សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ផលិតផលតម្លៃថោករបស់ចិន កំពុងធ្វើឱ្យក្រុមហ៊ុនលោកខាងលិចបះជើង
13, Nov 2023 , 11:09 am        
រូបភាព
រថយន្តត្រៀមសម្រាប់នាំចេញនៅកំពង់ផែ Taicang ខេត្តជាំងស៊ូ ។ រូបភាព ៖ Xinhua
រថយន្តត្រៀមសម្រាប់នាំចេញនៅកំពង់ផែ Taicang ខេត្តជាំងស៊ូ ។ រូបភាព ៖ Xinhua
ការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះខ្លាំង ធ្វើឱ្យក្រុមហ៊ុនចិនជាច្រើនសម្រុកបញ្ចេញផលិតផលរបស់ខ្លួនទៅលក់នៅក្រៅប្រទេសជាមួយតម្លៃទាបជាង។ និន្នាការនេះ ធ្វើឱ្យក្រុមហ៊ុននៅលោកខាងលិចបារម្ភដួលបះជើងតែម្ដង ព្រោះអាជីវកម្មក្នុងស្រុករបស់ខ្លួននឹងពិបាកប្រកួតជាមួយផលិតផលចិនដែលលក់ថោកជាងនោះ ស្របពេលរដ្ឋាភិបាលខ្លះក៏ចាប់ផ្ដើមចាត់វិធានការទប់ទល់ដែរ។

 
ខណៈដែលផលិតផលថោកជួយអ្នកប្រើប្រាស់ វាក៏បង្កបញ្ហាសម្រាប់ផលិតផលដូចគ្នាដែលមានតម្លៃខ្ពស់ជាងដែរ។ ចរន្តនេះកំពុងតែកើតមានដោយសារការបញ្ចេញផលិតផលតម្លៃថោករបស់ចិនមានរថយន្ត និងបន្ទះសូឡា ទៅទីផ្សារពិភពលោកមានអឺរ៉ុប និងអាម៉េរិក។
សហភាពអឺរ៉ុបកាលពីខែកញ្ញាបានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ដោយព្រួយបារម្ភថា រដ្ឋាភិបាលចិនបានលូកដៃបោះទុនជួយក្រុមហ៊ុនមួយចំនួនដើម្បីប្រកួតក្នុងការនាំចេញរថយន្តដែលមានតម្លៃថោក។
 
ថ្មីៗនេះ អាម៉េរិកបានដាក់ពន្ធលើបន្ទះសំណប៉ាហាំងដែលនាំចូលពីចិន និងប្រទេសពីរផ្សេងទៀត បន្ទាប់ពីបានកំណត់ថាក្រុមហ៊ុនផលិតដែកទាំងនោះបានលក់ឲ្យខ្លួនក្នុងតម្លៃទាបជាងច្រើនលើសលុប។ ទន្ទឹមនេះ ឥណ្ឌា​កំពុង​ស៊ើបអង្កេត​ករណីចិន​កំពុង​លក់​បង្ខូចតម្លៃទំនិញ​ជាច្រើន​ប្រភេទរាប់ចាប់ពី​សារធាតុគីមី រហូតដល់​គ្រឿងសង្ហារិម ចូល​ក្នុងប្រទេស​ឬអត់។ 
 
ទាក់ទងរឿងនេះ ចិនក៏បានបកស្រាយដែរថា ក្រុមហ៊ុនរបស់ចិនកំពុងប្រកួតដោយស្មើភាព ហើយផលិតផលរបស់ពួកគេកំពុងទទួលបានចំណែកទីផ្សារនៅបរទេស ដោយសារមានភាពទាក់ទាញពីអ្នកទិញ។ ទីក្រុងប៉េកាំងបានថ្កោលទោសការស៊ើបអង្កេតរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុបថាជា ទង្វើគាំពារនិយមដោយឥតលាក់លៀម ដែលនឹងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តពិភពលោក។
 
តាមពិតទៅ ការនាំចេញរបស់ចិនទៅកាន់ទីផ្សារពិភពលោក ក៏ទាក់ទងតម្រូវការក្នុងប្រទេស និងចំណាត់ការរដ្ឋដែរ។ ប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលក្នុងតំបន់នៅចិនបានឧបត្ថម្ភធនដល់អាជីវកម្មដើម្បីលើកកម្ពស់ពាណិជ្ជកម្មបរទេស រួមទាំងការរៀបចំជើងហោះហើរដើម្បីសម្រួលការដឹកជញ្ជូនថែមទៀត។ លើសពីនេះ ចិនបានអំពាវនាវឱ្យធនាគារផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលចង់ពង្រីកប្រតិបត្តិការនៅក្នុងប្រទេសដែលចូលរួមក្នុងកម្មវិធីខ្សែក្រវាត់ និងផ្លូវ។
 
ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនផលិតរបស់ចិន ទទួលបានអត្ថប្រយោជន៍ពីរូបិយប័ណ្ណធ្លាក់ចុះ។ ប្រាក់យ័នស្ថិតក្នុងកម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារក្នុងរយៈពេលជាង ១៥ឆ្នាំដែលធ្វើឱ្យទំនិញរបស់ខ្លួនមានតម្លៃថោកក្នុងការនាំចេញ។ ប៉ុន្តែហេតុផលសម្រាប់រលកនៃទំនិញ «Made in China» មិនត្រឹមតែអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែជាចម្បងដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ ក្រុមហ៊ុន Goldman Sachs ចង្អុលទៅផលិតផលមួយចំនួនដែលផ្គត់ផ្គង់លើសនៅចិន រួមទាំងអាគុយរថយន្តអគ្គិសនី គ្រឿងចក្រ និងសារធាតុគីមីមួយចំនួន។
 
យីហោរថយន្តអគ្គិសនីរបស់ចិន Weltmeister ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន WM Motor Technology មានមូលដ្ឋាននៅទីក្រុងសៀងហៃ បានខាតបង់អស់ជាច្រើនឆ្នាំ។ រោងចក្រក្នុងក្រុមហ៊ុននេះ បានបញ្ឈប់ការផលិតមួយរយៈ មុនពេលចាប់ផ្តើមដំណើរការឡើងវិញនៅខែមិថុនា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។
 
កន្លង​មក ការ​ព្យាយាម​នាំ​ចេញ​របស់​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផលលើស ​បាន​បង្កើត​ភាព​តានតឹង​នៅ​តំបន់មួយចំនួន​។ ជាឧទាហរណ៍ ក្នុងទស្សវត្សឆ្នាំ ២០០០ ផលិតផលអគ្គិសនីថោកៗដែលប្រើក្នុងបន្ទះស្រូបពន្លឺព្រះអាទិត្យ បានលក់បង្ខូចថ្លៃនៅអឺរ៉ុប និងអាម៉េរិក ហើយបណ្តាលឱ្យក្រុមហ៊ុនផលិតក្នុងស្រុកមួយចំនួនក្ស័យធន។
 
បើតាមអ្នកជំនាញសេដ្ឋកិច្ច ម្តងនេះភាពតានតឹងអាចកាន់តែអាក្រក់ទៅៗ ដោយសារតែផលិតផលរបស់ចិនមានប្រហែល ២០ភាគរយនៃទិន្នផលសរុបរបស់ពិភពលោក។ លើសពីនេះ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានធ្លាក់ចុះ ដោយសារចំនួនប្រជាជនវ័យចំណាស់ បំណុលច្រើន និងវិបត្តិអចលនទ្រព្យកំពុងដាក់សម្ពាធកំណើន ដែលធ្វើឱ្យពិបាកក្នុងការស្តារឡើងវិញ។
 
អ្នកជំនាញជាច្រើនបានអំពាវនាវឱ្យទីក្រុងប៉េកាំងធ្វើបន្ថែមទៀតដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ក្នុងស្រុក និងជួយដោះស្រាយការផលិតហួសកម្រិត។ ប៉ុន្តែផ្ទុយទៅវិញចិន បានជ្រើសរើសបង្កើនឥណទានដល់ឧស្សាហកម្ម និងជំរុញការនាំចេញទៅវិញ។
 
បើតាមលោក Adam Wolfe សេដ្ឋវិទូនៅក្រុមហ៊ុន Absolute Strategy Research (UK) ប្រាប់សារព័ត៌មាន The Wall Street Journal (WSJ) មានការព្រួយបារម្ភអំពីសមត្ថភាពស្រូបយក។ លោក​អះអាង​ថា​៖ «​ប្រទេស​ផ្សេង​ទៀត​នៃ​ពិភពលោក​ទំនង​ជា​មិន​អាច​ស្រូប​យក​ការ​នាំ​ចេញ​របស់​ចិន​បាន​ច្រើន​ជាង​នេះ​ទេ»។
 
របាយការណ៍ថ្មីៗនេះដោយក្រុមហ៊ុនស្រាវជ្រាវ Rhodium Group ដែលតាមដានម៉ាករថយន្តចិនជាង១០០ បានលើកឡើងថា ម៉ាកជាច្រើនមិនមានផលចំណេញ ហើយកំណើននៃការលក់ក្នុងស្រុកកំពុងធ្លាក់ចុះ។ ការណ៍នេះជំរុញឱ្យក្រុមហ៊ុនចិនស្វែងរកទីផ្សារដែលរកបានច្រើននៅបរទេស ដែលជាលទ្ធផល ចំណែកទីផ្សារនាំចេញរថយន្តអគ្គិសនីសកលរបស់ចិនបានកើនឡើងពី ៤ភាគរយក្នុងឆ្នាំ២០២០ ដល់២១ភាគរយក្នុងឆ្នាំ២០២២។
 
ដោយមិនរាប់បញ្ចូលម៉ាកបរទេសដូចជា Tesla ម៉ាកយីហោរថយន្តអគ្គិសនីចិនដែលលក់ថោកជាងកំពុងក្លាយជារូបភាពនាំចេញភាគច្រើន។ ចំណែកនៃការលក់រថយន្តអគ្គិសនីចិនសរុបនៅក្នុងសហភាពអឺរ៉ុបបានកើនឡើងពី ០,៥ភាគរយក្នុងឆ្នាំ ២០១៩ ដល់ជាង ៨ភាគរយរហូតដល់ឆ្នាំ ២០២៣ ។ នេះបើយោងតាមក្រុមហ៊ុន Schmidt Automotive Research ។
 
ក្រៅ​ពី​រថយន្ត ក្រុមហ៊ុនផលិត​លោក​ខាង​លិច​ក៏​បាន​ប្រកាស​អាសន្ន​អំពី​ផលិតផល​ថាមពល​កកើតឡើងវិញ​ដែល​មាន​តម្លៃ​ថោក រួមទាំង​តួប៊ីន​ខ្យល់ និង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ។ យោងតាមក្រុមហ៊ុនប្រឹក្សាថាមពល Ember ការនាំចេញបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់ចិនបានកើនឡើងប្រហែល ៣០ភាគរយនៅឆមាសទី១ ឆ្នាំនេះ បើធៀបពេលដូចគ្នាឆ្នាំមុន  ដល់ ១១៤ជីហ្កាវ៉ាត់ ដែលស្មើនឹងសមត្ថភាពដំឡើងសរុបនៃបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់អាម៉េរិក។
 
លោក Gunter Erfurt នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ Meyer Burger Technology (ស្វីស) បានប្រាប់ WSJ ថា តម្លៃម៉ូឌុលថាមពលពន្លឺព្រះអាទិត្យនៅអឺរ៉ុបបានធ្លាក់ចុះ ៥០ភាគរយក្នុងខែធ្នូ ឆ្នាំមុន។ នោះជាសញ្ញាមួយដែលចិនកំពុងកាត់បន្ថយតម្លៃក្នុងអត្រាដែលមិនធ្លាប់មានពីមុនមកដើម្បីទទួលបានចំណែកទីផ្សារ។
 
ចាប់ពីខែមីនាដល់ខែកញ្ញា តម្លៃបន្ទះស៊ីលីកុនរបស់ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យ Longi Green Energy Technology (ខេត្ត​ Shaanxi) បានធ្លាក់ចុះជាង ៥០ភាគរយ ។ ប្រធាន Li Zhenguo Li បាននិយាយថា ក្រុមហ៊ុនបានបន្តរីកចម្រើនពី ២០ភាគរយទៅ ៣០ភាគរយនៅក្រៅប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគ្រោងនឹងបន្តពង្រីកនៅឆ្នាំ ២០២៤ ។
 
ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យនៅអឺរ៉ុបបានផ្ញើលិខិតមួយទៅកាន់អាជ្ញាធរសហភាពអឺរ៉ុបកាលពីខែកញ្ញាដោយអំពាវនាវឱ្យជួយទប់ស្កាត់រលកនៃការក្ស័យធនដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការ និងការប្រកួតប្រជែងរបស់ចិនកាន់តែខ្លាំងឡើង។ អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប​ម្នាក់​បាន​និយាយ​ថា ​ទីភ្នាក់ងារ​និយតកម្ម​កំពុង​តាម​ដាន​យ៉ាង​ដិតដល់ ប៉ុន្តែ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ។
 
ឧស្សាហកម្មមួយទៀតដែលត្រូវមើលឃ្លាំមើលយ៉ាងជិតដិតដែរនោះគឺ ដែកថែប។ យោងតាមការព្យាកររបស់សមាគមដែកចិន តម្រូវការក្នុងស្រុកនឹងធ្លាក់ចុះ ១,១ភាគរយនៅឆ្នាំនេះ ដោយសារការសាងសង់លំនៅដ្ឋានយឺត ប៉ុន្តែផលិតកម្មនៅតែបន្តកើនឡើង។
 
យោងតាមលោក Frederic Neumann ប្រធានសេដ្ឋវិទូអាស៊ីនៅ HSBC តម្លៃនៃការនាំចេញដែកថែបរបស់ចិនបានធ្លាក់ចុះប្រហែល ៦០ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈដែលទំហំនាំចេញបានកើនឡើង ៥៣ភាគរយនៅក្នុងខែសីហា ហើយអាម៉េរិកបានប្រកាសថា នឹងយកពន្ធប្រហែល ១២៣ភាគរយលើលោហៈកំប៉ុងដែលនាំចូលពីចិន។
 
យ៉ាងណាមិញ អតិរេកទំនិញរបស់ចិនក៏មានចំណុចវិជ្ជមាន រួមទាំងសក្តានុពលក្នុងការជួយកាត់បន្ថយអតិផរណាផងដែរ។ JPMorgan ប៉ាន់ប្រមាណថា តម្លៃអ្នកផលិតធ្លាក់ចុះនៅចិននឹងកាត់បន្ថយអតិផរណាទំនិញស្នូលពិភពលោកនៅខាងក្រៅប្រទេសត្រឹម ០,៧ភាគរយនៅឆមាសទី២ ឆ្នាំនេះ។
 
លើសពីនេះ រថយន្តអគ្គិសនី អាគុយ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានតម្លៃថោកពីចិន ក៏អាចជួយអាម៉េរិក និងប្រទេសផ្សេងទៀតសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយផ្ទះកញ្ចក់ផងដែរ៕

Tag:
 ចិន​
  អឺរ៉ុប
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com