ជាតិ
រដ្ឋមន្រ្តីកសិកម្ម ណែនាំឱ្យបូមទឹកចេញ ដើម្បីសង្រ្គោះស្រូវជាង២ពាន់ហិកតានៅខេត្តតាកែវ
13, Nov 2023 , 11:41 am        
រូបភាព
កសិករកំពុងជញ្ជូនស្រូវចេញពីការជន់លិច ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំគោកព្រេច  ស្រុកគិរីវង់ ខេត្តតាកែវ ។ រូបភាព៖ ក្រសួងកសិកម្ម
កសិករកំពុងជញ្ជូនស្រូវចេញពីការជន់លិច ដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ស្រូវជាង២ពាន់ហិកតា នៅឃុំចំនួន២ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ពាក់ព័ន្ធបញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះទៅពិនិត្យស្ថានភាពដោយផ្ទាល់ និងណែនាំឱ្យបូមទឹកចេញ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបាន ខណៈស្រូវពេញប្រមូលផល។



លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ កាលពីថ្ងៃអាទិត្យ ទី១២ វិច្ឆិកា បានដឹកនាំមន្រ្តីរបស់ខ្លួន កងកម្លាំងយោធា និងនគរបាល ចុះជួយច្រូតដោយដៃ និងបោកស្រូវដោយម៉ាស៊ីន ជូនកសិករដែលកំពុងរងគ្រោះជន់លិច ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំគោកព្រេច និងឃុំអង្គប្រាសាទ ស្រុកគិរីវង់ ជិត៤០០ហិកតា។ 
 
បើតាម លោក ឌិត ទីណា នៅភូមិសាស្រ្តនេះ មានដីស្រែជាង២ពាន់ហិកតា កំពុងត្រូវប្រមូលផល ខណៈកម្លាំងអាជ្ញាធរ នឹងនៅបន្តជួយច្រូតកាត់ពលរដ្ឋរហូតទាល់តែអស់ ដែលប្រើពេលយ៉ាងយូរ ១០ថ្ងៃ។ 
  
ទឹកលិចជិតដល់ដើមទ្រូង ខណៈកសិករ កំពុងប្រញាប់ប្រញាល់ច្រូត និងជញ្ជូន ស្រូវចេញពីស្រែ។ រូបភាព៖ ក្រសួងកសិកម្ម 

ដ្បិតមានការឈឺឆ្អាលពីអាជ្ញាធរ ប៉ុន្តែ រដ្ឋមន្រ្តីរូបនេះ ណែនាំឱ្យមន្រ្តីកសិកម្ម សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីអាចឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា។
 
គិតមកទល់ពេលនេះ ស្រូវនៅក្នុងឃុំ គោកព្រេច រងផលប៉ះពាល់ជាង១ពាន់ហិកតា ក្នុងនោះ កសិករ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធ កំពុងចុះជួយប្រមូលផល៣៩៥ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន៤៣៧ហិកតា។ នេះបើតាម លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ៕ 

ស្ថានភាពស្រូវ ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ រូបភាព៖ ក្រសួងកសិកម្ម 

ស្ថានភាពស្រូវដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ រូបភាព៖ ក្រសួងកសិកម្ម 

Tag:
 កសិកម្ម
  ស្រូវ
  ជំនន់ទឹកភ្លៀង
  ឌិត ទីណា
  អ៊ូច ភា
© រក្សាសិទ្ធិដោយ thmeythmey.com