អន្តរជាតិ
ជប៉ុនទទួលបានភ្ញៀវទេសចរ២,៥២លាននាក់ក្នុងខែតុលាដែលច្រើនជាងមុនផ្ទុះជំងឺកូវីដ-១៩
16, Nov 2023 , 9:29 pm        
រូបភាព
ភ្ញៀវទេសចរអន្តរជាតិទៅកាន់ជប៉ុនក្នុងខែតុលាបានលើសពីកម្រិតមុនការផ្ទុះរាលដាលជំងឺកូវីដ-១៩។ នេះបង្ហាញពីការងើបឡើងវិញវិស័យទេសចរណ៍ជប៉ុន។

 
ទិន្នន័យពីអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានបង្ហាញថា ចំនួនភ្ញៀវបរទេសដែលទៅដល់ជប៉ុនសម្រាប់អាជីវកម្ម និងការកម្សាន្តបានកើនឡើងដល់២,៥២លាននាក់កាលពីខែមុន ខណៈខែកញ្ញាមាន២,១៨លាននាក់។ 
 
ជប៉ុន បានបញ្ចប់វិធានការព្រំដែនដ៏តឹងរ៉ឹងបំផុតមួយចំនួនតាំងពីខែតុលា ឆ្នាំ២០២២ ហើយបានបន្តលុបចោលការគ្រប់គ្រង ឬរឹតបន្ដឹងដែលនៅសល់ទាំងអស់នៅក្នុងខែឧសភា ឆ្នាំនេះ។ 
 
បើតាម JNTO តួលេខទៅដល់របស់ភ្ញៀវក្នុងខែតុលា ត្រូវបានជំរុញដោយការងើបឡើងវិញនៃជើងហោះហើរអន្តរជាតិដែលមានដល់៨០ ភាគរយនៃកម្រិតមុនជំងឺកូវីដ-១៩ ព្រមគ្នានឹងតម្រូវការខ្លាំងពីអាស៊ីអាគ្នេយ៍ អាម៉េរិកខាងជើង អឺរ៉ុប និងអូស្ត្រាលី។ អ្នកធ្វើដំណើរទៅកាណាដា ម៉ិកស៊ិក និងអាល្លឺម៉ង់ បានឡើងដល់កម្រិតខ្ពស់នៅគ្រប់ខែដែរ។
 
ទិន្នន័យរបស់ JNTO បញ្ជាក់ផងដែរថា ភ្ញៀវទេសចរជិត២០លាននាក់បានមក ដល់ជប៉ុនក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣ ធៀបនឹងកំណត់ត្រាប្រហែល៣២ លាននាក់ក្នុងឆ្នាំ២០១៩៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com