាមិញ អ្នកជំនាញជាច្រើនជឿថា ឥណ្ឌាពិបាកនឹងធ្វើអព្ភូតហេតុសេដ្ឋកិច្ចឡើងវិញដូចចិនកាលពីប៉ុន្មានទសវត្សរ៍មុន។ លោក Willy Shih សាស្ត្រាចារ្យនៅសាលាធុរកិច្ច Harvard បានបញ្ជាក់ថា៖ «មិនដូចចិននៅចុងទសវត្សរ៍៩០ទេ រដ្ឋាភិបាលឥណ្ឌាមិនទាន់បានដកចេញនូវឧបសគ្គចំពោះការវិនិយោគបរទេសឱ្យបានឆាប់រហ័សនោះទេ។ ខ្ញុំគិតថាឥណ្ឌានៅតែមាននីតិវិធីដ៏លំបាក សេដ្ឋកិច្ចដែលមិនអាចទាយទុកជាមុនបាន និងឧបសគ្គជាច្រើន»។
 
នៅឆ្នាំ២០១៦ ឥណ្ឌាស្រាប់តែលុបចោលក្រដាសប្រាក់៥០០រូពី និង ១ ០០០រូពី ដែលបណ្តាលឱ្យអាជីវកម្មជាច្រើនដែលពឹងផ្អែកលើសាច់ប្រាក់នេះ ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ប្រជាជនឥណ្ឌារាប់ពាន់នាក់បាននាំគ្នាទៅធនាគារដើម្បីប្តូរប្រាក់ ដោយសារតែរូបិយប័ណ្ណទាំងពីរនេះមានប្រជាប្រិយភាពខ្លាំង។ ធនាគារត្រូវធ្វើការបន្ថែមម៉ោង និងរៀបចំបុគ្គលិកបន្ថែម ដើម្បីដោះស្រាយរឿងនេះ។
 
ទោះបីជាឥណ្ឌាបានធ្វើកិច្ចការជាច្រើនដើម្បីទាក់ទាញអាជីវកម្មបរទេសក៏ដោយ ក៏រដ្ឋាភិបាលមិនចាប់អារម្មណ៍ខ្លាំងចំពោះអាជីវកម្មមកពីចិនដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ ឥណ្ឌា មិនបានអនុម័តផែនការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដោយក្រុមហ៊ុន BYD និងក្រុមហ៊ុនក្នុងស្រុកមួយដោយបារម្ភពីសន្តិសុខជាតិ។
 
នៅក្នុងរបាយការណ៍មួយកាលពីខែមុនដោយធនាគារ HSBC អ្នកសេដ្ឋកិច្ច Frederic Neumann និង Justin Feng បានសរសេរថា ៖« ឥណ្ឌាមានតិចតួចពេកក្នុងការបំពេញចន្លោះនៅក្នុងម៉ាស៊ីនកំណើនរបស់ចិន។ ពួកគេក៏ចង្អុលបង្ហាញថា ប្រទេសទាំងពីរមានភាពខុសគ្នាក្នុងការប្រើប្រាស់ និងការវិនិយោគ»។
 
បច្ចុប្បន្នចិនបានរួមចំណែក ៣០ភាគរយ នៃការវិនិយោគពិភពលោក ខណៈដែលឥណ្ឌាមានត្រឹមតែ ៥ភាគរយប៉ុណ្ណោះ។ ទោះបីជាចិនឈប់ ហើយឥណ្ឌាបង្កើនល្បឿនវិនិយោគរបស់ខ្លួនបីដងក៏ដោយ វានឹងនៅតែចំណាយពេល ១៨ឆ្នាំទៀតដើម្បីចាប់យកការវិនិយោគពីចិន។ ការប្រើប្រាស់នៅឥណ្ឌា នឹងចំណាយពេល ១៥ឆ្នាំទៀតដើម្បីឈានដល់កម្រិតបច្ចុប្បន្នរបស់ចិន។ នេះបើតាមរបាយការណ៍របស់ HSBC ៕ 

Tag:
 ឥណ្ឌា
  សេដ្ឋកិច្ច
  ចិន
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com