ជាតិ
អ្នកលក់ដូរតាមដងផ្លូវ ចង់បានការគាំពារមាតុភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធន
15, Nov 2023 , 6:59 pm        
រូបភាព
ក្រុមអ្នកលក់ដូរតាមដងផ្លូវ និងសង្គមស៊ីវិល រួមគ្នារៀបចំទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ  លើកទី១១។ រូបពី អុកស្វាម
ក្រុមអ្នកលក់ដូរតាមដងផ្លូវ និងសង្គមស៊ីវិល រួមគ្នារៀបចំទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ លើកទី១១។ រូបពី អុកស្វាម
ភ្នំពេញ៖ អ្នកស្រី ចាប ចិន្ដា អាជីវករលក់ចំណីអាហារចល័ត នៅខណ្ឌដូនពេញ ចង់បានការគាំពារសង្គមពេញលេញ ដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធ ខណៈក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានត្រឹមផ្នែកថែទាំសុខភាព តាមរយៈ បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។

 
អាជីវករលក់ចំណីអាហារចល័តនៅខណ្ឌដូនពេញរូបនេះ ពិតជារីករាយណាស់ ដែលទទួលបានបណ្ណ ប.ស.ស.។ តាមរយៈបណ្ណនេះ លោកស្រី ចាប ចិន្តា ត្រូវបង់វិភាគទាន ១៥៦០០រៀល សម្រាប់ទទួលបានសេវាថែទាំសុខភាព។ 
 
អ្នកស្រី ចាប ចិន្តា ដែលបានចូលរួមកម្មវិធីប្រារព្ធទិវាអន្តរជាតិអ្នកលក់ដូរ តាមដងផ្លូវលើកទី១១ ក្រោមប្រធានបទ «ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមផ្លូវនៅកម្ពុជា» នៅសណ្ឋាគារភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ដែលរៀបចំឡើងដោយអង្គការអុកស្វាមប្រចាំកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាននិយាយថា៖«តែអីដែលខ្ញុំចង់បានពីបណ្ណនោះបន្ថែម គឺអាចគ្របដណ្តប់របបគាំពារសង្គមពេញលេញ ដូចអ្នកប្រកបមុខរបរក្នុងប្រព័ន្ធដែរ​ ដូចជា គាំពារមាតុភាព គ្រោះថ្នាក់ការងារ និងសោធន កាន់តែប្រសើរ»។
 
កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរសាទរដល់ទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ទូទាំងពិភពលោក និងពង្រីកវិសាលភាពប្រព័ន្ធគាំពារសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា។ វេទិកានេះ ក៏សម្រាប់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ចូលរួមពិភាក្សា ចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈម។ 
 
ទាក់ទិននឹងអ្នកលក់ដូរតាមដងផ្លូវនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកក្រុមនេះ ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ។ «ដូច្នេះយើងស្នើសុំរាជរដ្ឋាភិបាលបន្ត និងពង្រឹងការគាំពារដល់អ្នកលក់ដូរតាមដងផ្លូវឱ្យបានពេញលេញ ជាពិសេសស្ត្រី មិនត្រូវទុកចោលជាដាច់ខាត»។ នេះបើតាមលោក វន់ ពៅ។
 
បើតាមលោក ពៅ សមាគម  IDEA នឹងបន្តចងក្រងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងធ្វើយុទ្ធនាការគាំពារសង្គមជាមួយអ្នកលក់ដូរតាមដងផ្លូវ ដើម្បីទទួលបានប្រព័ន្ធគាំពារសង្គម និងជីវភាពឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ន IDEA បានចងក្រងអ្នកលក់ដូរតាមដងផ្លូវបាន២២​ក្រុម ដែលមានសមាជិក២៩៩៤​នាក់ ។ ក្នុងនោះអ្នកលក់ដូរជាស្រ្តី ២៣៧៨​នាក់ ដែលពួកគេជាអ្នករស់នៅរាជធានីភ្នំពេញ​ និងខេត្តចំនួន៦ទៀត។ 
 
រីឯ អង្គការអុកស្វាម ក៏កំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីជួយឱ្យសេដ្ឋកិច្ចរបស់កម្មករដែលងាយរងគ្រោះ មានស្ថានភាពរឹងមាំ។ លោកស្រី ភាណ សោភ័ណ នាយិការបស់អង្គការអុកស្វាមប្រចាំកម្ពុជា បានអំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនការទទួលស្គាល់ផ្លូវច្បាប់ និងការការពារសុខុមាលភាព ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសស្ត្រី។ ក្នុងនាមជាតំណាងអង្គការអុកស្វាម លោកស្រី សោភ័ណ ប្តេជ្ញាបន្តការងារជាមួយរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ក្នុងការលើកកម្ពស់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។ 
 
សូមជម្រាបថា អ្នកលក់ដូរតាមដងផ្លូវ គឺជាកំលាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ ដែលបានចូលរួមចំណែក ក្នុងការបង្កើនសេដ្ឋកិច្ចជាតិដ៏សំខាន់ និងបានស្រូបយកកំលាំងពលកម្មទូទាំងប្រទេស ជាពិសេសបានកាត់បន្ថយការចំណាកស្រុក ដោយប្រថុយប្រថាន។ អ្នកលក់ដូរតាមដងផ្លូវ ក៏ដូចជាកម្មករដទៃដែរ អាចមានសិទ្ធិទទួលបានការគាំពារសង្គមដ៏ពេញលេញ៕ 

Tag:
 សេដ្ឋកច្ចក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com