កីឡាអន្តរជាតិ
អន្តរជាតិ
៨គ្រាប់កើតឡើងរវាង Chelsea-Man City, លោក Carragher ថានេះជាប្រកួតអស្ចារ្យនៅ EPL
13, Nov 2023 , 9:43 am        
រូបភាព
ជំនួបក្រុមខ្លាំងប្រចាំសប្តាហ៍ រវាង Chelsea និងម្ចាស់ការពារតំណែងជើងឯក Manchester City ស៊ុតបញ្ចូលទីគ្នាសរុប៨គ្រាប់ ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ៤-៤ ក្នុងក្របខណ្ឌ Premier League។ លោក Jamie Carragher ចាត់ទុកនេះជាការប្រកួតដ៏អស្ចារ្យនៅលីគកំពូលអង់គ្លេស។



ការប៉ះគ្នារវាង Chelsea និង Man City នៅ Stamford Bridge មានកីឡាករ៧រូប បានសម្រេចទីរៀងខ្លួន ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១២ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា។ Erling Haaland បន្តរកបាន២គ្រាប់ម្នាក់ឯង ជាមួយ Manuel Akanji និង Rodri រកបានម្នាក់១គ្រាប់សម្រាប់មេឃខៀវ។ Chelsea ដែលរកបានគ្រាប់តាមស្មើជាបន្តបន្ទាប់ ធ្វើបានដោយ Thiago Silva, Raheem Sterling, Nicolas Jackson និង Cole Palmer។
 
លទ្ធផលស្មើ ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាដល់ទៅ៨គ្រាប់ លោក Jamie Carragher អតីតខ្សែការពារឆ្នើមអង់គ្លេស និង Liverpool ចាត់ទុកជំនួបរវាង Chelsea-Man City នេះ ជាការប្រកួតល្អបំផុតនៅ Premier League គិតត្រឹមសប្តាហ៍ទី១២នេះ។
 
«វាពិតជាអស្ចារ្យណាស់ ដែល Chelsea អាចតាមបានស្មើ។ ខ្ញុំដឹងថាអ្នកគាំទ្រ Man City នឹងខកចិត្តសម្រាប់លទ្ធផលនេះ ប៉ុន្តែនេះជារឿងដ៏ត្រឹមត្រូវដែលមិនគួរមានអ្នកឈ្នះនៅក្នុងការប្រកួតដ៏អស្ចារ្យនេះ»។ Carragher ដែលសព្វថ្ងៃជាអ្នកវិភាគកីឡា បានប្រាប់ Sky Sports ក្រោយបញ្ចប់ការប្រកួត។
 
តាមរយៈលទ្ធផលនេះ ម្ចាស់ការពារតំណែងជើងឯក Man City នៅរក្សាចំណាត់ថ្នាក់កំពូលតារាងដដែលដោយមាន២៨ពិន្ទុ ស្របពេល Chelsea ក៏ស្ថិតនៅលេខ១០ដដែល ដោយរកបាន១៦ពិន្ទុ។
 
Liverpool ឡើងទៅកាន់ចំណាត់ថ្នាក់ទី២វិញ មាន២៧ពិន្ទុ ក្រោយបន្តឈ្នះ Brentford ៣-០ ស្មើ Arsenal នៅរក្សាលេខ៣ដដែល តាមរយៈការយកឈ្នះ Brunley ៣-១។ Spurs ធ្លាក់ទៅលេខ៤វិញ ដោយមាន២៦ពិន្ទុ ក្រោយចាញ់ Wolves នៅចុងម៉ោង ២-១។ Manchester United ឡើងទៅលេខ៦ មាន២១ពិន្ទុ ឯ Newcastle United ធ្លាក់ទៅលេខ៧ រកបាន២០ពិន្ទុ។

Luton Town, Sheffield United និង Burnley នៅតំបន់ត្រូវកាត់ចោល ស្របពេល Bournemouth ចូលតំបន់សុវត្ថិភាព៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com