កីឡាអន្តរជាតិ
អន្តរជាតិ
Salah រកបានគ្រាប់ទី ២០០ ក្នុងអាជីព នៅ Premier League
13, Nov 2023 , 5:12 pm        
រូបភាព
Mohamed Salah ខ្សែប្រយុទ្ធដ៏ពូកែរបស់ Liverpool ទទួលបានការសរសើរពីអ្នកចាត់ការទូទៅលោក Jurgen Klopp ចំពោះសមត្ថភាព ​បន្ទាប់ពីរូបគេផ្ទាល់រកបានគ្រាប់បាល់ជាកំណត់ត្រាទី២០០ ក្នុងអាជីពនៅទឹកដីអង់គ្លេស។ គ្រាប់ទី២០០ របស់ Salah សម្រេចបានក្នុងជ័យជម្នះរបស់ Liverpool លើ Brentford លទ្ធផល ៣​-០ នៅ Premier League។



កីឡាអេហ្ស៊ីបមានវ័យ ៣១ឆ្នាំ បានរកគ្រាប់បាល់ ២គ្រាប់ឱ្យ Liverpool ក្នុងការប្រកួតទល់នឹងក្រុម Brentford ដើម្បីរកបានកំណត់ត្រា ២០០គ្រាប់នៅក្នុងបាល់ទាត់ប្រទេសអង់គ្លេស។ ទាំង ២០០គ្រាប់នោះ គ្រាប់បាល់នៅក្លិប Liverpool សរុប ១៩៨ និង ២គ្រាប់ស្ថិតនៅក្នុង Chelsea។
 
ក្រៅពីការរកបាន​ ២០០គ្រាប់ Salah ក៏ធ្វើបានកំណត់ត្រា ជាកីឡាករដំបូងបង្អស់របស់ក្រុម Liverpool ដែលរកគ្រាប់បាល់នៅការប្រកួតក្នុងទឹកដី ៦ លើកជាប់ៗគ្នា នៅក្នុងរដូវកាល ២០២៣-២៤។
 
ធ្វើបានកំណត់ត្រាដ៏អស្ចារ្យទាំងនេះ ជំរុញឱ្យចិត្តរបស់លោក ​Klopp ដែលជាអ្នកចាត់ការមានក្តីរំភើប និងថែមទាំងសរសើរដល់ Salah ចំពោះការបំពេញបានលទ្ធផលល្អបែបនេះ។
 
«ពិតជារឿងដ៏ឆ្គួតមួយ គ្រាប់បាល់ទី ២០០ នៅក្នុងប្រទេសអង់គ្លេសត្រូវទេ គេជាកីឡាករម្នាក់ដែលពូកែ ពិតជាអស្ចារ្យណាស់ ហើយថែមទាំងការលេងរបស់គេក្នុងការប្រកួតថ្ងៃនេះ។ យើងធ្វើបានរឿងល្អៗ នៅវគ្គទីមួយ […]គ្មានការសង្ស័យអ្វីទេ អ្នកបានឃើញរួចហើយនៅលើតារាងពិន្ទុ អ្នកជាកីឡាករដ៏ពិសេស។»។ លោក Klopp បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
រាល់ការប្រកួតក្នុងរដូវកាលថ្មីនេះ Liverpool មិនដែលចាញ់ការប្រកួតម្តងឡើយ នៅក្នុងទឹកដី ​Anfield ហើយការឈ្នះការប្រកួតលើ Brentford ជាការឈ្នះការប្រកួតក្នុងដឹកដីសម្រាប់លីគអង់គ្លេស ៦ ប្រកួតជាប់គ្នា។
 
ការប្រកួតបន្ទាប់ទៀតរបស់ក្រុម Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ការប្រកួតដ៏តានតឹងរបស់ពួកគេនៅក្នុងជំនួបក្របខណ្ឌ Premier league ដោយត្រូវលេងទល់នឹងក្រុម Manchester City ដែលជាជំនួបក្រៅទឹកដីរបស់ពួកគេ នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្រោយការប្រកួត FIFA Days បញ្ចប់៕

Tag:
 Mohamed Salah
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com