ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់ខ្លួនចិន២នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដើម្បីជំរិតទារប្រាក់ 
ជនសង្ស័យជនជាតិចិន ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការបង្ខាំងមនុស្ស។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
×![]()
ភ្នំពេញ៖ ជនសង្ស័យជាបុរសជនជាតិចិន២រូប ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ហើយជំរិតទារប្រាក់ពីជនរងគ្រោះ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចអះអាងថា កាលពីថ្ងៃទី២ វិច្ឆិកា ជនសង្ស័យជាជនជាតិចិនមានគ្នា៣នាក់ បានជិះរថយន្ត ដោយមានកាំភ្លើងខ្លីក្នុងដៃ២ដើម ចុះចាប់ជនរងគ្រោះចូលក្នុងឡាន ខណៈពេលជនរងគ្រោះ ចេញពីកន្លែងបរិភោគអាហារមួយកន្លែង នៅចំណុចបុរីញូវថោន នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យទាំងនោះ ឃុំឃាំងជនរងគ្រោះ ហើយទារប្រាក់៦៤០០ដុល្លារ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញបានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ ក៏ចុះទៅបង្ក្រាប នៅចំណុចកែងផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៤ វិច្ឆិកា។
ប្រតិបត្តិការនេះ កងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយរឹបអូស បានរថយន្តពីរគ្រឿង ទូរសព្ទ័ដៃ៥គ្រឿង ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ា របាំងមុខជ័រកែច្នៃ ច្រវ៉ាក់ដែក និងស្លាកលេខរថយន្តមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់បាន ត្រូវកម្លាំងជំនាញការៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តចាត់ការតាមនីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com