ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
ចូរប្រុងប្រយ័ត្នជាមួយការឱ្យកុមារតូចមើលទូរស័ព្ទច្រើន 
×![]()
ឪពុកម្ដាយភាគច្រើន ដែលមានភាពមមាញឹកជាមួយនឹងការងារ ឬរបររកស៊ីតែងតែបណ្ដោយឱ្យកូនតូចៗលេងទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិច ដើម្បីកុំឱ្យកូនរពឹស។ នៅពេលពួកគេលេងឧបករណ៍អេឡិចត្រូនិចទាំងនោះ ពួកគេអាចនឹងអង្គុយស្ងៀមដែលអាចឱ្យឪពុកម្ដាយបំពេញការងារបាន។ ប៉ុន្តែការណ៍ដែលឱ្យកូនលេងទូរស័ព្ទរយៈពេលយូរគឺអាចប៉ះពាល់ទៅដល់ការអភិវឌ្ឍខួរក្បាល ការគិតរបស់ពួកគេ ក៏ដូចជាសមត្ថភាពទំនាក់ទំនងផងដែរ។

ខាងក្រោមនេះគឺជាផលប៉ះពាល់ទៅដល់ក្មេងតូចនៅពេលដែលគេលេងទូរស័ព្ទច្រើនពេក៖
១. ពួកគេងាយនឹងប្រឈមនឹងការអភិវឌ្ឍយឺត៖ នៅពេលពួកគេផ្ដោតអារម្មណ៍ទៅលើអេក្រង់ទូរស័ព្ទ ពួកគេអាចនឹងខ្សោយនូវការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ដែលអាចបណ្ដាលឱ្យការចេះចាប់ផ្ដើមនិយាយមានភាពយឺតយ៉ាវ។ ម្យ៉ាងវិញទៀតពួកគេអាចនឹងបដិសេធមិនញ៉ាំអាហារ ហើយគេងមិនគ្រប់គ្រាន់ដែលអាចឱ្យពួកគេអភិវឌ្ឍន៍ផ្នែករាងកាយយឺត។
២. ពួកគេអាចនឹងញៀនជាមួយការលេងទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិច៖ ដោយមិនអាចដកឃ្លាពីទូរស័ព្ទបាន វាអាចប៉ះពាល់ដល់ការធ្វើសកម្មភាពផ្សេងៗ ការទំនាក់ទំនងជាមួយឪពុកម្ដាយ និងអ្នកជុំវិញ។ ពួកគេបាត់បង់នូវចំណង់ ឬធុញនឹងការអានសៀវភៅ លេងកីឡា ធ្វើចលនា លេងតុក្កតា ឬប្រដាប់លេងជាដើម។ លើសពីនេះ ពួកគេនឹងរឭក ឬនឹកឃើញតែហ្គេម ការកំសាន្ត ឬមាតិកាដែលពួកគេបានមើល ដែលអាចធ្វើឱ្យខួរក្បាលរបស់ពួកគេមិនអាចសម្រាកបានទេ។
៣. ពួកគេងាយនឹងមានបញ្ហាសុខភាពផ្សេងៗ៖ ការសម្លឹងមើលទូរស័ព្ទ និងគ្រឿងប្រើប្រាស់អេឡិចត្រូនិចដែលជះពន្លឺមកមុខរយៈពេលយូរអាចធ្វើឱ្យស្រវាំងភ្នែក រោយភ្នែក ម្ញ៉ូប ឈឺក្បាល។ លើសពីនេះ ពួកគេមិនអាចចំណាយពេលបញ្ចេញសកម្មភាព លេងកីឡា ដែលអាចធ្វើឱ្យមានការវិវត្តទៅរកការរួយខ្នង ក និងបញ្ហាសាច់ដុំ និងឆ្អឹង។ ពួកគេក៏អាចប្រឈមនឹងបញ្ហាអារម្មណ៍តានតឹង ស្ត្រេស មិនសប្បាយចិត្ត នៅពេលដែលមិនបានលេងទូរស័ព្ទ។
ដើម្បីដោះស្រាយនូវបញ្ហានេះ ម៉ាក់ប៉ាគួរតែជំនួសការឱ្យកូនលេងទូរស័ព្ទដោយការចំណាយពេលលេងជាមួយពួកគេ និយាយជាមួយពួកគេឱ្យបានច្រើនជាងមុន ដោយត្រូវកាត់បន្ថយរយៈពេលកូនលេងទូរស័ព្ទម្ដងបន្ដិចៗ ហើយត្រូវកំណត់កាលវិភាគពេលដែលត្រូវលេង និងពេលដែលត្រូវធ្វើសកម្មភាពផ្សេងៗ។ មួយវិញទៀត ត្រូវព្យាយាមផ្លាស់ប្ដូរមាតិកាដែលកូនៗមើល ឱ្យចាកផុតពីហ្គេម ឬមាតិកាដែលមិនល្អ មកជាមាតិកាដែលមានប្រយោជន៍សម្រាប់កូនវិញ។
ប្រភព៖

សម្របសម្រួលដោយ៖ ឱសថការី ឈាង សីហាក់ និង ឱសថការី លីណ្ណា ជិញជិញ
© រក្សាសិទ្ធិដោយ thmeythmey.com