ជាតិ
​​ភាគីពាក់ព័ន្ធប្តេជ្ញាជួយកម្ពុជា ក្នុងការធ្វើអន្តរកាលថាមពលស្អាត​ និងការបង្កើនសន្តិសុខថាម​ពល
16, Nov 2023 , 8:59 pm        
រូបភាព
ភ្នំពេញ៖ តំណាងរដ្ឋាភិបាលអូស្ត្រាលី នូវែសេឡង់ ​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញការគាំទ្រកម្ពុជា ក្នុងការធ្វើអន្តរកាលថាមពលស្អាត និង​ការបង្កើនជំរុជាសនិងអង្គការ EnergyLab  សុទ្ធតែអះអាងស្រដៀងគ្នាថា ថាមពលស្អាត នឹងចូលរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ នៅក្នុងពិធីបើកសម្ពោធសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ​នៅថ្ងៃទី១៦ខែវិច្ឆិកានេះ ភាគីពាក់ព័ន្ធ ក៏ប្តេជ្ញាចិត្តក្នុងការជ្រោមជ្រែងកម្ពុជា នៅក្នុងដំណើរអន្តរកាលថាមពលស្អាត និងការឆ្ពោះទៅនិងអនាគតបៃតងផងដែរ។ ​

កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីនានាពាក់ព័ន្ធនឹងថាមពលស្អាត នឹងត្រូវ​រៀបចំឡើង រយៈពេល​មួយសប្តាហ៍នៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២៣ វិច្ឆិកា។ ទាំងនេះ ជាសកម្មភាពរបស់សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ ដែលត្រូវបានបើកសម្ពោធ នៅថ្ងៃទី១៦ វិច្ឆិកានេះ ​ នៅសណ្ឋាគារ Raffle Le Royal ក្រោមប្រធានបទ​ ​«សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។ 
 
សកម្មភាពនានាដែលរៀបចំឡើងក្នុង សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីថាមពលស្អាត ​បង្ហាញពីការ​ច្នៃប្រតិដ្ឋ ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាប័ន្ននៃថាមពលស្អាត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹង​ក្នុងចំណោមសាធារណជន។ 
 
លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការ EnergyLab បានថ្លែងនៅក្នុងពិធីសម្ពោធសប្តាហ៍ថាមពលស្អាត២០២៣ បានបង្ហាញក្តីសង្ឃឹមថាព្រឹត្តិការណ៍នេះ នឹងរួមចំណែក​គាំទ្រដល់កិច្ចប្រឹងប្រែង​បង្កើនសន្តិសុខថាមពលរបស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ការបង្កើនថាមពលកកើតឡើងវិញអថេរ និងថាមពលសូឡា។ 
 

 
លោក ចាសស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលី ប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការ​ចែករំលែកបទពិសោធន៍របស់យើងក្នុងការរួមបញ្ចូលថាមពលកកើតឡើងវិញ ដើម្បីជួយកម្ពុជាសម្រេចបានលទ្ធផលដូចការរំពឹងទុក។ 
 

 
លោក វ៉ាយអេត បន្ថែមថា៖«តាមរយៈភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPPED)  អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុចា អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត លើការរួមបញ្ចូលថាមពលកកើតឡើង​វិញ។ CAPPED ក៏កំពុងអនុវត្តគម្រោងដែលជួយឱ្យប្រជាជន​នៅតំបន់ដាច់ស្រយាល មានលទ្ធភាព​ភ្ជាប់ទៅប្រព័ន្ធថាមពលសូឡា ដែលមិនភ្ជាប់នឹងបណ្តាញអគ្គិសនីរដ្ឋ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីភ្សារក្រុមហ៊ុនផ្តល់សេវាថាមពល(ESCOs)។
 
លោកស្រី អាលីហ្សា ឆាកឃឺ (Alissar Chaker) អ្នកតំណាង​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា មានប្រសាសន៍ថា ការទទួលយកថាមពលស្អាត មិនមែនជាគោលជំហរមនោគមនវិជ្ជាទេ។ វាគឺជាឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់កម្ពុជា ក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។ លោកស្រី អាលីហ្សា បន្ថែម៖ «UNDP កំពុងចូលរួមលើកកម្ពស់ និងគាំទ្រដល់អន្តរថាមពលនៅក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល បញ្ញវន្ត និងស្ថាប័នឯកជន។ យើងប្តេជ្ញាជំរុញរបៀបវារៈនេះ តាមរយៈវិធីសាស្ត្ររួមបញ្ចូលគ្នា ដែលផ្តោតលើគោលនយោបាយ ការអនុវត្តរួមគ្នាសម្រាប់ការដាក់ឱ្យប្រើប្រាស់​នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ និងបច្ចេកវិទ្យាថាមពលស្អាត ការអភិវឌ្ឍសមត្ថភាព និងហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រតិដ្ឋ។»។ 
 

 
នូវែលសេឡង់ ក៏បង្ហាញការគាំទ្រកម្ពុជា ក្នុងដំណើរអន្តរកាលថាមពលស្អាតនាពេលអនាគតនេះដែរ។ លោក Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍របស់ឯកអគ្គរដ្ឋទូតនូវែសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដូចជាសប្តាហ៍ថាមពលស្អាត ផ្តល់ឱកាសដើម្បីបណ្តុះការផ្លាស់ប្តូរជាវិជ្ជមាន និងចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ។ លោក Allen ជឿជាក់ថាអ្នកពាក់ព័ន្ធទាំងអស់ នឹងធ្វើការរួមគ្នា ឆ្ពោះទៅ​រកចក្ខុវិស័យនៃអនាគតបៃតង និងនិរន្តរភាព។ 


 
សូមបញ្ជាក់ថា សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ រៀបចំឡើងដោយ អង្គការ EnergyLab កម្ពុជា ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយសហស្ថាបនិក រួមមានរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងទទួលបានមូលនិធិពីអូស្ត្រាលីតាមរយៈកម្មវិធីភាពជាដៃកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPPED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែសេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរទៅថាមពលព្រះអាទិត្យ ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក(CzDA)៕
 





 
 

Tag:
 ថាមពលស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com