ជាតិ
ជប៉ុនផ្ដល់ជំនួយឥតសំណងជាង៤០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីស្ដារប្រព័ន្ធធារាសាស្រ្តនិងសង់ស្ពាន
15, Nov 2023 , 9:29 pm        
រូបភាព
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ រវាងតំណាងរដ្ឋាភិបាលជប៉ុន និងតំណាងរដ្ឋាភិបាលកម្ពុជា។ រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិ រវាងតំណាងរដ្ឋាភិបាលជប៉ុន និងតំណាងរដ្ឋាភិបាលកម្ពុជា។ រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៤២ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីស្ដារប្រព័ន្ធធារាសាស្រ្ត នៅខេត្តឧត្ដរមានជ័យ និងសាងសង់ស្ពានពីរកន្លែង ក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង។



សម្រាប់ គម្រោងទី១ មានទំហំ១១៩,៤២៤ ដុល្លារ ផ្ដល់ទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ ដើម្បីគាំទ្រដល់ការស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ។ ការធ្វើឱ្យប្រសើរនូប្រព័ន្ធទឹកនេះ នឹងរួមចំណែកធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម ព្រមទាំងកែលម្អកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ។
 
គម្រោងទី២ រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកា១៣៧,២០៧ ដុល្លារ ទៅកាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយកន្លែង ជំនួសឱ្យស្ពានបច្ចុប្បន្នដែលមានសភាពទ្រុឌទ្រោមខ្លាំង។ ជាការរំពឹង គម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋមូលដ្ឋាន១ម៉ឺននាក់ តាមរយៈការផ្តល់លទ្ធភាពក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងការដឹកជញ្ជូនកសិផលបានពេញមួយឆ្នាំ។
 
ចំណែក គម្រោងទី៣ ត្រូវបានផ្ដល់ទៅឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងកញ្ចប់ថវិកា១៦៨,២៧៦ ដុល្លារ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយកន្លែង។ ស្ពាននេះ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងធានាបាននូវផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាព ទាំងទៅ សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។
 
ជំនួយនេះ ត្រូវបានចុះហត្ថលេខាផ្ដល់ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន​ប្រចាំកម្ពុជា ជាមួយនឹង លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ, លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែវិច្ឆិកា។ 
 
លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុន​ប្រចាំកម្ពុជា មើលឃើញថា ប្រទេសកម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ តែយ៉ាងណា លោកក៏ទទួលស្គាល់ថា វានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ ក្នុងន័យនេះ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងគម្រោង«គូសាណូណិ» ផងដែរ។
 
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានជំនួយឥតសំណងខ្នាតធំ និងគម្រោងឥណទានផ្សេងៗដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១មក។ បច្ចុប្បន្ន ជប៉ុនកំពុងអនុវត្តគម្រោង «គូសាណូណិនៅកម្ពុជា» ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។
 
គូសាណូណិ មានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ នៅក្នុងរយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានចូលរួមចំណែកក្នុងគម្រោង៦៨៤ នៅទូទាំងប្រទេសកម្ពុជា៕
 

Tag:
 រដ្ឋាភិបាលជប៉ុន
  គូសាណូណិ
  តានិណៃ អ៊ិឈិតុម៉ុ
© រក្សាសិទ្ធិដោយ thmeythmey.com