សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន Gazprom ៖ ប្រទេសអឺរ៉ុបជាច្រើននៅតែពឹងផ្អែកឧស្ម័នពីរុស្ស៊ី
13, Nov 2023 , 7:39 pm        
រូបភាព
នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្ម័នយក្ស Gazprom លោក Aleksey Miller ។ រូបភាព ៖ TASS
នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្ម័នយក្ស Gazprom លោក Aleksey Miller ។ រូបភាព ៖ TASS
នាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្ម័នដ៏ធំបំផុត Gazprom របស់រុស្ស៊ី និយាយថា បណ្តាប្រទេសនៅអឺរ៉ុបភាគច្រើននៅតែទទួលទិញឧស្ម័នពីរុស្ស៊ី បើទោះបីកន្លងប្រទេសទាំងនោះបដិសេដមិនប្រើប្រាស់ឧស្ម័នរុស្ស៊ីក៏ដោយ។

 
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ជាតិរុស្ស៊ី Rossiya-1 កាលពីចុងសប្តាហ៍មុន មេដឹកនាំក្រុមហ៊ុនឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី Gazprom មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបរិមាណឧស្ម័នដែលបណ្តាប្រទេសអឺរ៉ុបទទួលបាននោះទេ។ ប៉ុន្តែនាយកប្រតិបត្តិរូបនេះបានអះអាងពីលំហូរឧស្ម័នដែលត្រូវបានផ្គត់ផ្គង់តាមរយៈបំពង់បង្ហូររួមទៅកាន់តំបន់នេះ។ 
 
លោក Aleksey Miller បញ្ជាក់ថា ៖« ប៉ុន្តែខ្ញុំដឹងថាឧស្ម័នរុស្ស៊ីនៅតែចែកចាយទៅកាន់ប្រទេសជាច្រើនដែលបានប្រកាសបដិសេធមិនប្រើប្រាស់វា»។
 
លោក Miller មិន​បាន​បញ្ជាក់​ថា​ប្រទេស​ណា​ខ្លះ​ក្នុង​សហភាព​អឺរ៉ុប (EU) ទទួល​ឧស្ម័ន​ពី​រុស្ស៊ីទេ។ យ៉ាង​ណា លោក​អះអាង​ថា រុស្ស៊ី​កំពុង​ដឹក​ជញ្ជូន​ឧស្ម័ន​ធម្មជាតិ​ឆ្លង​កាត់​អ៊ុយក្រែន​ទៅ​ក្រុង Baumgarten (អូទ្រីស) ដែលជាមជ្ឈមណ្ឌលចែកចាយដ៏ធំមួយនៅអឺរ៉ុបសម្រាប់ផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសក្នុងតំបន់ ។
 
តាម​កិច្ចសន្យា​បច្ចុប្បន្ន រុស្ស៊ី​នៅ​តែ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នៅ​អឺរ៉ុប​ខាង​ត្បូង និង​អាគ្នេយ៍។ លោក Miller សង្គត់ធ្ងន់ថា ជាការពិតណាស់ ឧស្ម័នរុស្ស៊ីនៅតែហូរទៅកាន់អឺរ៉ុប។ ហើយបរិមាណមិនតិចនោះទេ។ វានៅតែត្រូវបានប្រើប្រាស់ដោយប្រទេសដែលអះអាងថាបានរួចផុតពីការពឹងផ្អែកលើឧស្ម័នរុស្ស៊ី។
 
នៅឆ្នាំ២០២២ បរិមាណឧស្ម័នរបស់រុស្ស៊ីដែលផ្គត់ផ្គង់ទៅកាន់ទីផ្សារអឺរ៉ុបនឹងចាប់ផ្តើមថយចុះ ដោយសារតែមានបញ្ហាជាមួយបំពង់បង្ហូរ Nord Stream 1 និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនបដិសេធមិនទិញឧស្ម័នរុស្ស៊ីគិតជាប្រាក់រូប្លិ៍ ដូចជាហូឡង់ ដាណឺម៉ាក ប៊ុលហ្គារី និងហ្វាំងឡង់។ 
 
ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបកាលពីឆ្នាំមុន រុស្ស៊ីបានស្នើឱ្យប្រទេសដែលគាំទ្រការដាក់ទណ្ឌកម្មនេះ បង់ប្រាក់សម្រាប់ថ្លៃឧស្ម័នជាប្រាក់រូប្លិ៍ជំនួសឱ្យប្រាក់ដុល្លារ ឬអឺរ៉ូ។
 
នៅពេលកាត់បន្ថយការទិញឧស្ម័នធម្មជាតិពីរុស្ស៊ី សហភាពអឺរ៉ុបត្រូវតែបង្កើនការទិញឧស្ម័នធម្មជាតិរាវ (LNG)។ នៅ​ចុង​ឆ្នាំ ២០២២ សហភាព​អឺរ៉ុប​ជា​អ្នក​ទិញ LNG ច្រើន​ជាង​គេ​របស់​ពិភពលោក ដោយ​នាំមុខចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។
 
កាលពីឆ្នាំមុន អាមេរិកបានក្លាយជាអ្នកផ្គត់ផ្គង់ LNG ដ៏សំខាន់ដល់សហភាពអឺរ៉ុប។ ក្នុងនោះ បរិមាណ LNG របស់រុស្ស៊ីដែលនាំចេញទៅសហភាពអឺរ៉ុបក៏បានកើនឡើង ២០ភាគរយផងដែរ ។
 
កាលពីដើមឆ្នាំនេះ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រកាសថា EU លែងពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ីទៀតហើយ។ បរិមាណ​ឧស្ម័ន​រុស្ស៊ី​ដែល​បាន​នាំ​ចេញ​ទៅ​តំបន់​នេះ​បាន​ថយ​ចុះ ៨០ភាគរយ៕ 

Tag:
 រុស្ស៊ី
  ឧស្ម័ន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com