ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំព្រលានយន្តហោះសៀមរាបអង្គរ ទៅជាទីតាំងទេសចរណ៍ផលិតផល
16, Nov 2023 , 3:29 pm        
រូបភាព
បំណងបង្កើតព្រលានយន្តហោះសៀមរាបអង្គរ បានសម្រេចហើយ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នោះទេ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលជំរុញឱ្យទាញប្រយោជន៍ពីព្រលានយន្តហោះសៀមរាបអង្គរ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ។



ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ព្រលានយន្តហោះនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពល​ សម្រាប់​វិស័យទេសចរណ៍ខេត្តសៀមរាប និងជាផលប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ច​ នៅទូទាំងប្រទេស។
 
ដោយមើលឃើញសារៈសំខាន់នៃទីតាំងអាកាសយានដ្ឋានដ៏ទំនើបមួយនេះ ប្រមុខរដ្ឋាភិបាល បានណែនាំឱ្យមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់រៀបចំតំបន់ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកខេត្តសៀមរាប ដើម្បីអភិវឌ្ឍន៍ខេត្តប្រាសាទបុរាណនេះ ឱ្យរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបង្ហើបពីគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ខេត្តសៀមរាប ជាពិសេសទៅកាន់ខេត្តផ្សេងៗក្នុងប្រទេសថៃ និងប្រទេសផ្សេងៗទៀតផងដែរ។
 
ក្រៅពីការផ្ដល់សេវា និងបដិសណ្ឋារកិច្ចល្អនោះ លោកនាយករដ្ឋមន្រ្តី ក៏ជំរុញឱ្យរៀបចំព្រលានយន្តហោះសៀមរាបអង្គរ ទៅជាកន្លែងទេសចរណ៍ផលិតផលទៀតផង។ បើតាមសម្ដេច ហ៊ុន ម៉ាណែត ប្រទេសលើពិភពលោក បានអភិវឌ្ឍន៍ព្រលានយន្តហោះ ទៅជាកន្លែងបង្ហាញផលិតផលក្នុងស្រុក និងក្រៅស្រុកអស់ហើយ។
 
អាកាសយានអន្តរជាតិសៀមរាបអង្គរ ស្ថិតលើផ្ទៃដី៧០០ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង។ ព្រលានអន្តរជាតិមួយនេះ មានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។ នេះជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
 
ដើមឡើយគម្រោងសាងសង់ព្រលាននេះ មានចម្ងាយជាង៥គីឡូម៉ែត ពីតំបន់អង្គរ ប៉ុន្តែពិភាក្សាគ្នាយ៉ាងលម្អិតនោះ ទើបរដ្ឋាភិបាលសម្រេចរុញទៅសាងសងចម្ងាយ៥០គីឡូម៉ែតវិញ។ សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការសាងសង់ព្រលានយន្តហោះ ឆ្ងាយពីតំបន់អង្គរនេះ គឺត្រូវគិតគូរលើការអភិវឌ្ឍ និងការអភិរក្សជាមួយគ្នា ព្រោះតំបន់អង្គរ ជាទីក្រុងបុរាណ ដែលបានចុះក្នុងបញ្ជីយូណេស្កូ។ ដូច្នេះរាល់ការធ្វើទំនើបកម្មនានា ត្រូវមានការប្រុងប្រយ័ត្ន។
 
តែយ៉ាងណាប្រមុខរដ្ឋាភិបាល រំពឹងទុកថា ទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ នឹងស្ថិតនៅចំណុចកណ្ដាលវិញ នារយៈពេល១០ឆ្នាំខាងមុខ តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ នៅក្នុងខេត្តសៀមរាប ។
 
ចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២០ ការសាងសង់បានបញ្ចប់កាលពីចុងខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Angkor International Airport Investment (AIAI) ជាអ្នកទទួលបន្ទុកសាងសង់ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគក្រោមទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ ពោលគឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com