ជាតិ
សេដ្ឋកិច្ច
រដ្ឋប្រមូលពន្ធដារ បានជាង៣០០០លានដុល្លារ ក្នុងពេល១០ខែ
16, Nov 2023 , 9:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ រូបថត៖ GDT
រយៈពេល១០ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ១២ ៤២១ពាន់លានរៀល (ប្រមាណ ៣ ០៦៧លានដុល្លារ)។ ចំនួននេះស្មើនឹង ៨៥,៨៧ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ នាថ្ងៃទី១៥វិច្ឆិកា បានបញ្ជាក់ថា ក្នុងចំណោមចំណូលពន្ធដារទាំងជាង៣០០០លានដុល្លារនេះ គឺមាន៦២,៨២លានដុល្លារ ជាចំណូលដែលបានពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) របស់សហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជន(សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា) ចំនួន ៨២សហគ្រាស។​
 
ក្រៅពីចំណូលជាតិដែលសម្រេចបានខាងលើនេះ អគ្គនាយកពន្ធដារនៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ក៏បានចុះបញ្ជីសហគ្រាសជោគជ័យក្នុងចំនួន ១៣ ៤៣៣ ផងដែរ។ ក្នុងនោះ ការចុះបញ្ជីតាមថ្នាល Cam-Dx មាន ១២ ៣៤១សហគ្រាស។ 
 
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានដោះស្រាយឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ៣៦៨ ករណី និង សម្រេចលើករណីស្នើសុំអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា បាន៣៦៥ សហគ្រាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ 
 
គួររំឭកថា​ កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ៣ ៤៥៥,១១លានដុល្លារ។ ចំណូលដែលពន្ធដារសម្រេចបាននេះ គឺលើសផែនការប្រមាណ២២ភាគរយ នៃច្បាប់ប្រចាំឆ្នាំដែលកំណត់ដោយរដ្ឋាភិបាល៕ 

Tag:
 ពន្ធដារ
  លោក គង់ វិបុល​
© រក្សាសិទ្ធិដោយ thmeythmey.com