ជាតិ
ពន្យល់ពាក្យ
«អនុភាព» គឺជំនឿស៊ប់, សេចក្តីដឹងច្បាស់ រីឯ «អានុភាព» គឺអំណាច, តេជះ និងសេចក្តីក្លាហាន 
×![]()
ពាក្យ «អនុភាព» និង «អានុភាព» មានការពន្យល់ផ្សេងៗគ្នា ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួនណាត ក៏ដូចជាវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។
«អនុភាព» មានន័យថា សេចក្ដីប្រាកដក្នុងចិត្ត, ការចូលចិត្តស៊ប់; ជំនឿស៊ប់; សេចក្ដីដឹងច្បាស់។ អនុភាព ក្លាយចេញពីភាសាសំសង្ក្រឹត «អនុភាវ»។
រីឯ «អានុភាព» វិញ មានន័យច្រើន។ ន័យដែលគេតែងតែច្រឡំជាមួយ «អនុភាព» នោះ គឺ អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន : មានអានុភាពច្រើន, អានុភាពនៃគុណបុណ្យ។
ន័យផ្សេងទៀត បើតាមរូបវិទ្យា «អានុភាព» ជាផលធៀបរវាងកម្មន្តនិងរយៈពេល។ តែបើតាមពាក្យច្បាប់ «អានុភាព» មានន័យថា ផលគតិយុត្តដែលកើតចេញពីលិខិតគតិយុត្ត ដូចជាសេចក្ដីសម្រេចរបស់តុលាការ ជាដើម។
ពាក្យ «អានុភាព» បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃគឺ: គុណានុភាព, បុញ្ញានុភាព, ពលានុភាព, ឥទ្ធានុភាព ឬ ឫទ្ធានុភាព "អានុភាពនៃគុណ, អានុភាពនៃបុណ្យ, អានុភាពនៃកម្លាំង, អានុភាពនៃឫទ្ធិ" ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com