ជាតិ
EU និងអង្គការ FAO ប្ដេជ្ញាលើកកម្ពស់ជីវភាពប្រជានេសាទនៅតំបន់ឆ្នេរ
17, Nov 2023 , 10:23 am        
រូបភាព
រូបភាពពីFAO
រូបភាពពីFAO
ភ្នំពេញ៖ EU និងអង្គការ FAO ប្ដេជ្ញាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅតំបន់ឆ្នេរ តាមរយៈ​ការរៀបចំ​វគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធផ្នែកនេសាទ នៅខេត្ត​តំបន់ឆ្នេរ។ បើតាម​អង្គការ FAO ការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។



អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) សហការជាមួយរដ្ឋបាលជលផល រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី«ការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ» ដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធផ្នែកនេសាទនៅខេត្ត​តំបន់ឆ្នេរ។ វគ្គបណ្ដុះ​បណ្ដាល​ ដែល​មាន​រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី​១៦-១៧ វិច្ឆិកានេះ ធ្វើឡើង​ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ។
 
វគ្គបណ្តុះបណ្តាលនេះ នឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី រួម​ទាំង​ពិភាក្សាយុទ្ធសាស្រ្តនិងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO)។
  
រូបភាពពីFAO

ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ និងចិញ្ចឹមជីវិតរបស់ត្រី។ ត្រីសមុទ្រមិនអាចរស់បាន ដោយគ្មានទីជម្រកដែលសម្បូរ​ដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ច។
 
លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល បានលើក​ឡើងថា៖«ការគ្រប់គ្រងបរិមាណត្រីដែលអាចនេសាទបាន គឺចាំបាច់ដើម្បីធានាការនេសាទប្រកបដោយនិរន្តរភាព។ ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀងគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រងនិងត្រួតពិនិត្យ និងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាភាពប្រឈមទាំងនេះ»។ 
 
អនុប្រធានរដ្ឋបាលជលផលរូបនេះ ជំរុញឱ្យពង្រឹងការអនុវត្ត និងសកម្មភាពជាក់ស្ដែង ដើម្បីកាត់បន្ថយ ផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។
 
លោក ផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេសផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការ ដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព។ លើសពីនេះ វគ្គបណ្តុះបណ្តាលនេះ មានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗអនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី។​
 
សូម​បញ្ជាក់ថា រដ្ឋបាលជលផល បានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ។ បច្ចុប្បន្ន ផែនការនេះ កំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាមួយគ្នានេះ ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រកសំខាន់ៗ ដែលអាចអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើន ពីការនេសាទប្រកបដោយនិរន្តរភាពផងដែរ៕  

Tag:
 EU
  FAO
  ​​នេសាទ
  តំបន់សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com