ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ផ្ញើសារទៅដៃគូអភិវឌ្ឍន៍ ឱ្យបញ្ឈប់បំណងជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា តាមរយៈផ្ដល់ជំនួយ
15, Nov 2023 , 3:37 pm        
រូបភាព
សម្ដេច ហ៊ុន សែន បានផ្ញើសារទៅកាន់ដៃគូអភិវឌ្ឍន៍នានា ដែលប៉ុនប៉ងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះ ត្រូវបញ្ឈប់សកម្មភាពខ្លួន។ ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ នៅក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា។



«សូមកុំចាំបាត់សន្តិភាព ទើបស្វែងរកសន្តិភាព»។ សម្ដេច ហ៊ុន សែន ផ្ដាំផ្ញើទៅកាន់សមាជិក សមាជិកា និងមន្រ្តីបក្សប្រជាជនទាំងអស់ ត្រូវក្ដាប់ឱ្យជាប់នូវសន្តិភាព។ ប្រមុខបក្សកាន់អំណាច ផ្ដាំមន្ត្រីបក្សបែបនេះ ក្រោយឃើញសភាពការណ៍នៅលើពិភពលោក កំពុងផ្ទុះសង្គ្រាមគ្រប់ទីកន្លែង ដូចជា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន , សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ ប៉ាឡេស្ទីន ជាដើម។
 
ទន្ទឹមនឹងនេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលមានបទពិសោធន៍ដឹកនាំរដ្ឋាភិបាលជាង៣៨ឆ្នាំ បានក្រើនរំឭកទៅកាន់ដៃគូអភិឌ្ឍន៍ ដែលធ្លាប់មានបំណងចង់លូកដៃចូលការដឹកនាំរដ្ឋាភិបាលនោះ ឱ្យបញ្ឈប់សកម្មភាព។
 
«ការប៉ុនប៉ង ដើម្បីបង្កអស្ថេរភាពក្នុងប្រទេសយើង នៅតែមាន តាមរយៈបដិវត្តព័ណ៌។ ខ្ញុំក៏សូមបញ្ជូនសារពីទីនេះ ទៅកាន់ដៃគូអភិវឌ្ឍន៍របស់យើង សូមមេត្តាបញ្ឈប់នូវការជ្រៀតជ្រែក តាមរយៈការប្រើប្រាស់ជំនួយរបស់ខ្លួន ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីបង្កអស្ថេរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលសង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងនោះ នឹងយល់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថេរភាពរបស់ខ្លួន។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com