កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងជួយអាហ្សង់ទីនប្រកួតជម្រុះ World Cup ទោះចូលទីលានតិចតួច នៅ១ខែចុងក្រោយ
× Lionel Messi នៅតែមានវត្តមានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ត្រៀមសម្រាប់ការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមអ៊ុយរូហ្កាយ និង ប្រេស៊ីល។ នេះជាការអះអាងរបស់គ្រូបង្វឹកលោក Lionel Scaloni បើទោះប្រធានក្រុមរូបនេះមិនបានបង្ហាញខ្លួនគ្រប់គ្រាន់ក្នុងទីលានរយៈពេលជិត ១ខែចុងក្រោយ ចាប់តាំងពីក្រុម Inter Miami បានធ្លាក់ចេញពីការប្រជែងពានរង្វាន់ Major League Soccer វគ្គ Playoffs។
«Messi គឺមិនមានអ្វីនោះទេ គេកំពុងធ្វើបានយ៉ាងល្អ បើទោះជាគេមិនបានលេងការប្រកួតណាមួយក្នុងរយៈពេល ២៥ថ្ងៃ តែគេធ្វើបានល្អនៅក្នុងការហ្វឹកហាត់ជាធម្មតា រូបគេមានភាពពេញលេញល្អសម្រាប់ការប្រកួត។»។ លោក Scaloni បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
ក្រុម Inter Miami បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ MLS វគ្គ Playoffs ហើយខ្សែប្រយុទ្ធប្រធានក្រុមអាហ្សង់ទីនក៏ខកខានបង្ហាញខ្លួនក្នុងការប្រកួតរយៈពេលជាង ១ខែ ចំពោះពាក់កណ្តាលរដូវកាល ២០២៣-២៤។
អាហ្សង់ទីននឹងត្រូវជួបតទល់នឹងក្រុមអ៊ុយរូហ្កាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា មុនពេលទៅប៉ះជាមួយនឹងជើងខ្លាំងប្រេស៊ីល នៅ ៥ថ្ងៃបន្ទាប់ នៃវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។
ការប្រកួតចុងក្រោយរបស់កីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ កើតឡើងកាលពីថ្ងៃទី២១ ខែតុលា ជាមួយនឹងក្រុម Inter Miami ទល់នឹងក្រុម Chalotte FC ដោយចាញ់ក្នុងលទ្ធផល ១-០។ Messi បានជួយ Miami ឈ្នះពានរង្វាន់ League Cup ដែលជាការប្រជែងរវាងក្រុមមកពីលីគកំពូលប្រទេសម៉ិកស៊ិក Liga MX ទល់នឹងក្រុមមកពីលីគ MLS។
Messi អំឡុងការវិលត្រឡប់មកជួយអាហ្សង់ទីនក្រោយជាពីរបួសជាង ១ខែ គេបានស៊ុតបាលចូលទី ២គ្រាប់ នៅក្នុងជំនួបយកឈ្នះលើក្រុមប៉េរូ លទ្ធផល ២-០។
បច្ចុប្បន្នក្រុមអាហ្សង់ទីននៅតែជាក្រុមស្ថិតនៅកំពូលតារាង របស់ទ្វីប CONMEBOL ដោយឆ្លងកាត់ ៤ប្រកួត រកបាន ១២ពិន្ទុពេញ ខណៈដែលក្រុមអ៊ុយរូហ្កាយជាក្រុមលេខ ២ មានចំនួន ៧ពិន្ទុក្នុងដៃ ហើយប្រេស៊ីលជាក្រុមចំណាត់ថ្នាក់លេខ ៣។ អាហ្សង់ទីននៅតែបន្តភាពខ្លាំងរបស់ខ្លួនចាប់តាំងពីឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតារួចមក៕
Tag:
Lionel Messi
អាហ្សង់ទីន
World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com