ជាតិ
អ្នកកាសែត៤៣នាក់ បានសារភាពលើករណីសុំលុយពីម្ចាស់កាស៊ីណូនៅតាកែវ
16, Nov 2023 , 6:51 pm        
រូបភាព
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
មកទល់ពេលនេះ មានអ្នកសារព័ត៌មាន៤៣នាក់ប៉ុណ្ណោះ បានសារភាព ថាខ្លួនពិតជាបានសុំប្រាក់ពីម្ចាស់កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅស្រុក​គិរី​វង់ ខេត្តតាកែវ ខណៈអ្នកកាសែតពាក់ព័ន្ធរឿងនេះមានដល់ជាង៨០០នាក់។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានចេញថ្ងៃទី១៦វិច្ឆិកា។



កាលពីដើមខែកញ្ញា ​ឆ្នាំ២០២៣​ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានប្រកាសថា មានអ្នកសារព័ត៌មានពី៦០០ទៅ៨០០នាក់ បានមកសុំប្រាក់ឬជំនួយឧបត្ថម្ភជាហូរហែ ក្នុងមួយខែៗ។ ទាក់ទិននឹងករណីនេះ ក្រសួងព័ត៌មាន ពិនិត្យឃើញ និងទទួលស្គាល់ថា ពិតជាមានករណីអ្នកសារព័ត៌មាន បានទៅសុំប្រាក់ពីកាស៊ីណូ ថបដាយអឹម៉ិន មែន។

ក្រសួងអះអាងថា៖ «មកដល់បច្ចុប្បន្ន មានអ្នកសារព័ត៌មាន៤៣រូប មកពីស្ថាប័ន-អង្គភាពចំនួន៣៤ បានចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍​ ដោយទទួលស្គាល់ថាខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន មែន»។ ចំពោះអ្នកកាសែតពាក់ព័ន្ធឯទៀត ក្រសួងព័ត៌មានបានបញ្ជាឱ្យចូលខ្លួនមកបំភ្លឺជាបន្ទាន់ មុននឹងចាត់វិធានការ។   

បើតាមក្រសួងព័ត៌មាន បញ្ជីឈ្មោះអ្នកជាប់ពាក់ព័ន្ធ លើការសុំលុយពីកាស៊ីណូនៅខេត្តតាកែវនេះ មានដល់៨២៨នាក់ ខណៈក្រុមការងារកំពុងកំណត់អត្តសញ្ញា និងស្វែងរកអង្គភាពសារព័ត៌មានរបស់អ្នកទាំងនោះ។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ថា ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឹម៉ិន ទៅផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន ឱ្យបានមុនថ្ងៃទី២០ធ្នូជាកំហិត។

«ការចាត់វិធានការនាពេលនេះ ជាផ្នែកមួយស្ថិតក្នុងក្របខណ្ឌអាទិភាព នៃទំនើបកម្មស្ថាប័នដែលក្រសួងព័ត៌មាន កំពុងយកចិត្តដាក់ អនុវត្ត ក្នុងការធានាបាននូវការគ្រប់គ្រងសណ្ដាប់ធ្នាប់នៅក្នុងវិស័យព័ត៌មាន តាមរយៈការរៀបចំនូវបទប្បញ្ញត្តិច្បាប់ និងស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ»។ អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងបែបនេះ ដោយបានបន្ថែមថា​ ៖ «វិធានការវែកមុខអ្នកប្រព្រឹត្តខុសវិជ្ជាជីវៈសារព័ត៌មាននាពេលនេះ ក្នុងគោលដៅពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ  ដើម្បីធ្វើឱ្យវិស័យសារព័ត៌មាន ក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍន៍សង្គមទាំងមូលប្រកបដោយបរិយាប័ន្ន»។

ជាមួយគ្នានេះ លោក  ទេព អស្នារិទ្ធ ក៏ស្នើសុំឱ្យភាគីកាស៊ីណូ បន្តសហការជាមួយក្រសួង ពាក់ព័ន្ធនឹងបុគ្គលណា ដែលអះអាងថាជាអ្នកសារព័ត៌មានហើយសុំប្រាក់ឧបត្ថម្ភ។ លោកបញ្ជាក់ថា ការទទួលប្រាក់ពីភាគីម្ខាងទៀត ដើម្បីចេញផ្សាយឬបិទបាំងរឿងអ្វីមួយ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន៕

© រក្សាសិទ្ធិដោយ thmeythmey.com