ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រ៉ុង ឈុន ដែលទើបក្លាយជាទីប្រឹក្សាបក្សកម្លាំងជាតិ មិនបារម្ភឡើយ ក្រោយមហាផ្ទៃ ថា ខុសច្បាប់
13, Nov 2023 , 9:29 pm        
រូបភាព
លោក រ៉ុង ឈុន​ ទីប្រឹក្សាបក្សកម្លាំងជាតិ។ រូបពី ហ្វេសប៊ុក ស៊ុន ចន្ធី
លោក រ៉ុង ឈុន​ ទីប្រឹក្សាបក្សកម្លាំងជាតិ។ រូបពី ហ្វេសប៊ុក ស៊ុន ចន្ធី
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មើលឃើញថាការសម្រេចឱ្យលោក រ៉ុង ឈុន ក្លាយជាទីប្រឹក្សាបក្សកម្លាំងជាតិ គឺពុំត្រឹមត្រូវតាមច្បាប់ឡើយ ខណៈលោក រ៉ុង ឈុន ពុំទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។ ប៉ុន្តែ ប្រធានបក្សកម្លាំងជាតិ និងលោក រ៉ុង ឈុន យល់ថាមិនមានបញ្ហាចោទ ឬខុសពីបម្រាមតុលាការឡើយ។

 
គណបក្សកម្លាំងជាតិ បានប្រជុំសមាជ កាលពីថ្ងទី១២ វិច្ឆិកា ដោយបានសម្រេចគាំទ្រឱ្យ លោក ស៊ុន ចន្ធី ក្លាយជាប្រធាន, លោក ជា មុនី អនុប្រធាន​ ហើយលោក រ៉ុង ឈុន ជាទីប្រឹក្សា។ ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពិនិត្យឃើញលោក រ៉ុង ឈុន កំពុងដើរផ្ទុយនឹងច្បាប់គណបក្សនយោបាយ។ 
 
សូមស្ដាប់សំឡេង លោក ទូច សុឃៈ៖ 



 
«ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាសភាព នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ»។ នេះបើតាមមាត្រា១៨ថ្មី នៃច្បាប់ស្ដីពី គណបក្សនយោបាយ ចែងបែបនេះ។ 
 
ជាមួយគ្នានេះ លោក ទូច សុឃៈ បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាម បន្ថែមថា បច្ចុប្បន្ន លោក រ៉ុង ឈុន កំពុងអនុវត្តទោស។ ដូច្នេះ លោក សុឃៈ សង្កត់ធ្ងន់ថា លោក រ៉ុង ឈុន មិនមាននីតិសម្បទាគ្រប់គ្រាន់ក្នុងការធ្វើនយោបាយឡើយ សូម្បីតែធ្វើសកម្មភាពក្នុងបក្ស ឬដឹកនាំបក្សនយោបាយណាមួយ។ 
 
«ដូច្នេះ សូមឱ្យសាមីខ្លួនពិចារណា (រ៉ុង ឈុន) សូមឱ្យបក្សកម្លាំងជាតិ ពិចារណាច្បាប់កំណត់ ដើម្បីឱ្យស្របតាមច្បាប់ កុំឱ្យមានកំហុសឆ្គងផ្សេងក្នុងបក្ស ដោយប្រការណាមួយ ដូចជាបណ្ដឹងជំទាស់ឬបណ្ដឹងតវ៉ា រំលាយបក្សដោយសារមានទណ្ឌិត ឬអ្នកអនុវត្តទោសមិនទាន់ចប់ មកចូលរួមសកម្មភាពនយោបាយ ឬដឹកនាំអង្គការចាត់តាំងគណបក្សនយោបាយជាដើម»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានណែនាំបក្សកម្លាំងជាតិ និងលោក រ៉ុង ឈុន បែបនេះ ។
 
លោក សុឃៈ បានបន្ថែមថា ការបកស្រាយលោកខាងលើ មិនមែនជាសារនយោបាយ មានចេតនារារាំងនយោបាយឡើយ តែវាជាទិដ្ឋភាពនៃច្បាប់។ 
 
ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនេះ លោក រ៉ុង ឈុន អះអាងថា លោកពុំមានអ្វីត្រូវព្រួយបារម្ភឡើយ ហើយស្នើឱ្យអ្នកនាំពាក្យក្រសួងមហាផ្ទៃពិនិត្យឡើងវិញ។ លោក រ៉ុង ឈុន ពន្យល់ថា ក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ មិនឱ្យអ្នកជាប់ទោស ឬកំពុងអនុវត្តទោស ធ្វើជាប្រធាន អនុប្រធាន សមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ តែប៉ុណ្ណោះ។ ចំពោះ តួនាទីជាទីប្រឹក្សា មិនស្ថិតក្នុងរចនាសម្ព័ន្ធនៃបម្រាមឡើយ។ 
 
សូមស្ដាប់សំឡេង លោក រ៉ុង ឈុន៖ 



 
ទន្ទឹមនឹងនេះ លោក រ៉ុង ឈុន លើកពីបម្រាម ដែលតុលាការបានកំណត់ សម្រាប់ឱ្យលោកនៅក្រៅឃុំ គឺត្រូវសហការជាមួយចៅក្រម ព្រះរាជអាជ្ញា ជាពិសេសត្រូវជូនដំណឹងទៅតុលាការ ឬអាជ្ញាធរ នៅពេលផ្លាស់ទីលំនៅ ហើយការធ្វើដំណើរទៅក្រៅប្រទេសត្រូវមានការអនុញ្ញាតពីតុលាការ។ លោក រ៉ុង ឈុន សង្កត់ធ្ងន់ថា «តុលាការមិនមានការដាក់បម្រាម មិនឱ្យធ្វើនយោបាយនោះទេ!»។
 
លោក រ៉ុង ឈុន និងលោក ស៊ុន ចន្ធី ថ្លែងប្រាប់សារព័ត៌មានថ្មីៗទាំងចម្ងល់ជុំវិញករណីខាងលើថា កន្លងមកក្រសួងមហាផ្ទៃ ធ្លាប់ទទួលស្គាល់លោក រ៉ុង ឈុន ជាអនុប្រធានបក្សភ្លើងទៀន ប៉ុន្តែពេលនេះ ទើបមានប្រតិកម្មទៅវិញ។ ពួកគេទាំងពីរ អះអាងថា ទោះបីអនុវត្តទោសមិនទាន់ចប់ក៏ពិតមែន តែលោក រ៉ុង ឈុន មិនស្ថិតក្នុងតួនាទី ដែលច្បាប់ហាមខាងលើឡើយ។ 
 
កាលពីថ្ងៃទី៨ឧសភា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ចេញលិខិតប្រាប់ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ ក្នុងការអនុវត្តទោស។ រដ្ឋមន្រ្តីយុត្តិធម៌ បានបញ្ជាក់ថា លោក រ៉ុង ឈុន ក៏មិនមានលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញ តាមផ្លូវតុលាការដែរ។ 
 
ផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ ទណ្ឌិតដែលតុលាការផ្ដន្ទាទោស អាចមាននីតិសម្បទាឡើងវិញ តាមទម្រង់២យ៉ាង។ ទី១ ការមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ដោយផ្អែកតាមមាត្រា៥៣៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវបានផ្ដល់ ឬមិនផ្ដល់ឱ្យនិតិសម្បទាឡើងវិញ ដោយផ្អែកតាមសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ប្រកាសផ្តន្ទាទោស ដោយតុលាការ ។ សភាព្រហ្មទណ្ឌ អាចពិនិត្យនិងសម្រេចលើការស្នើសុំឱ្យមាននីតិសម្បទាឡើងវិញបាន លុះត្រាតែផុតរយៈពេល៣ឆ្នាំ នៃបទមជ្ឈិម ដោយគិតចាប់ពីការអនុវត្តទោសរួច។ 
 
ទី២ ការមាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ ផ្អែកតាមមាត្រា៥៤១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺនីតិសម្បទាត្រូវមានឡើងវិញនៅពេលផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួចហើយ ឬនៅពេលទោសត្រូវផុតអាជ្ញាយុកាល ក្នុងករណីដែលបុគ្គលនោះ ត្រូវបានតុលាការផ្ដន្ទាទោស ដាក់ពន្ធនាគារមិនលើសពី៥ឆ្នាំ ឬក៏ផ្ដន្ទាទោសពិន័យ។ 
 
ហេតុនេះ សំណុំរឿងព្រហ្មទណ្ឌលោក រ៉ុង ឈុន ដែលតុលាការកំពូល សម្រេចផ្ដន្ទាទោសជាស្ថាពរ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២២ មិនអាចមាននីតិសម្បទាឡើងវិញឡើយ ដោយសារមិនទាន់ផុតរយៈពេល៥ឆ្នាំ ក្នុងការអនុវត្តទោស។ 
 
ជុំវិញករណីនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ព្យាយាមពន្យល់ថា លោក រ៉ុង ឈុន នៅតែអាចមានតួនាទីជាទីប្រឹក្សាក្នុងបក្សកម្លាំងជាតិ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ពុទ្ធា ពន្យល់ថា ក្នុងករណីមិនមាននិតិសម្បទានេះ លោក រ៉ុង ឈុន មិនអាចឈរឈ្មោះជាតំណាងរាស្រ្ត ឬបេក្ខជននៃមណ្ឌលបោះឆ្នោត និងមិនអាចឈរជា ប្រធាន អនុប្រធាន គណៈកម្មានាយក និងគណៈកម្មាធិការអចិន្រ្តៃយ៍តែប៉ុណ្ណោះ។ ជាពិសេសធ្វើសកម្មភាពនយោបាយនៅខាងក្រៅ ឬសាធារណៈ រួមទាំងសកម្មភាព ដែលតុលាការដាក់បម្រាមមួយចំនួនផងដែរ។ 
 
ប៉ុន្តែសកម្មភាពនយោបាយប្រជុំផ្ទៃក្នុងបក្សវិញ លោក រ៉ុង ឈុន នៅតែអាចមានសកម្មភាពបាន ដូចជាការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យក្លាយជាទីប្រឹក្សា និងការផ្ដល់យោបល់ នៅក្នុងកិច្ចការផ្ទៃក្នុងបក្ស។ ប៉ុន្តែបក្សកម្លាំងជាតិ ត្រូវរាយការណ៍សកម្មភាពនោះ ទៅក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ វាយតម្លៃ និងសម្រេច។ នេះជាការពន្យល់របស់លោក ហង្ស ពុទ្ធា ។
បើតាមអ្នកនាំពាក្យគ.ជ.ប ចំពោះសកម្មភាពនយោបាយខាងក្រៅរបស់លោក រ៉ុង ឈុន ប្រឈមនឹងផ្លូវច្បាប់ ក្នុងកាលៈទេសៈមិនមាននីតិសម្បទាឡើងវិញនេះ ក្នុងកម្រិតណា គឺត្រូវពិនិត្យមើលលើសកម្មភាពជាក់ស្ដែងបន្តទៀត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com