ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខបក្សកាន់អំណាច ផ្ដាំមន្រ្តីឱ្យការពាររបបរាជានិយម ឱ្យគង់វង្ស
15, Nov 2023 , 8:19 pm        
រូបភាព
សម្ដេច ហ៊ុន សែន ផ្ដាំមន្រ្តីបក្សប្រជាជនកម្ពុជា ឱ្យការពាររបបរាជានិយម ឱ្យគង់វង្ស។ ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងបែបនេះ នៅក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ វិច្ឆិកា។



អតីតនាយករដ្ឋមន្រ្តី នៅតែបន្តព្រមានចំពោះបុគ្គលណា ដែលហ៊ានប្រើប្រាស់ពាក្យសម្តីប្រមាថលើ ព្រះមហាក្សត្រ ។ បើតាមសម្ដេច ហ៊ុន សែន បុគ្គលណា ដែលប្រមាថព្រះមហាក្សត្រ នឹងមិនអាចគេចផុតពីសំណាញ់ច្បាប់។
 
ជាមួយគ្នានេះ ប្រមុខបក្សប្រជាជនកម្ពុជា បានផ្ដាំមន្រ្តីឱ្យការពាររបបរាជានិយម ឱ្យគង់វង្ស។ «អំពាវនាវចំពោះជនរួមជាតិ ប្ដេជ្ញាការពារឱ្យខាងតែបាននូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជបល្ល័ង ការពារព្រះមហាក្សត្ររបស់យើង»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
សម្ដេច ហ៊ុន សែន ក៏ជំរុញឱ្យរណសិរ្សសាមគ្គីបក្សខ្លួន ប្រឹងប្រែងពង្រឹង និងពង្រីករចនាចាត់តាំងថ្មី សមត្ថភាពគ្រប់គ្រង និងដឹកនាំការងារ ដើម្បីវឌ្ឍនភាព និងការអភិវឌ្ឍ។ រណសិរ្យសាមគ្គី ត្រូវចុះប្រមូល និងអប់រំ ពន្យល់ពីនយោបាយរដ្ឋាភិបាល។ ជាពិសេសទប់ស្កាត់សកម្មភាពនានា ដែលនាំដល់ការបំបែកបំបាក់ជាតិ និងបំផុសចលនាជាតិ ប្រឆាំងគំនិតជ្រុលនិយមគ្រប់ទម្រង់។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាសប៉ាឡេស្ទីន គឺកើតចេញនយោបាយជ្រុលនិយម ហើយនៅកម្ពុជា ក៏អាចកើតមានដោយសារមនុស្សមួយក្រុមតូច ដែលមានមេដឹកនាំពីក្រោយ នៅក្រៅប្រទេសដែរ។ ដូច្នេះសម្ដេច ផ្ដាំឱ្យមន្រ្តីទាំងអស់ តាមដាន និងទប់ស្កាត់សកម្មភាពនយោបាយជ្រុលនិយមនេះ។ បើតាមសម្ដេច ហ៊ុន សែន នយោបាយគំនិតជ្រុលនិយម គឺពិតជាគ្រោះថ្នាក់ ដែលត្រូវការលុបបំបាត់ចោល ។ 
 
ផ្ញើសារទាំងនេះហើយ សម្ដេច ហ៊ុន សែន បកស្រាយវិញថា សម្តីរបស់សម្ដេចនេះ មិនមែនជាការបញ្ជា ក្នុងនាមនាយករដ្ឋមន្រ្តីដូចមុនទេ តែជាសម្តី និងជាការដាក់ចេញគោលនយោបាយបក្ស ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com