សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃបង្កើនផែនការនាំចេញអង្ករឲ្យបាន​៨,៥លានតោនក្នុងឆ្នាំ២០២៣
15, Nov 2023 , 8:59 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ថៃបានបង្កើនផែនការនាំចេញអង្ករឲ្យបាន ៨,៥លានតោនក្នុងឆ្នាំ២០២៣ ដោយសារវៀតណាមដែលដៃគូប្រកួតប្រជែង កំពុងនាំចេញអង្ករក្នុងតម្លៃខ្ពស់ជាង។

 
ថៃបានប្តេជ្ញាបង្កើនការនាំចេញអង្កររបស់ខ្លួនសម្រាប់ឆ្នាំនេះឲ្យដល់៨,៥ លានតោន។ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបាននិយាយបែបនេះនៅថ្ងៃ១៥ ខែវិច្ឆិកា ខណៈដែលតម្លៃអង្ករពីដៃគូប្រកួតប្រជែងដូចជាវៀតណាមកំពុងកើនឡើង។
 
លោក Chookiat Ophaswongse ​ប្រាប់ Reuters ថា ​​អង្ករ​វៀតណាម​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​កំពុង​បង្កើន​ការ​បញ្ជា​ទិញ​អង្ករពី​ថៃ​។
 
អង្ករ​ថៃ​​លក់បានក្នុងតម្លៃ​ចន្លោះ៥៥០ទៅ៥៥៥ ដុល្លារ​ក្នុង​មួយ​តោន ខណៈ​អង្ករ​វៀតណាម​លក់បាន​ប្រហែល ៦៣០ដុល្លារក្នុងមួយតោន។ ថៃ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​២ ​របស់​ពិភពលោក​បន្ទាប់​ពី​ឥណ្ឌា។ រដ្ឋាភិបាល​ថៃធ្លាប់​បាន​ព្យាករ​ថា ​ការ​នាំ​ចេញ​អង្កររបស់ខ្លួននៅឆ្នាំនេះមានប្រមាណ៨ លាន​តោនប៉ុណ្ណោះ។
 
លោក Chookiwat បានលើកឡើងថា ផលិតកម្មស្រូវរបស់ថៃនៅឆ្នាំនេះ រងផលប៉ះពាល់តិចតួចពីបាតុភូតអាកាសធាតុ El Nino ដោយរំពឹងទទួលបានទិន្នផលចន្លោះពី៣៣ទៅ៣៤លានតោន ដែលកើនឡើង ២លានតោនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
 
រយៈពេល៩ខែឆ្នាំនេះ ថៃលក់អង្ករបានចំនួន ៦,០៨លានតោន ដែលកើន១២ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។ 
 
យ៉ាង​ណាមិញ​ លោក Chookiwat ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅឆ្នាំក្រោយនឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម៧,៥លាន​តោន ដោយ​សារ​​ឥណ្ឌាបាន​បន្ធូរ​បន្ថយ​បម្រាម​នាំ​ចេញអង្ករមកវិញ ៕ 

Tag:
 អង្ករ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com