ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យផ្សាយគោលនយោបាយដល់ពលរដ្ឋ ឱ្យផុសផុល និងចំគោលដៅ
14, Nov 2023 , 11:01 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបពី STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្សាយពីកម្មវិធីរបបសន្តិសុខសង្គម និងវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដល់ពលរដ្ឋឱ្យយល់ច្បាស់ ដើម្បីពួកគេទទួលបានអត្ថប្រយោជន៍ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សេដ្ឋកិច្ច។

 
ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្មវិធីនេះ នឹងជួយឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញច្បាស់លាស់ និងជួយឱ្យជីវភាពប្រសើរឡើង ប្រកបដោយចីរភាព ។ ជាពិសេសចាកផុតពីភាពក្រីក្រ តាមរយៈការបង្កើតមុខរបរ នៃជំនាញវីជ្ជាជីវៈនីមួយៗ។ ក្រៅពីកាត់បន្ថយភាពក្រីក្រ វាក៏ជួយដល់ចង្វាក់ផលិតកម្ម និងកំណើនសេដ្ឋកិច្ច ដោយសារធនធាន និងសក្ដានុពលកម្មករជំនាញទៀតផង។
 
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ថ្ងៃទី១៤ ខែវិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖ «ប៉ុន្តែអ្វីដែលនាំឱ្យមានការចូលរួមដោយស្ម័គ្រចិត្តបានច្រើន ទី១ ត្រូវការផ្សាព្វផ្សាយឱ្យដឹងច្បាស់ ឱ្យបានល្អ បង្ហាញឱ្យគាត់ឃើញ ឱ្យគាត់មក, ទី២ ត្រូវអនុវត្តឱ្យបានគត់មត់ ឱ្យចំគោលដៅ…»។ 
 
ដោយឡែកក្រសួងការងារ និងប​ណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា ត្រូវមានតួនាទី ផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងពីកម្មវិធីនេះ រួមទាំងបង្កើតភាពងាយស្រួយក្នុងការចុះឈ្មោះចូលរៀន និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស។ លើសពីនេះ ក្រសួងការងារ ត្រូវរៀបចំឱ្យការសិក្សាជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ដំណើរការដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។ នេះបើតាមនាយករដ្ឋមន្ត្រី។
 
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ នឹងបញ្ជ្រាបដល់ក្រុមគោលដៅយុវជន​មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ សម្ដេច ហ៊ុន ម៉ាណែត បានប្រៀបធៀបកម្មវិធីនេះ ទៅជាយុទ្ធសាស្រ្តឱ្យយុវជនក្រុមគោលដៅទាំងនោះ ចេះស្ទូចត្រីដោយខ្លួនឯង ។ 

© រក្សាសិទ្ធិដោយ thmeythmey.com