ជាតិ
អាជ្ញាធរ បន្តចាប់បានសាច់បង្កក និងគ្រឿងសមុទ្រផ្ទុកសារធាតុគីមីហាមឃាត់ ជិត៧តោន
17, Nov 2023 , 2:10 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បន្តចាប់បានសាច់បង្កកគ្មានប្រភពច្បាស់លាស់ និងបង្គាស្រស់ផ្ទុកសារធាតុគីមីហាមឃាត់ជិត៧តោនបន្ថែមទៀត នៅថ្ងៃទី១៦ វិច្ឆិកានេះ។



តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៦ វិច្ឆិកា កម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានសហការជាមួយសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដី ចុះឆែកឆេឃ្លាំងស្ដុកសាច់បង្កកជាច្រើនកន្លែង ស្ថិតក្នុងខណ្ឌមានជ័យ ក្នុងនោះចាប់បានសាច់បង្កកគ្មានប្រភព និងឯកសារបញ្ជាក់ត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។
 
ក្នុងថ្ងៃដដែល មន្រ្តីជំនាញ ស្ទាក់ចាប់បានរថយន្តមួយគ្រឿងទៀត ដឹកបង្គាស្រស់១២៤កេស ស្មើនឹង ២,១៣០គីឡូក្រាម។ ជាលទ្ធផលរកឃើញថា បង្គាទាំងនោះមានផ្ទុកសាធារតុគីមី Formolin និងមានចាក់ចាហួយ (CMC) ដែលសារធាតុទាំង២ខាងលើនេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសច្បាប់ដែលមានចែងជាធរមាន។
 
ដោយឡែក នៅថ្ងៃទី១៥ វិច្ឆិកា ឯណោះវិញ ក.ប.ប. បានរកឃើញសាច់បង្កក និងប្រហិតហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០គីឡូក្រាម ដែលពុំបានអនុវត្តតាមលក្ខខណ្ឌតម្រូវស្ដីពីសុវត្ថិភាពម្ហូបអាហារ។
 
ផលិតផលសាច់បង្កកទាំងអស់នោះត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប.​ ជាមួយនឹងឯកសារបញ្ជាក់ឱ្យបានត្រឹមត្រូវផងដែរ។ ចំពោះ បង្គាវិញ ត្រូវបានមន្រ្តីជំនាញដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរ។ 
 
សូមបញ្ជាក់ថា ពីថ្ងៃចុងក្រោយនេះ មន្រ្តីបង្រ្កាបបានបទល្មើសសាច់សត្វ និងផលិតធ្វើពីសាច់សត្វជិត២០តោន។ ការបង្រ្កាបយ៉ាងគគ្រឹកគគ្រេងនៅពេលនេះ ធ្វើឡើងបន្ទាប់ពី សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បញ្ជាឱ្យពង្រឹងច្បាប់ហាមឃាត់សាច់បង្កក និងចំណីអាហារគ្មានគុណភាពចូលមកកម្ពុជា៕ 
 

Tag:
 សាច់បង្កក
  បង្គា
  បទល្មើសសាច់សត្វ
© រក្សាសិទ្ធិដោយ thmeythmey.com